ខណៈពាក្យចចាមអារ៉ាមជុំវិញការមិនបន្តកុងត្រារបស់ BLACKPINK បានធ្វើឱ្យមានផលប៉ះពាល់យ៉ាងខ្លាំងដល់ផលិតកម្ម YG Entertainment ដោយតម្លៃភាគហ៊ុនបានធ្លាក់ចុះជាង ១០%។ ការធ្លាក់ចុះនេះបានធ្វើឱ្យបាត់បង់ប្រហែល ១០០ លានដុល្លារនៅក្នុងទីផ្សារភាគហ៊ុនរបស់ YG ក្នុងមួយថ្ងៃ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានallkpop ។
ទិន្នន័យពី Korea Exchange នៅថ្ងៃទី២១ កញ្ញា បង្ហាញថាតម្លៃភាគហ៊ុនរបស់ YG បានធ្លាក់ចុះដល់៦៩,២០០ វ៉ុន ប្រមាណជាង៥១ដុល្លារ ក្នុងមួយហ៊ុនដែលជាការធ្លាក់ចុះយ៉ាងខ្លាំង ប្រមាណជា ១៣.២៨% ពីថ្ងៃមុនដែលតម្លៃភាគហ៊ុនគឺ ៧៩,៨០០ វ៉ុន (ប្រមាណជាង៥៩ដុល្លារ) ក្នុងមួយហ៊ុន។ ការធ្លាក់ចុះនេះបានធ្វើឱ្យបាត់បង់ប្រហែល ១០០ លានដុល្លារនៅក្នុងទីផ្សារភាគហ៊ុនរបស់ YG ក្នុងមួយថ្ងៃ ហើយនេះគឺជាតម្លៃទាបបំផុតក្នុងរយៈពេលជិត ៥ ខែកន្លងទៅ។
ការធ្លាក់ចុះនេះត្រូវបានគេសន្មតថាជាចម្បងដោយសារតែកិច្ចសន្យារបស់ BLACKPINK ជាមួយ YG Entertainment បន្ទាប់ Sports Seoul បានរាយការណ៍ថាមានតែ Rosé ម្នាក់គត់ដែលសម្រេចចិត្តបន្តកុងត្រាជាមួយក្រុមហ៊ុន។ របាយការណ៍ក៏បានបញ្ជាក់ផងដែរថាសមាជិកដែលនៅសល់គឺ Jennie, Jisoo និង Lisa នឹងចុះកិច្ចសន្យាជាមួយក្រុមផ្សេងទៀត។ ជាការឆ្លើយតបទៅនឹងរបាយការណ៍ទាំងនេះ ផលិតកម្ម YG ក៏បានច្រាលចោលដោយសារតែការចចារនៅមិនទាន់បញ្ចប់នៅឡើយ។
ទោះបីជាមានការប៉ះពាល់យ៉ាងខ្លាំងចំពោះតម្លៃភាគហ៊ុនរបស់ YG Entertainment ដោយសារតែភាពមិនច្បាស់លាស់ទាក់ទងនឹងអនាគតរបស់ BLACKPINK ក៏មានការព្យាករណ៍ជាផលវិជ្ជមាននៅក្នុងទីផ្សារហ៊ុននេះហើយក៏អាចមានលទ្ធភាពខ្ពស់ទៅលើសិល្បករផ្សេងទៀត ដូចជា TREASURE និង Baby Monster ជាដើម។
ប្រភពដដែលបានបញ្ជាក់ទៀតថា ក្រុមហ៊ុនកម្សាន្តកូរ៉េខាងត្បូងធំៗផ្សេងទៀតក៏មានការមានការធ្លាក់ចុះដូចគ្នាដូចជាតម្លៃភាគហ៊ុនផលិត SM ធ្លាក់ចុះ ៣.៤៧%, JYP (-៤.៤១%), និង HYBE (-៥.១៤%) ទោះបីជាធ្លាប់បានប្រកាសថាសមាជិកទាំងអស់នៃ BTS បន្តកិច្ចសន្យាក៏ដោយ៕










