បន្ទាប់ពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានចេញសេចក្តីជូនដំណឹងជាលើកទី២ទាក់ទងនឹងការសាងសង់ប្រាសាទថ្មរបស់ថៃដែលភាពស្រដៀងនឹងប្រាសាទអង្គរវត្តនិងមានការបញ្ជាក់ពីអ្នកដែលបានទៅទីនោះផ្ទាល់ធ្វើឱ្យកម្តៅនៅលើបណ្តាញសង្គមថមថយបន្តិចហើយ។ ទោះជាយ៉ាងនេះក្តីខាងក្រសួងនៅតែអះអាងនិងប្រកាន់គោលជំហររបស់ខ្លួនក្នុងការតាមដានយកចិត្តទុកដាក់ខ្ពស់លើរឿងនេះបន្តទៀត ខណៈប្រជាពលរដ្ឋក៏រង់ចាំមើលដូចគ្នា។ ។
ទន្ទឹមនឹងមានការផ្ទុះកក្រើកខ្លាំងក្លាជុំវិញការសាងសង់ប្រាសាទថ្ម«សីហនគរ» មានប្លង់ស្ថាបត្យកម្មដូចប្រាសាទអង្គរវត្តនោះពិធីការិនី ណា សាឌី ដែលជាកូនខ្មែរកាត់ថៃ និងត្រៀមខ្លួនប្រកួតកម្មវិធីបវរកញ្ញាក៏បានបញ្ចេញមតិលើរឿងនេះដូចគ្នាដោយអះអាងយ៉ាងច្បាស់ថាទោះបីជាខ្លួនកូនកាត់ថៃក្តីប៉ុន្តែសូមឈរលើភាពត្រឹមត្រូវ។
ណា សាឌី បានបង្ហោះរូបភាពនៅប្រាសាទអង្គរវត្តនាយប់ថ្ងៃទី២៧ ខែកញ្ញា អមមកជាមួយខ្លឹមសារថា « មរតកដ៏កំសត់អើយ អ្នកជួបរឿងច្រើនពេកហើយ ទោះបីខ្ញុំជាកូនកាត់ខ្មែរ ថៃ ក៏ពិតមែន ប៉ុន្តែខ្ញុំសូមឈរលើភាពត្រឹមត្រូវនិងយុត្តិធម៌តែប៉ុណ្ណោះ»។
គួរបញ្ជាក់ថា ណា សាឌី ជាតារាខ្មែរម្នាក់និងជាពិធីការិនីប្រចាំទូរទស្សន៍បាយ័នដែលមកទល់ពេលនេះនាងមានសញ្ជាតិ២ គឺខ្មែរ និងថៃ ដោយនាងមានម្តាយជាជនជាតិខ្មែរ និងឪពុកជាជនជាតិថៃ។ កាលពីចុងខែសីហា តារាស្រីរូបនេះបានបញ្ជាក់នៅលើបណ្តាញសង្គមដោយសេចក្តីសប្បាយចិត្តយ៉ាងខ្លាំងក្រោយពីបានទទួលសញ្ជាតិថៃពេញលេញក្រោយរង់ចាំជាង៥ឆ្នាំ៕










