មេរោគផ្លូវដង្ហើម RSV (Respiratory Syncytial Virus) គឺជាជំងឺដែលអាចឆ្លងតាមរយៈ ភ្នែក ច្រមុះ មាត់ ឬការប៉ះពាល់ផ្ទាល់ជាមួយមេរោគដោយការចាប់ដៃ។ មេរោគនេះ បណ្តាលឱ្យអ្នកឆ្លងមានរោគសញ្ញាដូចជំងឺផ្តាសាយ វារីករាលដាលយ៉ាងងាយស្រួលតាមរយៈការក្អក ឬកណ្តាស់ ហើយត្រូវបានរកឃើញជាញឹកញាប់ក្នុងរដូវភ្លៀង និងរដូវរងា។
មេរោគផ្លូវដង្ហើម RSV នឹងលេចឡើងប្រហែល ៤-៦ ថ្ងៃបន្ទាប់ពីបានប៉ះពាល់នឹងវីរុស ដូច្នេះអ្នកឆ្លងនឹងមានរោគសញ្ញាដូចខាងក្រោម៖
-មានគ្រុនក្តៅ ក្អក មានស្លេស និងឈឺក។
-ញ៉ាំអាហារតិចតួច ធ្លាក់ទឹកចិត្ត។
-ប្រសិនបើរោគសញ្ញាមានសភាពធ្ងន់ធ្ងរ នោះនឹងមានការដកដង្ហើមលឿនៗ និងពេលខ្លះទៀតពិបាកដកដង្ហើមដោយសារជំងឺរលាកសួត។
-រោគសញ្ញានឹងកាន់តែធ្ងន់ធ្ងរ ប្រសិនបើអ្នកជំងឺជាកុមារតូច ឬមនុស្សចាស់ ព្រោះដោយសារមានភាពស៊ាំទាបជាងធម្មតា។
ទោះជាយ៉ាងណាក៏ដោយ បច្ចុប្បន្ននេះ មិនទាន់មានវ៉ាក់សាំងការពារការឆ្លងមេរោគ RSV នៅឡើយទេ។ ប៉ុន្តែយើងអាចការពារការឆ្លងមេរោគ និងកាត់បន្ថយការរីករាលដាលនៃមេរោគនេះដោយវិធីខាងក្រោម៖
១.លាងដៃឱ្យបានទៀងទាត់ មុនពេលញ៉ាំអាហារ។
២.កុំប្រើដៃមិនស្អាតប៉ះច្រមុះ ឬភ្នែក។
៣.សម្អាតផ្ទះជានិច្ច។
៤.កុំផឹកទឹករួមគ្នា ឬប្រើកែវជាមួយគ្នា។
៥.សម្រាប់អ្នកជំងឺ ប្រសិនបើអ្នកឈឺ អ្នកគួរតែសម្រាក ហើយខ្ទប់មាត់ និងច្រមុះពេលក្អក ឬកណ្តាស់។
៦.សម្អាតប្រដាប់ប្រដាក្មេងលេងឱ្យបានទៀងទាត់ ជាពិសេសបន្ទាប់ពីរកឃើញថាកុមារឈឺ។
៧.ជៀសវាងការទាក់ទងជាមួយអ្នកដែលមានមេរោគ ដូចជាអ្នកដែលមានជំងឺផ្តាសាយ ឬរលាកសួត។
៨.ផឹកទឹកឱ្យបានច្រើន ព្រោះទឹកធ្វើឱ្យមានជាតិទឹករំអិល ដូចជាស្លេសមិនស្អិតពេក និងមិនរំខានដល់ការងាររបស់ប្រព័ន្ធដកដង្ហើម។
រោគសញ្ញានៃការឆ្លងមេរោគ RSV ជាធម្មតាមានភាពប្រសើរឡើងចំពោះកុមារ និងមនុស្សធំ។ បន្ទាប់ពីទទួលការព្យាបាលរយៈពេល ១-២ សប្តាហ៍ ប្រសិនបើរោគសញ្ញារបស់អ្នកជំងឺមិនប្រសើរឡើង ដូចជាហត់នឿយ អស់កម្លាំង ឬញ៉ាំអាហារតិច អ្នកគួរតែប្រញាប់ទៅជួបគ្រូពេទ្យ៕
ប្រភព៖sanook










