តារាចម្រៀង រ៉ាប៊ី ម្ចាស់បទ «មាន់ស្រែ» ត្រូវអ្នកលេងបណ្តាញសង្គមបង្ហាញការមិនពេញចិត្តនិងបានចោទសួរចំៗថា «លុយខ្មែរយ៉ាងមិច ចាយមិនកើតឬ» បានជាពោលពាក្យនេះដែលហាក់ដូចមិនឱ្យតម្លៃលុយជាតិឯង។ រ៉ាប៊ី ត្រូវរងមតិរិះគន់នេះបន្ទាប់ពីលោក អៀង វុត្ថា គួចចំណងដៃជាលុយខ្មែរនៅក្នុងកម្មវិធីឡើងគេហដ្ឋានថ្មីរបស់នាង។
កាលពីពេលថ្មីៗនេះស្រីស្រស់ រ៉ាប៊ី ដែលតារាចម្រៀងមួយរូបលេចធ្លោតាមរយៈបទចម្រៀងញាក់កន្ត្រាក់អារម្មណ៍បានរៀបចំពិធីឡើងគេហដ្ឋានថ្មីជាវីឡាដ៏ស្រស់ស្អាតឯតម្លៃវិញក៏ថ្លៃខ្ពស់មិនធម្មតាទោះបីជាតារាចម្រៀងរូបនេះមិនទម្លាយតម្លៃក្តី។ នៅឯកម្មវិធីជប់លៀងនេះ រ៉ាប៊ី បានប្រាប់អ្នកសារព័ត៌មានថារៀបចំប្រមាណជា១០តុ ដោយអញ្ជើញមិត្តភក្តិជិតស្និទ្ធចូលរួមប៉ុណ្ណោះ ក្នុងនោះគេសង្កេតឃើញថាតារាចម្រៀង នាយ ចឺម កីឡាករ nick taylor លោក អៀង វុត្ថា ក៏បានចូលរួមផងដែរ។
ទោះយ៉ាងណា តារាចម្រៀង រ៉ាប៊ី ត្រូវអ្នកលេងបណ្តាញសង្គមសម្តែងក្តីមិនពេញចិត្តចំពោះពាក្យសម្តីរបស់នាងដែលមិនឱ្យតម្លៃលុយខ្មែរជាតិឯង។ តាមរយៈវីដេអូមួយបង្ហោះនៅលើបណ្តាញសង្គមនាពេលថ្មីៗនេះ មានគណនីឈ្មោះ hok_hok168 បានបង្ហាញពីសកម្មភាពនៅក្នុងពិធីឡើងគេហដ្ឋានរបស់ រ៉ាប៊ី ដោយមានលោក អៀង វុត្ថា គួចចំណងដៃជាក្រដាសប្រាក់៥០,០០០រៀល ជាច្រើនសន្លឹកទៅឱ្យម្ចាស់ផ្ទះប៉ុន្តែត្រូវ រ៉ាប៊ី និយាយថា «លុយខ្មែរហេស»។
ពាក្យសម្តីដែល រ៉ាប៊ី និយាយចេញនេះហើយដែលមហាជនមើលទៅហាក់ដូចជាមិនសូវឱ្យតម្លៃក្រដាសប្រាក់រៀលនេះត្រូវអ្នកលេងបណ្តាញសង្គមបង្ហាញការមិនពេញចិត្តឥរិយាបថរបស់នាងឡើយព្រមទាំងខម្មិនចោទសួរទៅនាងវិញថា «លុយខ្មែរហ្នឹងយ៉ាងមិចចាយមិនកើតឬ គួរឱ្យតម្លៃលុយខ្មែរផងដល់ពេលល្បីទៅលែងចង់បានលុយខ្មែរអស់ហើយ»៕










