ពិតជាមិនធម្មតាមែន និងមានក្តីរំភើបសោមនស្សរីករាយយ៉ាងខ្លាំងទៅដល់អ្នកច្នៃម៉ូដលោក អូលីវ៉ា គង់ ក្នុងនាមជាជនជាតិខ្មែរមួយរូបមិនត្រឹមនាំយកម៉ូតសក់អប្សរាអង្គរវត្ត គ្រងជាមួយឈុតសំលៀកបំពាក់បែបហ្វេសសិនបង្ហាញលើឆាកអន្តរជាតិប៉ុណ្ណោះទេ តែលោកថែមទាំងទទួលបាន TOP FASHION DESIGNER AWARD 2023 ក្នុងកម្មវិធីMilan Fashion Week នៅប្រទេសអ៊ីតាលីដែលមានប្រទេសល្បីៗចូលរួមចំនួន១៦ប្រទេស។
នៅថ្ងៃទី២៥ កញ្ញា នេះលើបណ្តាញសង្គមរបស់លោក អូលីវ៉ា គង់ បានរៀបរាប់យ៉ាងដូច្នេះថា «ខ្ញុំបាទ ពិតជារំភើប សំរាប់ជោគជ័យមួយនេះ ក្នុងនាមខ្ញុំបាទជា Designer កូនខ្មែរមួយរូបដែលបានឃើញកម្ពុជាមានវត្តមាននៅលើឆាកអន្តរជាតិ ហើយទទួលបាននូវការគោរព កោតសរសើរយ៉ាងខ្លាំង។ ជាពិសេស ខ្ញុំបាទបានដកស្រង់ម៉ូតសក់អប្សរាអង្គរវត្ត គ្រងជាមួយឈុតសំលៀកបំពាក់បែបហ្វេសសិនច្នៃដោយខ្ញុំបាទផ្ទាល់មកបង្ហាញនៅលើឆាកអន្តរជាតិដែលមានប្រទេសល្បីៗចូលរួមចំនួន១៦ប្រទេស»។
លោកបន្តទៀតថា «ជាលទ្ធផលពិតជាទទួលបាននូវមហាកិត្តយស TOP FASHION DESIGNER AWARD 2023 ក្នុងកម្មវិធីMilan Fashion Week មួយនេះសំរាប់ប្រទេសជាតិខ្ញុំ សូមអគុណដល់ពុកម៉ែបងប្អូនទាំងអស់គ្នាព្រមទាំងក្រុមការងារទាំងអស់សំរាប់ការរួមចំណែកជោគជ័យដ៏ត្រចះត្រចង់មួយនេះ គាំទ្រនូវជោគជ័យមួយនេះផងដែរកម្ពុជាកូនខ្មែរ ធ្វើបានហើយ អរគុណសន្តិភាព អគុណកម្ពុជា»។
គូបបញ្ជាក់ថាកាលពីខែសីហា កន្លងមកនេះលោក អូលីវ៉ា គង់ និងកូនសិស្សដែលចេញទៅដើរម៉ូដនៅកម្មវិធី Vietnam International Junior Fashion Week នៅសារមន្ទីរក្រុងហាណូយ ប្រទេសវៀតណាក៏ទទួលភាពជោគជ័យដ៏ធំផងដែរជាមួយពានរង្វាន់ Best International Designer Award 2023 ក្នុងចំណោមអ្នកច្នៃម៉ូដ២២រូប មកពី១២ប្រទេសផ្សេងគ្នា៕











