តារាចម្រៀងល្បីឈ្មោះ ទេព បូព្រឹក្ស បានបង្ហោះសារថ្មីមួយនៅលើបណ្តាញសង្គមស្របពេលមហាជនកំពុងជ្រួលច្របល់និងបង្ហាញក្តីបារម្ភរឿងថៃសាងសង់ប្រាសាទថ្មដូចប្រាសាទអង្គរវត្ត។ ក្នុងនោះនាងបានបញ្ជាក់ប្រសិនជាផ្តល់ឱកាសឱ្យខ្លួនផលិត MV បទ «ទេវរាជ» និង «មហានគរ» នៅប្រាសាទអង្គវត្តបាននឹងមិនធ្វើឱ្យប្រជាជនខកបំណងឡើយ។
តាមការរៀបរាប់នៅលើហ្វេកប៊ុកនារសៀលថ្ងៃទី២៦ ខែកញ្ញា ទេព បូព្រឹក្ស បានបង្ហោះថា«បើសិនជាផ្តល់ឱកាសឱ្យខ្ញុំបានថតMVបទ ទេវរាជ និង មហានគរ នៅប្រាសាទអង្គវត្តបាន ពួកខ្ញុំនឹងមិនធ្វើឱ្យអ្នកទាំងអស់គ្នា ខកបំណងឡើយ »។
បទ «ទេវរាជ» គឺជាបទរបស់ ទេព បូព្រឹក្ស បានទម្លាក់កាលពីថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៣ ខណៈមានអត្ថន័យស៊ីជម្រៅខ្លាំង ដោយបានលើកពី៣សម័យកាលធំៗគឺការបង្កើតនិងអាណាចក្រនគរភ្នំ ,សម័យចេនឡា និងសម័យអង្គរ ព្រមទាំងបញ្ជាក់ថាខ្មាំងសត្រូវក៏បានខ្ចីតួអក្សររបស់ខ្មែរទៅប្រើដែរ។ អត្ថន័យចាក់ចំៗពេកមួយបទនេះត្រូវប្រជាជនថៃមួយចំនួនបង្ហាញការមិនពេញចិត្តចំពោះបទចម្រៀងរបស់ ទេព បូព្រឹក្ស ឡើយខណៈមួយបទនេះមិនទាន់ផលិតជា MV នៅឡើយទេ។
ចំណែកឯបទ «មហានគរ» គឺជាការបកស្រាយដោយតារាចម្រៀង ជី ដេវីត ដែលជាបទទទួលបានការគាំទ្រយ៉ាងខ្លាំងពីទស្សនិកជនដូចគ្នា។ បទនេះបានទម្លាក់នៅថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៣។ «មហានគរ» ជាវណ្ណកម្មថ្មីមួយទៀតរបស់តារាចម្រៀង ជី ដេវីត ដែលទទួលបានការស្ងប់ស្ងែងពីព្រោះទំនុកច្រៀងបានឆ្លុះបញ្ចាំងពីមហានគរ វប្បធម៌ រឿងព្រេងនិទានខ្មែរទាក់ទងនឹងប្រាសាទ និងអត្ថន័យល្អៗជាច្រើនទៀតដែលលើកតម្កើនខ្មែរ។
ការបង្ហាញគំនិតរបស់ខ្លួនចង់ថត MV នៅប្រាសាទអង្គរវត្តនេះ ទេព បូព្រឹក្ស និង ជី ដេវីត ទទួលបានការគាំទ្រយ៉ាងខ្លាំងពីអ្នកគាំទ្រនឹងសង្ឃឹមថាអជ្ញាធរអប្សរានឹងសិក្សាពីករណីនេះអនុញ្ញាតឱ្យពួកគេទទួលបានឱកាសកសាងស្នាដៃរបស់ខ្លួនបង្ហាញទៅកាន់ពិភពលោកក្នុងទម្រង់សិល្បៈ៕










