ប្រទេសថៃ ៖ រដ្ឋាភិបាលថៃបានចេញវិធានការលើកលែងទិដ្ឋាការឱ្យភ្ញៀវទេសចរចិន និងកាហ្សាក់ស្ថានមកកម្សាន្តនៅប្រទេសថៃរយៈពេល៥ខែ ហើយរដ្ឋាភិបាលថៃកំណត់គោលដៅថា ភ្ញៀវទេសចរចិននឹងមកប្រទេសថៃ ចំនួន២លាន៨សែននាក់ និងបង្កើតប្រាក់ចំណូលចូលប្រទេសថៃរាប់លានបាតក្នុងរយៈពេល៥ខែ ។ ប៉ុន្តែវិធានការនេះអាចមិនជួយជំរុញសេដ្ឋកិច្ច និងវិស័យទេសចរណ៍តាមការរំពឹងទុករបស់ថៃទេ ។ តើវាបណ្តាលមកពីមូលហេតុអ្វីខ្លះ ?
មូលហេតុទី១ ៖ សេដ្ឋកិច្ចចិនមិនបានរីកចម្រើនដូចកាលពីមុនទេ ព្រោះក្នុងរយៈពេល៦ខែកន្លងមក អត្រាការលូតលាស់សេដ្ឋកិច្ចចិនបានធ្លាក់ចុះ ។ ចាប់ពីឆ្នាំ១៩៨៩ រហូតមក សេដ្ឋកិច្ចចិនបានលូតលាស់៩% ក្នុង១ឆ្នាំ ប៉ុន្តែនៅឆ្នាំ២០២៣ នេះ គេសង្ឃឹមថា សេដ្ឋកិច្ចចិននឹងលូតលាស់បានត្រឹមតែ៤,៥% ប៉ុណ្ណោះ ។
ចំណែកការនាំចេញបានធ្លាក់ចុះ១៤,៥% កាលពីខែកក្កដា ឆ្នាំ២០២២ បើធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២១ ។ ក្រៅពីនេះ អត្រាគ្មានការងារធ្វើសម្រាប់យុវជនចិនជំនាន់ថ្មី នៅតែកើនឡើងខ្ពស់ ។ នៅខែកក្កដា ឆ្នាំ២០២៣ ពលរដ្ឋចិនម្នាក់ក្នុងចំណោម៥នាក់ ដែលមានអាយុចាប់ពី១៦ឆ្នាំ ដល់២៤ឆ្នាំ គឺគ្មានការងារធ្វើ រហូតដល់រដ្ឋាភិបាលចិនបញ្ឈប់ការផ្សព្វផ្សាយតួលេខគ្មានការងារធ្វើរបស់ពលរដ្ឋ ។
លើសពីនេះ ប្រទេសចិនបានជួបបញ្ហាតម្លៃប្រាក់យាន់ធ្លាក់ថ្លៃ គឺនៅឆ្នាំ២០២៣ ប្រាក់យាន់បានធ្លាក់ថ្លៃជាមធ្យម៥% បើធៀបនឹងប្រាក់ដុល្លារអាមេរិក ខណៈកាលពីខែសីហា ឆ្នាំ២០២៣ ប្រាក់យាន់បានធ្លាក់ថ្លៃបំផុតក្នុងរយៈពេល១៦ឆ្នាំ គឺស្មើ៧.៣២យាន់ក្នុង១ដុល្លារអាមេរិក ។ ចុងក្រោយ ផ្នែកអចលនទ្រព្យចិនក៏ជួបនឹងវិបត្តិផងដែរ ទើបប៉ះពាល់ដល់ពលរដ្ឋចិនជាច្រើននាក់ ។ ដូច្នេះ ស្ថានភាពសេដ្ឋកិច្ចចិនបែបនេះ ទើបធ្វើឱ្យពលរដ្ឋចិនចំណាយតិចជាងមុន ។
មូលហេតុទី២ ៖ បើទោះជាពលរដ្ឋចិនធ្វើដំណើរកម្សាន្តកាន់តែច្រើន ក្រោយពីរដ្ឋាភិបាលលុបចោលគោលនយោបាយកូវីដស្មើសូន្យ ប៉ុន្តែពលរដ្ឋចិនបានជ្រើសរើសដើរលេងក្នុងប្រទេស ឬនៅតំបន់ជិតៗ ដូចជា ម៉ាកាវ និងហុងកុង ច្រើនជាងទៅកម្សាន្តនៅក្រៅប្រទេសឆ្ងាយៗ ព្រោះវាចំណាយប្រាក់តិចជាង ។ នេះហើយជាមូលហេតុធ្វើឱ្យពលរដ្ឋចិនមកលេងប្រទេសនៅតំបន់អាស៊ាន រហូតដល់ពាក់កណ្តាលឆ្នាំ២០២៣ គឺមានចំនួនតិចជាងមុនពេលជំងឺកូវីដរាតត្បាត រហូតដល់៦០% ។
លើសពីនេះ ជើងហោះហើរចេញពីប្រទេសចិន មានចំនួនមិនច្រើនទេ ក្នុងរយៈពេល៤ខែដំបូងនៃឆ្នាំ២០២៣ បន្ទាប់ពីចិនបើកប្រទេស ។ ជើងហោះហើរចេញពីប្រទេសចិន មានត្រឹមតែ១ ក្នុងចំណោម៣ នៅមុនពេលជំងឺកូវីដឆ្លងរាតត្បាត ជាពិសេស ជើងហោះហើរមកតំបន់អាស៊ាន នៅខែមិថុនា ឆ្នាំ២០២៣ គឺតិចជាងមុនពេលជំងឺកូវីដឆ្លងរាតត្បាត រហូតដល់៥៧% ។
មូលហេតុធ្វើឱ្យជើងហោះហើរចាកចេញពីប្រទេសចិនមានចំនួនតិច គឺមួយផ្នែកដោយសារក្រុមហ៊ុនអាកាសចរណ៍ធំៗរបស់ចិនចំនួន៣ ប្រឈមនឹងបញ្ហាតម្លៃប្រេងឥន្ធនៈកើនឡើង និងប្រាក់យាន់ធ្លាក់ថ្លៃ ។ នេះជាស្ថានការណ៍ទាំងអស់ដែលកើតឡើងនៅប្រទេសចិន ហើយត្រូវតាមដានបន្តថា តើវិធានការលើកលែងទិដ្ឋាការដើម្បីទាក់ទាញភ្ញៀវទេសចរចិនមកកម្សាន្តនៅប្រទេសថៃ អាចសម្រេចតាមគោលដៅរបស់រដ្ឋាភិបាលថៃដែរឬទេ ? ប្រភព ៖ BBC Thai










