ទោះមមាញឹកការងារសិល្បៈយ៉ាងណាពិធីករ វី យ៉ារ៉ូ តស៊ូមិនមាត់មិនកបានរៀនចប់ថ្នាក់អនុបណ្ឌិតតាមរយៈកម្មវិធីសិក្សាអនឡាញ និងបានទៅទទួលសញ្ញាបត្រដោយផ្ទាល់នៅប្រទេសអ៊ីតាលី។ ចំពោះសមិទ្ធថ្លៃថ្លានេះ យ៉ារ៉ូ ក៏បានពោលពាក្យដ៏រំជួលចិត្តព្រោះជាង២ឆ្នាំមកនេះលោកជួបបញ្ហាច្រើនណាស់នៅក្នុងជីវិត។
នៅព្រឹកថ្ងៃទី៣០ ខែកញ្ញា ពិធីករកំលោះសង្ហា វី យ៉ារ៉ូ បានបង្ហោះរូបភាពច្រើនសនឹ្លកនៅលើបណ្តាញសង្គមជាថ្ងៃដ៏ពិសេសសម្រាប់លោកនិងគ្រួសារ ស្របពេលលោកផ្ទាល់បានទៅទទួលសញ្ញាបត្រនៅក្រៅប្រទេស។ យ៉ារ៉ូ បានរៀបរាប់ថា «ថ្ងៃនេះខ្ញុំបានទទួលសញ្ញាបត្រអនុបណ្ឌិតផ្នែក communication for business ពី Rome business school នៅទីក្រុង Rome ប្រទេសអ៊ីតាលី ដែលខ្ញុំបានរៀនតាមអនឡាញរយៈពេលជាងពីរឆ្នាំហើយ»។
លោក បន្តទៀតថា «ជាងពីរឆ្នាំហើយដែលលាក់ទុក មិនទាន់ប្រាប់ព្រោះខ្លាចប្រលងមិនជាប់ មិនជោគជ័យ ជាងពីរឆ្នាំហើយដែលគេសួរថាម៉េចខ្ញុំរាងស្ងាត់ម៉េស ហើយមិនទាន់ហ៊ានឆ្លើយប្រាប់គេ ជាងពីរឆ្នាំហើយដែលប្រឹង តស៊ូមិនហ៊ាននិយាយ ជាងពីរឆ្នាំហើយដែលធ្វើការផង រៀនផង តស៊ូជាមួយរឿងផ្ទាល់ខ្លួន និងបញ្ហាផ្លូវចិត្តជាច្រើន »។
ពិធីកររូបនេះបន្ថែមទៀតថា «ប៉ុន្តែជាងពីរឆ្នាំនេះ ខ្ញុំពិតជារៀនបានច្រើនទាំងរឿងរ៉ាវជីវិតផ្ទាល់ខ្លួនហើយក៏ រៀនច្រើនបានពីសាលាផងដែរ។ ម៉ែអើយកូនធ្វើបានហើយ អ្នកគាំទ្រខ្ញុំអើយ ខ្ញុំមិនធ្វើឱ្យអ្នកខកបំណងឡើយ កូនអ្នកចំការម្នាក់នេះមានតែពាក្យថាតស៊ូ រត់តាមក្តីស្រមៃតាំងពីក្មេងរហូតដល់ពេលនេះ នឹងបន្តទៅទៀត»។
ជាមួយក្តីរំភើបរបស់សាមីខ្លួន ងាកទៅកាន់អ្នកគាំទ្រ និងមិត្តរួមអាជីពសិល្បៈវិញក៏បង្ហាញអារម្មណ៍រំភើប និងអបអរសាទរដូចគ្នាចំពោះការខិតខំប្រឹងប្រែងរបស់ យ៉ារ៉ូ បំពេញក្តីស្រមៃខ្លួនឯងបានដោយជោគជ័យ៕










