ប្រទេសថៃ ៖ ក្រោយពីទីក្រុងបុរាណស្រីទេព ស្ថិតនៅខេត្ត Phetchabun ប្រទេសថៃ ត្រូវបានចុះជាសម្បត្តិបេតិកភណ្ឌវប្បធម៌ពិភពលោក នៅតំបន់ទីក្រុងបុរាណស្រីទេពបានធ្វើការ៉េមរូបក្រុងបុរាណស្រីទេព លក់ឱ្យភ្ញៀវទេសចរដែលមកកម្សាន្តនៅទីនេះ ។ ការ៉េមនេះធ្វើឡើងឱ្យដូចរូបចម្លាក់ផ្សេងៗ និងមានច្រើនរសជាតិទៀតផង ។ បច្ចុប្បន្ន ពលរដ្ឋថៃជាច្រើននាក់និយមទិញការ៉េមនេះមកបរិភោគ ដោយសារវាកំពុងល្បីល្បាញក្នុងបណ្តាញសង្គម ។
ទំព័រហ្វេសប៊ុករបស់ថៃឈ្មោះ «Si Thep» បានបង្ហោះរូបភាពការ៉េមក្រុងបុរាណស្រីទេព ដែលបានធ្វើឡើងជារូបរាងផ្សេងៗគ្នា ដូចគ្នានឹងការ៉េមវត្តអារុណដែរ ដោយទំព័រហ្វេសប៊ុកនេះសរសេរថា ៖ «ការ៉េមបុរាណរបស់ទីក្រុងបុរាណស្រីទេព… Intrend មិនតិចទេ ។ ការ៉េមឆ្ងាញ់ៗ បើបានមកលេងទីក្រុងបុរាណស្រីទេព នឹងដឹងថា វាមានរូបអ្វី ហើយរូបនេះស្ថិតនៅត្រង់កន្លែងណារបស់ទីក្រុងស្រីទេព ។ មកកម្សាន្តនៅទីក្រុងនេះឱ្យបានច្រើនគ្នាណា» 
ការ៉េមក្រុងបុរាណស្រីទេព ក្រៅពីមានរូបរាងផ្សេងៗគ្នាហើយ ថែមទាំងមានរសជាតិខុសគ្នាផងដែរ ដូចជា រសជាតិតែថៃ ពណ៌ទឹកក្រូច, រសជាតិផ្អែម ពណ៌ស្វាយ និងរសជាតិទឹកឃ្មុំលាយក្រូចឆ្មារ ពណ៌លឿង សម្រាប់ឱ្យអ្នកទិញជ្រើសរើសតាមចំណង់ចំណូលចិត្ត ។
គួរបញ្ជាក់ថា អង្គការយូណេស្កូបានប្រកាសចុះឈ្មោះទីក្រុងបុរាណស្រីទេព ដែលមានទីតាំងស្ថិតនៅស្រុកស្រីទេព ខេត្ត Phetchabun ប្រទេសថៃ ឱ្យក្លាយជាសម្បត្តិបេតិកភណ្ឌវប្បធម៌ពិភពលោក ហើយវាជាកន្លែងទី៤ បន្ទាប់ពីទីក្រុងប្រវត្តិសាស្ត្រសុខោទ័យ, ទីក្រុងប្រវត្តិសាស្ត្រព្រះនគរស្រីអយុធ្យា និងកន្លែងបុរាណវិទ្យាបានឈៀង ៕ ប្រភព ៖ coco news 










