នៅព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៣ រដ្ឋបាលខេត្តព្រះសីហនុ ប្រកាសបិទទាំងស្រុងកំណាត់ផ្លូវជាតិលេខ៤ជាបណ្តោះអាសន្ន ដោយសារតែកម្រិតទឹកជំនន់បានកើនឡើងខ្ពស់ ត្រង់ចំណុចចន្លោះគីឡូម៉ែត្រលេខ ១៥៣-១៥៤ ស្ថិតក្នុងភូមិស្ទឹងឆាយខាង ត្បូង ឃុំស្ទឹងឆាយ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ មានប្រវែងជាង ១២០ម៉ែត្រ។

គិតត្រឹមម៉ោង០៩ និង៣០នាទីព្រឹកមិញ កំពស់ទឹកឡើងដល់០.៦ម៉ែត្រ នៅចន្លោះគីឡូម៉ែត្រលេខ១៥៣ និង១៥៤ តាមបណ្តោយផ្លូវជាតិលេខ៤ ស្ថិតភូមិស្ទឹងឆាយខាងត្បូង ឃុំស្ទឹងឆាយ ស្រុកកំពង់សីលា។

ហេតុដូច្នេះដើម្បីធានាដល់សុវត្ថិភាពក្នុងការធ្វើដំណើរ រដ្ឋបាលខេត្តបានធ្វើការផ្អាកចរាចរណ៍នៅត្រង់ទីតាំងខាងលើជាបណ្តោះអាសន្នសិន និងអំពាវនាវដល់សាធារណជន និងបងប្អូនប្រជាពលរដ្ឋអាចប្រើប្រាស់ផ្លូវល្បឿនលឿន ឬក៏វាងតាមផ្លូវជាតិលេខ៣សិន៕












