រដ្ឋធានីវ៉ាស៊ីនតោន៖ ជាមួយនឹងការពង្រីកឥទ្ធិពលរបស់ក្រុងប៉េកាំង នៅក្នុងតំបន់នោះ ប្រធានាធិបតីសហរដ្ឋអាមេរិក ក៏បានទទួលស្គាល់ដល់ប្រទេសដែនកោះចំនួន២ នៅក្នុងតំបន់ប៉ាស៊ីហ្វិកខាងត្បូង កំពុងតែប្រឈមមុខ ជាមួយនឹងប្រទេសចិន។
សារព័ត៌មាន Channel News Asia បានចេញផ្សាយ កាលពីរាត្រី ថ្ងៃច្ទ ទី២៥ ខែកញ្ញា ថា លោក ចូ បៃដិន (Joe Biden) ប្រធានាធិបតីសហរដ្ឋអាមេរិក បានបញ្ជាក់ ថា រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន បានទទួលស្គាល់ជាផ្លូវការ ចំពោះប្រជាជាតិប៉ាស៊ីហ្វិក ចំនួន២ រួមមាន ប្រទេសដែនកោះឃុក (Cook Island) និង កោះនីយូ (Niue) កាលពីថ្ងៃចន្ទ (ថ្ងៃទី 25 ខែកញ្ញា) ស្របពេលលោកប្រធានាធិបតី បានរៀបចំធ្វើជាម្ចាស់ផ្ទះ ទទួលមេដឹកនាំនានា នៅក្នុងតំបន់ ដោយគោលបំណង ដើម្បីដណ្តើមឥទ្ធិពល ពីប្រទេសចិន។
ការប្រកាសរបស់លោកប្រធានាធិបតី ចូ បៃដិន បានកើតឡើង ចំពេលកិច្ចប្រជុំកំពូល នៃវេទិការបស់ប្រទេសដែនកោះប៉ាស៊ីហ្វិក ចំនួន១៨។ ទន្ទឹមគ្នានេះ ក្រុមមន្រ្ដីសហរដ្ឋអាមេរិក បានបញ្ជាក់ ថា លោកប្រធានាធិបតី បៃដិន កំពុងតែប្រកាស អំពីគោលជំហររបស់សហរដ្ឋអាមេរិក នៅក្នុងការការពារដល់បណ្ដាប្រទេសនានា នៅក្នុងតំបន់។
ប្រទេសដែនកោះឃុក (Cook Island) ស្ថិតនៅភាគខាងត្បូង មហាសមុទ្រប៉ាស៊ីហ្វិក ហើយមានទំនាក់ទំនងនយោបាយជាមួយនឹងប្រទេសនូវែលហ្សេឡង់ដ៍ និង មានប្រជាជនប្រហែល ១៥ ០០០នាក់។ រីឯប្រទេសដែនកោះនីយូ (Niue) ក៏ស្ថិតនៅប៉ាស៊ីហ្វិកខាងត្បូង ផងដែរ ដោយមានប្រជាជន ប្រហែលជាជិត២០០០នាក់។ ប្រទេសដែនកោះទាំង២នេះ គ្រប់គ្រងអំណាច តាមរបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ ក្រោមការសោយរបស់ព្រះមហាក្សត្រ ឆាលស៍ ទី៣ (Charles III) ដែលជាស្ដេច នៃចក្រភពអង់គ្លេស និង ប្រទេសខមម៉ែនវែល ចំនួន១៤ផ្សេងទៀត។ ថ្វីបើប្រទេសដែនកោះទាំង២នេះ មានប្រជាជន សរុបមិនដល់២០០០០នាក់ ក៏ពិតមែន ប៉ុន្ដែប្រទេសទាំង២នេះ កំពុងតែក្លាយជាតំបន់សេដ្ឋកិច្ចដ៏ទូលំទូលាយ នៅតំបន់មហាសមុទ្រប៉ាស៊ីហ្វិកខាងត្បូង។
ដែនកោះទាំង២នេះ ក្លាយជាប្រទេស គ្រប់គ្រងដោយខ្លួនឯង នៅក្នុង«សមាគមសេរី»ជាមួយប្រទេសនូវែលហ្សេឡង់ដ៍។ នេះមានន័យ ថា គោលនយោបាយការបរទេស និង ការពារជាតិរបស់ប្រទេសទាំង២នេះ ស្ថិតក្នុងកម្រិតផ្សេងៗគ្នា ដោយមានការភ្ជាប់ទំនាក់ទំនងជាមួយនឹងរដ្ឋាភិបាលក្រុងវ៉ែលលីងតុន (Wellington ប្រទេសនូវែលហ្សេឡង់ដ៍។) ។
អស់រយៈពេលជាច្រើនទសវត្សរ៍ កន្លងមកហើយ ការចាត់ទុកប្រភពទឹកទាក់ទងគ្នានេះ ទើបធ្វើឲ្យតំបន់ប៉ាស៊ីហ្វិកខាងត្បូង កំពុងតែក្លាយជាសង្វៀនដ៏សំខាន់មួយ សម្រាប់ការប្រជែងអំណាចគ្នា រវាងសហរដ្ឋអាមេរិក និង ប្រទេសចិន ដែលបានបង្កើនឥទ្ធិពលកាន់តែខ្លាំងឡើង។ រីឯរដ្ឋាភិបាលក្រុងប៉េកាំង បានបោះជំហានចូលយ៉ាងជ្រៅ នៅក្នុងតំបន់មហាសមុទ្រជាយុទ្ធសាស្ត្រ ទាំងសេដ្ឋកិច្ច នយោបាយ និង យោធា។
មន្រ្ដីសហរដ្ឋអាមេរិក បានបញ្ជាក់ ថា ការអះអាង និង ឥទ្ធិពលរបស់ចិន រួមទាំង នៅក្នុងតំបន់ទាំងនេះ ក្លាយជាកត្តាមួយ ជំរុញឲ្យយើង ផ្តោតលើយុទ្ធសាស្ត្ររបស់យើង នៅតំបន់ប៉ាស៊ីហ្វិកខាងត្បូង។ រីឯវេទិកានេះ បានប្រមូលផ្តុំរដ្ឋ និង ដែនដី ដែលនៅរាយប៉ាយពាសពេញមហាសមុទ្រប៉ាស៊ីហ្វិក ចាប់ពីប្រទេសអូស្ត្រាលី រហូតទៅដល់រដ្ឋ ជាដែនកោះតូចៗ និង ប្រជុំកោះ ដែលមានប្រជាជនតិចតួច។ ប៉ុន្តែឥទ្ធិពលរបស់ចិន នឹងត្រូវដឹង តាមរយៈអវត្តមានរបស់នាយករដ្ឋមន្ត្រី នៃប្រទេសប្រជុំដែនកោះសូឡូម៉ុង (Solomon) ខណៈរដ្ឋាភិបាលរបស់គាត់ ឥឡូវនេះមានទំនាក់ទំនងយ៉ាងជិតស្និទ្ធ ជាមួយនឹងរដ្ឋាភិបាលក្រុងប៉េកាំង៕










