ប្រទេសថៃ ៖ ពេលធ្វើដំណើរទៅចូលរួមកិច្ចប្រជុំមហាសនិ្នបាតអង្គការសហប្រជាជាតិ (United Nations General Assembly-UNGA) លើកទី៧៨ នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក លោក សេដ្ឋា ថាវីស៊ិន នាយករដ្ឋមន្ត្រីប្រទេសថៃ និងជារដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ បានពិភាក្សាជាមួយលោក Elon Musk ជា CEO ក្រុមហ៊ុន Tesla និង SpaceX រួមទាំងនាយកប្រតិបត្តិនៃក្រុមហ៊ុនទាំងពីរតាមរយៈ Video Conference ។
លោក សេដ្ឋា ថាវីស៊ិន នាយករដ្ឋមន្ត្រីថៃលើកឡើងថា លោកមានអារម្មណ៍ថា វាពិតជាមានសារសំខាន់ខ្លាំងណាស់ ដែលលោកបានពិភាក្សារួមគ្នាជាមួយនាយកគ្រប់គ្រងរបស់ក្រុមហ៊ុនទាំងពីរ ជាពិសេសបំផុត ភាគីទាំងពីរមានទស្សនៈស្របគ្នា ។ លើសពីនេះ លោកនាយករដ្ឋមន្ត្រីថៃបានសរសើរអំពីគំនិត និងការបោះជំហានទៅមុខ ដែលធ្វើឡើងដើម្បីមនុស្សជាតិ, ដើម្បីពិភពលោកស្អាត និងអនាគតកាន់តែល្អប្រសើរ ។
លោក សេដ្ឋា ថាវីស៊ិន ជឿជាក់ថា ការពិភាក្សាគ្នានេះនឹងនាំមកនូវកិច្ចសហប្រតិបត្តិការប្រកបដោយជោគជ័យក្នុងវិស័យរថយន្តអគ្គិសនី (EV) និងបង្កើនកិច្ចសហការផ្នែករុករកអវកាស (Space Exploration) ដែលមានតម្លៃទីផ្សារខ្ពស់ ។ លោកនាយករដ្ឋមន្ត្រីជឿជាក់ទៀតថា ការពិភាក្សាគ្នាលើកនេះ នឹងក្លាយជាប្រយោជន៍មិនត្រឹមតែប្រទេសថៃតែមួយទេ ប៉ុន្តែវានឹងជាប្រយោជន៍សម្រាប់ពិភពលោកទាំងមូល ។
ចំណែកខាងក្រុមហ៊ុន Tesla បានកោតសរសើរអំពីសក្តានុពលធនធានមនុស្សរបស់ប្រទេសថៃ ដែលសមស្របសម្រាប់ការវិនិយោគរបស់ក្រុមហ៊ុន Tesla ។ ក្នុងឱកាសនេះ លោកនាយករដ្ឋមន្ត្រីថៃឆ្លើយតបថា រដ្ឋាភិបាល និងស្ថាប័នពាក់ព័ន្ធបានត្រៀមខ្លួនរួចជាស្រេចដើម្បីផ្តល់ការគាំទ្រតាមក្របខ័ណ្ឌច្បាប់ រួមទាំងអត្ថប្រយោជន៍នៃការវិនិយោគទុនផងដែរ ៕ ប្រភព ៖ beartai BRIEF










