ប្រទេសចិន ៖ ចាប់ពីឆ្កែយន្ត រហូតដល់ទូរលក់ម្ហូបអាហារស្វ័យប្រវត្តិ បានធ្វើឱ្យគ្រឿងយន្តដើរតួនាទីសំខាន់ក្នុងតំបន់ផ្សេងៗនៅលើពិភពលោក មិនលើកលែងសូម្បីតែទីក្រុងហាំងចូវ ដែលជាទីកន្លែងរៀបចំការប្រកួតកីឡា Asian Games លើកទី១៩ នៅខេត្ត Zhejiang ដែលស្ថិតនៅភាគខាងកើតប្រទេសចិន ។
លោក ឈៀន សៀវយូ នាយកគ្រប់គ្រងប្រេន DEEP Robotics និយាយថា ៖ «បើតាមទស្សនៈផ្ទាល់ខ្លួន ខ្ញុំមិននិយាយថា គ្រឿងយន្តនឹងមកធ្វើការជំនួសមនុស្សទេ ប៉ុន្តែវាគឺជាឧបករណ៍សម្រាប់ជួយមនុស្ស ។ នៅពេលសមត្ថភាពរបស់គ្រឿងយន្តអភិវឌ្ឍន៍កាន់តែច្រើន ពួកវានឹងមានចំណែករួមនៅក្នុងស្ថានការណ៍ផ្សេងៗកាន់តែច្រើន និងពុំចាំបាច់សង្ស័យ» ។
ទីក្រុងហាំងចូវមានពលរដ្ឋរស់នៅចំនួន១២លាននាក់ ហើយវាជាទីក្រុងយុទ្ធសាស្ត្រផ្នែកបច្ចេកវិទ្យាដ៏សំខាន់បំផុតរបស់ប្រទេសចិន ។ ទីក្រុងនេះបានកសាងកេរ្តិ៍ឈ្មោះជាកន្លែងចាប់ផ្តើមអភិវឌ្ឍន៍បច្ចេកវិទ្យា រួមទាំងផ្នែកឧស្សាហកម្មមនុស្សយន្ត ដែលសំដៅកាត់បន្ថយភាពចន្លោះប្រហោងរវាងគូប្រជែងក្នុងឧស្សាហកម្ម ដូចជា សហរដ្ឋអាមេរិក និងជប៉ុន ។
អ្នកទាំងអស់គ្នាបានឃើញទូរលក់ម្ហូបអាហារស្វ័យប្រវត្តិ ដែលវាដំណើរការតាមរយៈ Internet of Things (IoT) ឬឧបករណ៍អេឡិចត្រូនិកផ្សេងៗដែលអាចតភ្ជាប់ ឬបញ្ជូនទិន្នន័យឱ្យគ្នាដោយសារអ៊ីនធើរណេត ។ ទូរស្វ័យប្រវត្តិនេះអាចចម្ហិនម្ហូបអាហារផ្សេងៗលក់ឱ្យអតិថិជន និងមិនខុសគ្នាពីការចម្អិនរបស់មនុស្សទេ ។
នារីជាអតិថិជនម្នាក់និយាយថា ៖ «បើនិយាយពីភាពខុសប្លែកគ្នារវាងអាហារដែលធ្វើដោយម៉ាស៊ីននេះ ជាមួយអាហារធ្វើដោយមនុស្ស និយាយតាមត្រង់ ខ្ញុំមិនឃើញវាខុសប្លែកគ្នាប៉ុន្មានទេ ។ ម្ហូបដែលធ្វើដោយទូរស្វ័យប្រវត្តិមើលទៅគួរឱ្យចង់ញ៉ាំ ហើយវាថែមទាំងមានជំនាញធ្វើម្ហូបល្អជាងមនុស្សទៀតផង ខណៈមនុស្សភាគច្រើនមិនចេះធ្វើម្ហូបដោយខ្លួនឯងទេ» ។
ក្រៅពីនេះ ទីក្រុងហាំងចូវ គឺជាទីតាំងការិយាល័យកណ្តាលរបស់ក្រុមហ៊ុន Alibaba ដែលប្រកបអាជីវកម្មផ្នែក E-Commerce ដ៏ធំបំផុតនៅប្រទេសចិន ។ ចំណែកក្រុមហ៊ុន Taobao ដែលមានកម្មវិធីទិញទំនិញតាមអនឡាញពេញនិយមរបស់ពលរដ្ឋចិន ក៏មានទីតាំងស្ថិតនៅទីក្រុងនេះដែរ ៕ ប្រភព ៖ TNN World










