ប្រទេសឡាវ ៖ សារព័ត៌មាន Vientiane Times បានចុះផ្សាយពីលទ្ធផលស្ទង់មតិរបស់ធនាគារពិភពលោក ចាប់ពីខែមិថុនា រហូតដល់ខែកក្កដា ឆ្នាំ២០២៣ បង្ហាញថា ពលរដ្ឋឡាវប្រមាណ៨៧% ដែលឆ្លើយតបការស្ទង់មតិ គឺពួកគេរងផលប៉ះពាល់រឿងការទិញម្ហូបអាហារ ដោយសារបញ្ហាអតិផរណាខ្ពស់នៅប្រទេសឡាវ ។ ហេតុនេះ ធ្វើឱ្យពលរដ្ឋឡាវនាំគ្នាទិញអាហារមានតម្លៃថោក និងកាត់បន្ថយបរិមាណការបរិភោគអាហារប្រចាំថ្ងៃ ។
ចំណែកអ្នកមានជីវភាពក្រីក្របានលក់ទ្រព្យសម្បត្តិដែលពួកគេមានដើម្បីទ្រទ្រង់ជីវិត ឬទៅខ្ចីប្រាក់គេមកដោះស្រាយជីវភាពប្រចាំថ្ងៃ ។ លើសពីនេះ ពួកគេបានកាត់បន្ថយការចំណាយផ្នែកការសិក្សារបស់កូនៗទៀតផង ។ បច្ចុប្បន្ន ពលរដ្ឋមានជីវភាពក្រីក្រប្រមាណ១៤% គ្មានលទ្ធភាពបញ្ជូនកូនទៅសិក្សាបន្តទេ ។
លោក អាឡិច គ្រេមម័រ (Alex Kramer) នាយកគ្រប់គ្រងធនាគារពិភពលោក សាខាប្រទេសឡាវលើកឡើងថា វាបានប៉ះពាល់ដល់សេដ្ឋកិច្ចប្រទេសឡាវយ៉ាងខ្លាំង ជាពិសេស ប៉ះពាល់ដល់ពលរដ្ឋ ។ បើពលរដ្ឋឡាវគ្មានលទ្ធភាពទិញម្ហូបអាហារឱ្យបានគ្រប់គ្រាន់ ឬមិនអាចបញ្ជូនកូនចៅទៅសិក្សាបន្ត វានឹងប៉ះពាល់ដល់ការអភិវឌ្ឍសេដ្ឋកិច្ចឡាវក្នុងរយៈពេលយូរ ។
បើទោះជារដ្ឋាភិបាលឡាវចេញវិធានការជាច្រើនសម្រាប់ដោះស្រាយបញ្ហាអតិផរណា ដូចជា កាត់បន្ថយការនាំចូលទំនិញច្រើន, ជំរុញការផលិតទំនិញសំខាន់ៗក្នុងប្រទេស, ជំរុញវិស័យទេសចរណ៍ និងការនាំចេញទំនិញទៅក្រៅប្រទេស ដែលបានជួយបង្កើនប្រាក់ចំណូលជាមធ្យមរបស់ពលរដ្ឋ ស្មើនឹង១១,៥% ប៉ុន្តែនៅតែមិនអាចទប់ទល់នឹងអតិផរណាក្នុងកម្រិត៣៦% បានទេ ។
ធនាគារពិភពលោកណែនាំថា រដ្ឋាភិបាលឡាវចាំបាច់ត្រូវតែអនុវត្តគោលនយោបាយពន្ធលើតម្លៃបន្ថែម១០%, លុបចោលការកាត់បន្ថយពន្ធ, កែលម្អគុណភាពការវិនិយោគសាធារណៈ និងការផ្តល់សម្បទាន, បង្កើនវិធានការត្រួតពិនិត្យធនាគារ, ចរចារៀបចំរចនាសម្ព័ន្ធបំណុល និងធ្វើឱ្យច្បាប់វិនិយោគរបស់ផ្នែកឯកជនកាន់តែងាយស្រួល ៕
ប្រភព ៖ TNN LIVE










