បរទេស៖ យោងតាមទីភ្នាក់ងារព័ត៌មាន Reuters ដែលបានរាយការណ៍កាលពីថ្ងៃទី ២៦ ខែកញ្ញាថា ប្រទេសឥណ្ឌានឹងទម្លាក់តម្លៃអង្ករសម្រាប់ការនាំចេញទៅក្រៅប្រទេសក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ។
យោងតាមប្រភពដដែល បានឱ្យដឹងទៀតថា តម្លៃអង្ករបាម៉ាទី (ប្រភេទអង្ករពេញនិយមនៅអាស៊ីខាងត្បូង) នឹងធ្លាក់ចុះមកត្រឹម ៨៥០ ដុល្លារក្នុងមួយតោន បើធៀបនឹងពីមុនគឺ ១២០០ ដុល្លារក្នុងមួយតោន។ ការបញ្ចុះតម្លៃនេះ គឺដើម្បីជួយសម្រួលដល់ម្ចាស់រោងម៉ាស៊ីនកិនស្រូវ និងអាជីវករលក់អង្ករនៅក្រៅប្រទេស។
គួររំលឹកដែរថា កាលពីខែមុន ប្រទេសឥណ្ឌាបានផ្អាកការនាំចេញអង្ករទៅក្រៅប្រទេស គឺដើម្បីទប់ស្កាត់ការរត់ពន្ធអង្ករ នឹងធានាសន្តិសុខស្បៀង ការពារទីផ្សារក្នុងស្រុកពីការប្រែប្រួលតម្លៃ ក៏ដូចជាការពារទឹកជំនន់ និងគ្រោះរាំងស្ងួតដោយសារ El Nino ផងដែរ។ ក្នុងរយៈពេលមួយខែកន្លងមកនេះ ប្រទេសនេះបានហាមឃាត់ ឬដាក់កម្រិតលើការនាំចេញអង្ករគ្រប់ប្រភេទដែលធ្វើឱ្យតម្លៃអង្ករនៅអាស៊ីក្នុងខែសីហាឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេល ១៥ ឆ្នាំ។
ប៉ុន្តែទោះជាយ៉ាងក៏ដោយ ថ្មីៗនេះប្រទេសឥណ្ឌាបានធ្វើចលនាជាបន្តបន្ទាប់ទាក់ទងនឹងទីផ្សារអង្ករ ដោយមានការអនុញ្ញាតឱ្យនាំចេញអង្ករទៅក្រៅប្រទេសវិញហើយ ព្រោះដើម្បីគាំទ្រដល់កសិករដែលបាត់បង់ប្រាក់ដោយសារតែការនាំចេញអង្ករថយចុះ។
ដូច្នេះហើយ បច្ចុប្បន្នឥណ្ឌាគឺជាប្រទេសនាំចេញអង្ករធំជាងគេរបស់ពិភពលោកដោយមានចំណែកទីផ្សារ ៤០%។ ជារៀងរាល់ឆ្នាំ ឥណ្ឌាបាននាំចេញអង្ករបាម៉ាទីប្រហែល ៤ លានតោនទៅកាន់ប្រទេសមួយចំនួនដូចជា អ៊ីរ៉ង់ អ៊ីរ៉ាក់ យេម៉ែន អារ៉ាប៊ីសាអូឌីត អារ៉ាប់រួម និងសហរដ្ឋអាមេរិក៕
ប្រភព៖vnexpress










