នាពេលថ្មីៗនេះអ្នកលេងបណ្តាញសង្គមមានការចាប់អារម្មណ៍យ៉ាងខ្លាំងបន្ទាប់ពីឃើញវីដេអូរចែកចាយនៅលើប្រព័ន្ធអ៊ីធឺណិតរវាងតារាចម្រៀង ថុល សុភិទិ និង រ៉េត ស៊ូហ្សាណា មានឱកាសពិសេសចាប់ដៃគូបកស្រាយបទចម្រៀងមួយបទនៅក្នុងពិធីមង្គលមួយហើយកាន់តែពិសេសនោះខ្លឹមសារគឺកូនកំលោះ កូនក្រមុំជាអ្នកនិពន្ធផ្ទាល់។
តាមការសង្កេតរបស់អ្នកគាំទ្រតារាចម្រៀង រ៉េត ស៊ូហ្សាណា កម្រនឹងចាប់ដៃគូច្រៀងឆ្លើយឆ្លងជាមួយតារាចម្រៀងប្រុសណាស់ខណៈចាប់តាំងពីជ្រកក្នុងទ្រនំហង្សមាសអស់រយៈពេលជាច្រើនឆ្នាំបន្ទាប់ពីប្រលងកម្មវិធីThe Voice មក រូបនាងបានច្រៀងឆ្លងឆ្លើយជាមួយ តារាចម្រៀង សុវត្ថិ មុនីនាគ , នីកូ , ទេព ពិសិដ្ឋ និង លីម តិចម៉េង ។ ដ្បិតតែបានបកស្រាយរួមគ្នាពិតមែនប៉ុន្តែការច្រៀងនៅលើឆាករឹតតែមិនសូវមានឱកាសបកស្រាយរួមគ្នាទៅទៀត។
ចំណែកឯ ថុល សុភិទិ វិញ គិតមកទល់ពេលនេះរូបគេបានក្លាយជាតារាចម្រៀងប្រចាំផលិតកម្មហង្សមាសរយៈពេលជាង១ឆ្នាំហើយបន្ទាប់ពីប្រលងក្នុងកម្មវិធី Cambodian Idol ។ ភាគច្រើន ភិទិ ចេញបទទោល និងមានបទខ្លះច្រៀងរួមជាមួយ Top4 ប៉ុណ្ណោះ។
នាពេលថ្មីៗនេះនៅក្នុងកម្មវិធីអាពាហ៍ពិពាហ៍មួយ រ៉េត ស៊ូហ្សាណា និង ថុល សុភិទិ បានបង្ហើរសំនៀងរួមគ្នានៅបទចម្រៀងមួយបទមានចំណងជើងថា «Our special day» ដែលជាចម្រៀងពិសេសមានកូនកំលោះកូនក្រមុំជាអ្នករៀបខ្លឹមសារនេះឡើងដែលមានការផលិតដោយផលិតកម្មហង្សមាស ខណៈមានអ្នកលើកឡើងដែរថានឹងបញ្ចេញបទចម្រៀងពេញក្នុងឆាណែលហង្សមាសនាពេលឆាប់ៗផងដែរ។
ការទទួលបានឱកាសពិសេសនេះ អ្នកគាំទ្របានបញ្ចេញមតិថា អ្នកទាំងពីរបកស្រាយបទចម្រៀងដូចនេះពិតជាពីរោះណាស់ហើយក៏សមគ្នាណាស់ដែរក្នុងការចាប់ដៃគូជាមួយគ្នានេះ និងសង្ឃឹមនាថ្ងៃអនាគតពួកគេទាំងពីរនាក់មានអ្វីដែលពិសេសជូនអ្នកគាំទ្រជាបន្តទៀត៕











