ប្រទេសវៀតណាម ៖ អាជ្ញាធរអគ្គិសនីវៀតណាម (Vietnam Electricity (EVN) បានស្នើសុំការអនុម័តពីរដ្ឋាភិបាល ដើម្បីពន្លឿនការនាំចូលអគ្គិសនីពីប្រទេសឡាវ ដោយសារបារម្ភខ្លាចខ្វះខាតអគ្គិសនីប្រើប្រាស់នៅតំបន់ភាគខាងជើងប្រទេស ។
អាជ្ញាធរអគ្គិសនីវៀតណាមមានគម្រោងនាំចូលអគ្គិសនីប្រមាណ២២៥មេហ្គាវ៉ាត់ពីរោងចក្រថាមពលអគ្គិសនី Nam Mo និង Houay Koauan ។ លើសពីនេះ អាជ្ញាធរអគ្គិសនីវៀតណាមបានស្នើសុំការអនុញ្ញាតតភ្ជាប់ទៅរោងចក្រថាមពលខ្យល់នៅប្រទេសឡាវ ដើម្បីបញ្ចូលក្នុងបណ្តាញអគ្គិសនីរបស់វៀតណាមផងដែរ ។
ទោះយ៉ាងណា នៅឆ្នាំ២០២៥ មិនទាន់មានរោងចក្រអគ្គិសនីថ្មីណាមួយ មានគម្រោងតភ្ជាប់បណ្តាញអគ្គិសនីនៅតំបន់ខាងជើងប្រទេសវៀតណាមនៅឡើយទេ ។ ដូច្នេះ គេបារម្ភថា វៀតណាមនឹងប្រឈមជាមួយបញ្ហាការខ្វះខាតអគ្គិសនីប្រើប្រាស់ រហូតដល់ប្រមាណ៣.៦៣០មេហ្គាវ៉ាត់នៅឆ្នាំ២០២៥ ។
អាជ្ញាធរអគ្គិសនីវៀតណាមមើលឃើញថា ការទិញអគ្គិសនីពីប្រទេសឡាវនឹងជួយសន្សំសំចៃបានច្រើន ដោយសារដើមទុនរបស់រោងចក្រថាមពលវារីអគ្គិសនី ស្មើត្រឹមតែ៦,៩៥សេនក្នុង១គីឡូវ៉ាត់ម៉ោងប៉ុណ្ណោះ ។ ដូច្នេះ វាមានតម្លៃថោកជាងតម្លៃអគ្គិសនីនៅប្រទេសវៀតណាម ។
កាលពីខែសីហា ឆ្នាំ២០២៣ នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh បានអនុម័តសំណើនាំចូលថាមពលពីប្រទេសឡាវ ចំនួន២.៦៩៨មេហ្គាវ៉ាត់រួចរាល់ហើយ ដោយអាជ្ញាធរអគ្គិសនីវៀតណាមបានចុះហត្ថលេខាលើកិច្ចសន្យាទិញ-លក់ប្រមាណ៨៣% ៕ ប្រភព ៖ AEC connect










