មិនត្រឹមតែក្នុងចង្កោមយុវវ័យ តារាល្បីៗជាច្រើនរូបពេញចិត្តបទចម្រៀង «20 OUT NOW» របស់ ទេព ពិសិដ្ឋ ប៉ុណ្ណោះទេ ប៉ុន្តែបទចម្រៀងរបស់តារារ៉េបពន្លកថ្មីរូបនេះថែមទាំងឆាបឆក់បេះដូងរបស់ឯកឧត្តម ហ៊ុន ម៉ានី ទៀតផងដោយឯកឧត្តមបានចាក់ស្តាប់កម្សាន្តនៅលើរថយន្តអំឡុងពេលធ្វើដំណើរ។
ដូចមហាជនជ្រាបមកហើយថាតារាចម្រៀង ទេព ពិសិដ្ឋ ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់មហាជន រួមទាំងអ្នកក្នុងចង្កោមសិល្បៈបន្ទាប់ពីទម្លាក់បទ «20 OUT NOW» ។ បទនេះ ទេព ពិសិដ្ឋ ទទួលបានផ្លែផ្កាយ៉ាងខ្លាំងមិនថានៅលើបណ្តាញសង្គមហ្វេកប៊ុក ឬទិកតុក ភាគច្រើនគឺឮសូរតែបទនេះ ជាពិសេសការងារសិល្បៈរបស់ម្ចាស់ពានរូបនេះកាន់តែហូរចូលមិនលោះថ្ងៃទាំងបណ្តាខេត្តនិងនៅរាជធានីភ្នំពេញ។
អ្វីដែលកាន់តែចាប់អារម្មណ៍នោះ មិនត្រឹមតែមហាជនតែប៉ុណ្ណោះទេសូម្បីឯកឧត្តម ហ៊ុន ម៉ានី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាក៏ពេញចិត្តបទចម្រៀង «20 OUT NOW» របស់ ទេព ពិសិដ្ឋ ផងដែរដោយឯកឧត្តមស្តាប់កម្សាន្តស្របពេលកំពុងធ្វើដំណើរនៅលើដងវិថី។ នេះបើតាមការបង្ហោះ Story របស់ ទេព ពិសិដ្ឋ នៅថ្ងៃទី៣០ កញ្ញា នេះ។
គួរបញ្ជាក់ថា បើតាមការផ្តល់បទសម្ភាសនាពេលកន្លងមករបស់ ទេព ពិសិដ្ឋ បទ «20 OUT NOW» នេះចំណាយពេលតែមួយយប់សម្រាប់ការផលិតប៉ុន្តែលទ្ធផលលើសពីការរំពឹងទៅទៀត ខណៈបទនេះរយៈពេលជាង១ខែទទួលបានការស្តាប់ជាង៤លានដងនៅលើឆាណែលយូធូបរបស់ ទេព ពិសិដ្ឋ៕










