មហាជនមានការសោកស្តាយយ៉ាងខ្លាំងសម្រាប់បេក្ខជន ឃុន វិថេត កូនក្រុមរបស់ ឱក សុគន្ធកញ្ញា មិនមានឱកាសទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៅក្នុងកម្មវិធី The Voice Cambodia រដូវកាលទី៣ ត្រូវធ្លាក់នៅក្នុងវគ្គ Live Show សប្តាហ៍ទី៤ ទាំងសំឡេងរបស់បេក្ខជនរូបនេះមានទឹកដមបកស្រាយបានច្រើនទម្រង់។

ការធ្លាក់របស់បេក្ខជន ឃុន វិថេត បានក្លាយជាប្រធានបទជជែកវែកញែកនៅក្នុងកម្មវីធីប្រលងចម្រៀងលំដាប់ថ្នាក់ពិភពលោកដែលរៀបចំឡើងដោយស្ថានីយទូរទស្សន៍ហង្សមាស ព្រោះមហាជននៅតែមិនអស់ចិត្តនិងពោលសោកបេក្ខជនឆ្នើមរូបនេះដែលមិនអាចបន្តទៅវគ្គក្រោយបាន។

ក្នុងវគ្គ Live Show សប្តាហ៍ទី៤ វិថេត បានបកស្រាយបទចម្រៀងមួយបទមានចំណងជើងថា «ស្ទឹងត្រែងបងអើយ» ដែលជាសំនៀងដើមរបស់តារាចម្រៀងឧកញ៉ា ខេមរៈ សិរីមន្ត។ ក្រោយបកស្រាយបទនេះរួចគ្រូបង្វឹកផ្ទាល់អ្នកនាង ឱក សុគន្ធកញ្ញា និងគ្រូបង្វឹកផ្សេងទៀតសុទ្ធតែពោលសរសើរ ឃុន វិថេត ជាពិសេសគូ្របង្វឹក ពេជ្រ សោភា ថែមទាំងសង្ឃឹម១០០%ថាបេក្ខជនរូបនេះនឹងឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រដោយសុវត្ថិភាពមិនខាន។

យ៉ាងណា គួរឱ្យសោកស្តាយក្នុងចំណោម៣នាក់របស់កូនក្រុម ឱក សុគន្ធកញ្ញា រួមមាន គឹម សុវណ្ណ,ឃុន វិថេត និង សុខ សារ៉ាវីតា បេក្ខនារី គឹម សុវណ្ណ ទទួលបានសំឡេងផ្ញើសារគាំទ្រច្រើនជាងគេ ខណៈគ្រូបង្វឹក កញ្ញា សម្រេចចិត្តបោះបង់ វិថេត ដោយជ្រើសយកសារ៉ាវីតា។

ការធ្លាក់របស់បេក្ខជន ឃុន វិថេត ជាអ្នកខេត្តកំពង់ស្ពឺរូបនេះធ្វើឱ្យមហាជនអ្នកលេងបណ្តាញសង្គមហ្វេកប៊ុកចូលទៅបញ្ចេញមតិនៅលើផេកThe Voice ដោយពោលសោកស្តាយបេក្ខជនរូបនេះសឹងតែគ្រប់គ្នាជាបេក្ខជនដ៏មានសមត្ថភាពម្នាក់៕