នៅក្នុងកម្មវិធីគម្រប់ខួប១០ឆ្នាំកម្មវិធី Silk Road international film festival 2023 ធ្វើឡើងនៅទីក្រុង ហ្វូចូវ នៃខេត្ត ហ្វូចៀន តារាសម្តែង ខាត់ វៃហាំង និងស៊ីន យូប៊ីន បានតំណាងប្រទេសកម្ពុជាចូលរួមមហោស្រពនេះព្រមទាំងមានការសម្តែងរួមជាមួយតារាចិន២រូប និងមានទស្សនីយភាពត្រជាក់ភ្នែកតែម្តង។
តាមរយៈវីដេអូនៃការសម្តែងនោះបានឃើញការសម្តែងរបស់កុមារាកុមារីជាច្រើនរូប បន្ទរសំឡេងជាភាសាចិន និងការសម្តែងដ៏រស់រវើករបស់អ្នកសិល្បៈជាច្រើនរូបទៀតមុនការច្រៀងរបស់អ្នកសិល្បៈទាំង៤ដោយមានខ្មែរ២រូបនិងចិន២រូប។ ផ្តើមដំបូងគឺការច្រៀងរបស់តារាចិនស្រី បន្ទាប់មកតារាសម្តែង ខាត់ វៃហាំង និងបន្ទាប់មកទៀតគឺតារាចិនប្រុស និងតារាស្រី ស៊ីន យូប៊ីន ដោយអ្នកទាំង៤ច្រៀងជាភាសាអង់គ្លេសនិងលាយភាសាចិនបន្តិច។
ការសម្ដែងដ៏អស្ចារ្យការបិទកម្មវិធី នៃការបើកកម្មវិធី ព្រឹត្តិការណ៍ខួបលើកទី ១០ នៃមហោស្រពភាពយន្តអន្តរជាតិនេះមហាជនបានពោលសរសើរយ៉ាងខ្លាំងចំពោះតារាសម្តែងប្រចាំប្រទេសកម្ពុជា។ ទោះបីជាការសម្តែងនេះនៅប្រទេសចិនក្តី សម្រាប់កញ្ញា ស៊ីន យូប៊ីន ក៏មិនភ្លេចបញ្ជាក់អត្តសញ្ញណជាតិរបស់ខ្លួននៅលើសំលៀកបំពាក់ផងដែរ។
លើសពីនេះទៀតមហាជនក៏មានការចាប់អារម្មណ៍ដូចគ្នាបន្ទាប់ពីឃើញ តារាសម្តែង ខាត់ វៃហាំង បានបង្ហោះរូបគូជាមួយ ស៊ីន យូប៊ីន ជាលើកដំបូងនៅលើហ្វេកប៊ុកបន្ទាប់ពីមានរឿងអាស្រូវអ្នកទាំងពីរមានបញ្ហាមិនចុះសម្រុងជាមួយគ្នាផងដែរ។ ផ្អែកតាមរយៈរូបភាពដែលបានបង្ហោះនោះធ្វើឱ្យអ្នកដែលចូលចិត្តពួកគេបង្ហាញការសប្បាយចិត្តបន្តិចវិញហើយ៕










