Zealandia គឺជាទ្វីបថ្មីនៅលើពិភពលោក ដែលគេបានរកឃើញតាំងពីឆ្នាំ២០១៧ មកម៉្លេះ ។ ប៉ុន្តែក្រុមអ្នកវិទ្យាសាស្ត្រទើបតែប្រមូលផ្តុំទិន្នន័យ និងបង្កើតផែនទីរបស់ទ្វីបថ្មីនេះរួចរាល់ ដើម្បីឱ្យពិភពលោកដឹងថា ទ្វីបថ្មីមានលេខរៀងទី៨ នេះ មានផ្ទៃដីរហូតដល់៩៥% បានលិចនៅក្រោមទឹកសមុទ្រ ។
ទ្វីប Zealandia មានទំហំតូច និងស្តើងខ្លាំងណាស់ បើធៀបនឹងទ្វីបផ្សេងៗចំនួន៧ទ្វីបនៅលើពិភពលោក ។ អ្នកជំនាញលើកឡើងថា វាបានបំបែកចេញពីមហាទ្វីបបុរាណឈ្មោះ Gondwana កាលពីរាប់លានឆ្នាំមុន ។ ផ្ទៃដីរបស់ទ្វីបនេះប្រមាណពី៩៤% ដល់៩៥% គឺស្ថិតនៅក្រោមទឹកសមុទ្រ ដោយសារថ្មរវាងព្រំប្រទល់ទ្វីបផ្សេងទៀតមានអាយុកាលខុសគ្នា ទើបធ្វើឱ្យអ្នកវិទ្យាសាស្ត្រអាចបញ្ជាក់ថា វានៅដាច់ពីគ្នា ។
របាយការណ៍បានបញ្ជាក់ទៀតថា ទ្វីប Zealandia មានរូបរាងខុសធម្មតា ហើយវាមានទំហំស្តើងបែបនេះ អាចដោយសារទ្វីបអង់តាក់ទិកបានពង្រីកទំហំ រហូតដល់មានស្នាមប្រេះ ។ ដូច្នេះ វាបានធ្វើឱ្យទ្វីប Zealandia កាន់តែស្តើងជាងមុន ។
ទោះយ៉ាងណា នៅមានអាថ៌កំបាំងផ្សេងទៀតដែលអ្នកវិទ្យាសាស្ត្រពុំបានដឹង ដូចជា ហេតុអ្វីបានជាទ្វីប Zealandia មិនបំបែកចេញពីគ្នា ហើយក្លាយជាទ្វីបតូចៗ ព្រោះវាស្តើងស្រាប់ទៅហើយ ។ ប៉ុន្តែមើលទៅ ហាក់ដូចជាត្រូវចំណាយពេលយូរទៀតដើម្បីបង្ហាញពីអាថ៌កំបាំងទាំងអស់ ហើយបច្ចុប្បន្ន អ្នកវិទ្យាសាស្ត្រទើបទទួលបានជោគជ័យក្នុងដំណាក់កាលដំបូង គឺការបង្កើតផែនទីទ្វីប ។
Andy Tulloch ជាអ្នកធរណីវិទ្យាមកពី New Zealand Crown Research Institute GNS Science ប្រាប់ថា ៖ «វាពិតជាពិបាកខ្លាំងណាស់ ទម្រាំគេអាចរកឃើញទ្វីបនេះ ដោយសារវាស្ថិតនៅក្រោមទឹកសមុទ្រក្នុងជម្រៅរហូតដល់២គីឡូម៉ែត្រ ។ ការចេញទៅស្រាវជ្រាវទ្វីបបែបនេះមានការលំបាកណាស់ ព្រោះការជិះនាវាស្រាវជ្រាវក្នុងតំបន់ គឺត្រូវចំណាយពេលវេលាយូរ, ចំណាយប្រាក់ និងត្រូវព្យាយាមផងដែរ» ៕ ប្រភព ៖ chiangmai news










