វៀតណាម៖ ភ្លៀងធ្លាក់ជាបន្តបន្ទាប់ ចាប់ពីយប់ថ្ងៃទី ២៧ ខែកញ្ញា ដល់ព្រឹកថ្ងៃទី ២៨ ខែកញ្ញា បណ្តាលឱ្យផ្លូវសំខាន់ៗក្នុងរាជធានីរងការលិចទឹកយ៉ាងខ្លាំង រួមទាំងមានការកកស្ទះចរាចរណ៍ចាប់ពីម៉ោង ៧ ព្រឹក ដល់ម៉ោង ១១ ព្រឹក។ យោងតាមប្រភពព័ត៌មាន VnExpress គិតត្រឹមម៉ោង ១២ និង ៣០ នាទីនៅថ្ងៃនេះ ទឹកមិនទាន់ស្រកទាំងស្រុងទេ ហើយចរាចរណ៍នៅតែកកស្ទះ។![]()
ក្រុមហ៊ុន Hanoi Drainage Company Limited បាននិយាយថា ភ្លៀងចាប់ផ្តើមធ្លាក់ខ្លាំងនៅម៉ោង ១២:០០ យប់ ដល់ ៦:០០ ព្រឹក និងម៉ោង ៨:០០ ដល់ ៩:០០ ព្រឹកនាថ្ងៃទី ២៨ ខែកញ្ញា។ ទឹកភ្លៀងជាមធ្យមដែលបានកត់ត្រាទុកគឺ ៥០ ទៅ ១០០ មីលីម៉ែត្រ រួមផ្សំជាមួយនឹងកម្រិតទឹកខ្ពស់នៅលើប្រព័ន្ធទន្លេ និងបឹង ដែលបណ្តាលឱ្យតំបន់ជាច្រើនក្នុងទីក្រុងហាណូយ ប្រទេសវៀតណាម លិចទឹក និងពិបាកធ្វើដំណើរ។
ដូច្នេះហើយ ថ្មីៗនេះនៅថ្ងៃទី ២៨ ខែកញ្ញា មជ្ឈមណ្ឌលជាតិសម្រាប់ព្យាករណ៍ធនធានជលសាស្ត្របានចេញសេចក្តីជូនដំណឹងថា តំបន់ខាងក្នុងទីក្រុងហាណូយ នៅតែបន្តមានភ្លៀងធ្លាក់រាយប៉ាយក្នុងរង្វង់ពី ៣០-៦០ មីលីម៉ែត្រ នៅតំបន់ខ្លះទៀតក៏លើសពី ៨០ មីលីម៉ែត្រផងដែរ។ ភ្លៀងធ្លាក់នេះទំនងជាបង្កឱ្យមានជំនន់នៅតាមផ្លូវក្នុងក្រុងជាច្រើនដែលមានជម្រៅរួមពី ៣០ ទៅ ៤០ សង់ទីម៉ែត្រ ហើយកន្លែងខ្លះក៏មានជម្រៅជាង ៥០ ទៅ ៧០ សង់ទីម៉ែត្រ៕
ប្រភព៖vnexpress










