ប្រទេសឥណ្ឌូណេស៊ី ៖ នៅខែកញ្ញា ឆ្នាំ២០២៣ អនុរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មឥណ្ឌូណេស៊ីលើកឡើងថា ប្រទេសឥណ្ឌូណេស៊ីត្រៀមរៀបចំគម្រោងហាមឃាត់ពលរដ្ឋលក់ផលិតផលតាមអនឡាញ ហើយបម្រាមនេះស្ថិតនៅក្រោមច្បាប់ពាណិជ្ជកម្មថ្មី ។
រដ្ឋាភិបាលឥណ្ឌូណេស៊ីយល់ឃើញថា ការលក់ផលិតផលតាមអនឡាញនឹងអាចគំរាមកំហែងដល់ទីផ្សារនានានៅប្រទេសឥណ្ឌូណេស៊ី ។ ម្យ៉ាងទៀត ច្បាប់ពាណិជ្ជកម្មនៅពេលបច្ចុប្បន្ន មិនបានគ្របដណ្តប់ដោយផ្ទាល់លើការលក់ផលិតផលតាមអនឡាញទេ ។
អនុរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មលើកឡើងថា បណ្តាញសង្គម និងការលក់ផលិតផលតាមអនឡាញមិនអាចរួមគ្នាបានទេ ដូចជា ការផ្សាយបន្តផ្ទាល់ដើម្បីលក់ផលិតផលតាមបណ្តាញសង្គមរបស់ចិន TikTok ។ ដូច្នេះ ការត្រួតពិនិត្យច្បាប់ពាណិជ្ជកម្មថ្មីនេះ នឹងហាមឃាត់ការលក់ផលិតផលតាមអនឡាញគ្រប់ប្រភេទ ។
ចំណែកក្រុមហ៊ុន TikTok បានឆ្លើយតបថា ការបែងចែកបណ្តាញសង្គម និងពាណិជ្ជកម្មអេឡិចត្រូនិកដាច់ដោយឡែកពីគ្នា គឺអាចរារាំងដល់គំនិតច្នៃប្រឌិត ។ TikTok រំពឹងថា រដ្ឋាភិបាលឥណ្ឌូណេស៊ីនឹងបង្កើតសមភាពសម្រាប់ក្រុមហ៊ុន ព្រោះបើរដ្ឋាភិបាលធ្វើបែបនេះ អាចធ្វើឱ្យអ្នកលក់ និងអតិថិជនឥណ្ឌូណេស៊ីចាញ់ប្រៀប ។
ក្រៅពីនេះ TikTok ដែលមានអ្នកលក់ក្នុងបណ្តាញសង្គមរបស់ខ្លួនរហូតដល់២លាននាក់ ធ្លាប់បានលើកឡើងមុននេះថា មិនទាន់មានគម្រោងប្រកបអាជីវកម្មឆ្លងកាត់ព្រំដែនឥណ្ឌូណេស៊ីទេ ក្រោយពីរដ្ឋាភិបាលសម្តែងការបារម្ភថា ពាណិជ្ជកម្មអេឡិចត្រូនិករបស់ក្រុមហ៊ុននេះអាចធ្វើឱ្យផលិតផលចិនហូរចូលឥណ្ឌូណេស៊ី ។ ចំណែកហ្វេសប៊ុកដែលមានកម្មវិធី Marketplace ដូចគ្នាដែរ នៅពុំទាន់បញ្ចេញយោបល់អ្វីទេពាក់ព័ន្ធនឹងបញ្ហានេះ ៕ ប្រភព ៖ AEC connect










