នៅក្នុងសារជាសម្លេងជិត៥នាទី នៅព្រលប់ថ្ងៃទី២៧ខែកញ្ញា ឆ្នាំ២០២៣នេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងសារពាក់ព័ន្ធករណីពន្ធដារ ដែលប្រជាពលរដ្ឋកម្ពុជា ហាក់មានការប្រតិកម្មជាខ្លាំងនៅលើបណ្តាញសង្គម។

សម្ដេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា៖ “ចាប់តាំងពីរាជរដ្ឋាភិបាលបង្កើតមកដល់ម៉ោងនេះ មិនមានការបង្កើតពន្ធបន្ថែមសម្រាប់ដាក់បន្ទុកទៅលើប្រជាពលរដ្ឋឬអាជីវករនោះទេ ហើយចំពោះការគិតគូររឿងនេះ រាជរដ្ឋាភិបាលគ្រោងនឹងធ្វើសម្រាប់ដាក់ចេញជាកញ្ចប់វិធានការអន្តរាគមន៍នៅខែ១១ក្នុងវេទិការាជរដ្ឋាភិបាលនិងវិស័យឯកជន ដើម្បីពិចារណាទៅលើក្របខ័ណ្ឌនៃពន្ធដែលមានស្រាប់តែប៉ុណ្ណោះ”។

សម្ដេចធិបតី បានសង្កត់ធ្ងន់ថា៖”ករណីពន្ធដារ គឺមិនទាន់មានការសម្រេចជាផ្លូវការរបស់រាជរដ្ឋាភិបាល ក្នុងការប្រមូលពន្ធចំណេញមូលធន នៅដើមឆ្នាំ២០២៤ទេ ហើយរាជរដ្ឋាភិបាលថ្មីក៏មិនមានបង្កើតពន្ធថ្មីណាមួយ ដើម្បីដាក់បន្ទុកលើប្រជាពលរដ្ឋនោះដែរ”។

សូមបញ្ជាក់ថា ថ្មីៗនេះ ប្រមុខរាជរដ្ឋាភិបាលបានប្រគល់ភារកិច្ចជូន ឯកឧត្តមឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន និងក្រុមការងារ ពិគ្រោះយោបល់ជាបន្តបន្ទាប់ជាមួយភាគីពាក់ព័ន្ធដើម្បីស្តាប់សំណូមពរផ្សេងៗពីវិស័យឯកជនសម្រាប់យកមកពិចារណាហើយរៀបចំជាកញ្ចប់វិធានការជួយទៅដល់វិស័យឯកជនដូចជា ការលើកទឹកចិត្តផ្សេងៗ ដែលក្នុងនោះក៏មានការជជែកគ្នាអំពីបញ្ហាពន្ធអាករ បញ្ហាលើកទឹកចិត្តផ្សេងៗផងដែរដែលគ្រោងប្រកាសពេលសម្ដេចធិបតីជួបវិស័យឯកជននៅខែ១១ខាងមុខនេះ។