ប្រទេសថៃ ៖ អ្នកនាង Lisa BLACKPINK បានល្បីល្បាញតាំងពីក្មេងមកម៉្លេះ មុនពេលនាងក្លាយជាអ្នកចម្រៀងដ៏ល្បីល្បាញលំដាប់ពិភពលោកនាពេលបច្ចុប្បន្ន ដោយសារនាងធ្លាប់បានសម្តែងក្នុងខ្សែភាពយន្តថៃកាលពីនៅក្មេង ។ អ្នកស្រី Jitthip Braichweiler ត្រូវជាម្តាយរបស់ Lisa បានបង្ហោះវីដេអូខ្លីមួយនៅក្នុង IG Stories ហើយវាជាវីដេអូការសម្តែងរបស់ Lisa កាលពីវ័យកុមារ ព្រមទាំងសរសេរថា ៖ «ខ្សែភាពយន្តដំបូងគេរបស់កូនស្រី Lisa» ។Lisa BLACKPINK: Nữ hoàng Instagram - Niềm tự hào Thái Lan

នៅក្នុងវីដេអូនេះ គេនឹងឃើញក្មេងស្រីតូចម្នាក់សម្លឹងមកកាន់កាមេរ៉ា និងមើលទៅគួរឱ្យអាណិតអាសូរជាខ្លាំង ព្រមទាំងនិយាយថា «ខ្ញុំឃ្លាន» ។ ក្រោយពីវីដេអូនេះត្រូវបានគេចែកចាយក្នុងបណ្តាញសង្គម អ្នកគាំទ្រនាងជាច្រើននាក់បានស្វែងរកចម្លើយរហូតដល់ដឹងថា ការពិត ខ្សែភាពយន្តដំបូងដែលអ្នកនាង Lisa បានសម្តែងនោះ គឺរឿង «ព្រះនាងសុំទាន» ដែលបានផ្សាយតាមកញ្ចក់ទូរទស្សន៍ប៉ុស្តិ៍លេខ៣ ប្រទេសថៃ កាលពីឆ្នាំ២០០៧ និងដឹកនាំសម្តែងដោយ Ta Warit និង Namfon Patcharin ។

ក្រៅពីនេះ នៅមានឈុតឆាកដែលអ្នកនាង Lisa និងមិត្តភក្តិរបស់នាងផ្សេងទៀតហាត់រាំតាមចម្រៀងបទ «មនុស្សចិត្តងាយ» របស់តារាចម្រៀងប្រុសឈ្មោះ Ice Sarunyu ទៀតផង ។ ក្នុងសាច់រឿងនេះ ក្មេងៗទាំងអស់ត្រូវតែហាត់រាំ ដើម្បីរៀបចំការប្រគំតន្ត្រីរៃអង្គាសប្រាក់ជួយផ្តល់ឱ្យមណ្ឌលកុមារកំព្រា ។

ក្រោយបានទស្សនាវីដេអូសម្តែងខ្លីរបស់នាង Lisa ពលរដ្ឋថៃជាច្រើនប្រាប់ថា នាងពិតជាមានទេពកោសល្យមិនធម្មតា និងល្បីល្បាញតាំងពីក្មេង ។ អ្នកគាំទ្រជាច្រើននាក់ចង់ឃើញ Lisa ធ្វើការផ្នែកសម្តែងផងដែរ ហើយពួកគេសួរថា តើវានឹងជំរុញដល់ការងាររបស់នាងនាថ្ងៃអនាគតដែរឬទេ ? ប្រភព ៖ Coco News