ផែនទីរបស់ពិភពលោកចំណាស់ៗមួយចំនួន មានអាយុកាលតាំងពីឆ្នាំ ១៦៥០០ មុនគ្រិស្តសករាជ ហើយរហូតមកដល់សតវត្សទី ៦ មុនគ្រិស្ដសករាជ ទើបជនជាតិក្រិកបុរាណចាប់ផ្ដើមគូរផែនទីពិភពលោកនៅលើក្រដាសដំបូងគេបង្អស់។ ក្រោយមកទៀត ផែនទីពិភពលោកក៏មានការកែសម្រួលជាបន្តបន្ទាប់រហូតដល់ពេលបច្ចុប្បន្ន ប៉ុន្តែតើអ្នកដឹងទេថា ប្រទេសកម្ពុជាត្រូវបានបញ្ចូលទៅក្នុងផែនទីពិភពលោកដំបូងនៅឆ្នាំណា?

នៅសម័យអាណានិគមអឺរ៉ុប ពិសេសគឺពួកអាណានិគមចាស់ៗ ដូចជា ព័រទុយហ្កាល់ អេស្ប៉ាញ និងហូឡង់ជាដើម ពួកគេបានមកដល់តំបន់អាស៊ីអាគ្នេយ៍មុនគេបង្អស់ នៅគ្រិស្ដសករាជ ១៥១១ ដើម្បីច្បាំងដណ្ដើមយកក្រុងម៉ាឡាកា។នៅអំឡុងចុងសតវត្សទី១៥ និងសតវត្សទី១៦ ប្រទេសកម្ពុជាកំពុងស្ថិតក្នុងចន្លោះចុងសម័យចតុមុខ និងដើមសម័យលង្វែក ដែលកំពុងវឹកវរដោយសារសង្គ្រាមជាមួយគ្នាឯងផង និងសង្គ្រាមជាមួយសៀមនៅអយុធ្យាផង។

ពួកបស្ចិមលោកបានចាប់ផ្ដើមមានទំនាក់ទំនងលើកដំបូងជាមួយអាណាចក្រខ្មែរ គឺចាប់ពីដើមសតវត្សទី១៦ ពោលគឺនៅចុងរជ្ជកាលព្រះបាទស្រីសុគន្ធបទ (១៥០៤-១៥១២) និងដើមរជ្ជកាលព្រះបាទស្រីជេដ្ឋា-ស្ដេចកន (១៥១២-១៥២៥)។
ពួកអឺរ៉ុបចូលចិត្តរស់នៅប្រទេសកម្ពុជាណាស់ និងបានកត់ត្រារឿងរ៉ាវជាច្រើនអំពីកម្ពុជាផងដែរ។ នៅគ្រិស្ដសករាជ ១៥១១ ពួកព័រទុយហ្កាល់បានកត់ត្រាឈ្មោះប្រទេសកម្ពុជាចូលទៅក្នុងសៀវភៅរបស់ពួកគេ។ លុះដល់គ្រិស្ដសករាជ ១៥២៧ ពួកគេបានគូរផែនទីប្រទេសកម្ពុជាទៅក្នុងផែនទីសមុទ្រ និងកំពង់ផែសំខាន់ៗ ដោយបានសរសេរឈ្មោះប្រទេសកម្ពុជាថា «Cambuxa»។ បន្ទាប់មក នៅសម័យក្រោយៗមកទៀត ប្រទេសកម្ពុជាត្រូវបានពួកអឺរ៉ុបសរសេរនៅលើផែនទីថា «Camboya»។ ដូច្នេះហើយ ប្រទេសកម្ពុជាមានវត្តមានដំបូងនៅក្នុងផែនទីពិភពលោកគឺតាំងពីឆ្នាំ ១៥២៧ រហូតមកដល់បច្ចុប្បន្ន៕