ផ្តល់បទសម្ភាសនៅក្នុងកម្មវិធីមួយតារាចម្រៀងវ័យក្មេង ទេព ពិសិដ្ឋ បានទម្លាយថាបទ « 20’OUT NOW» ដែលទទួលបានការគាំទ្រខ្លាំងពីទស្សនិកជននោះគឺចាយពេលតែមួយយប់ប៉ុណ្ណោះក្នុងការសរសេរបទនេះឡើងដែលធ្វើឱ្យមហាជនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។

រយៈពេលចុងក្រោយនេះ ទេព ពិសិដ្ឋ ទទួលបានការគាំទ្រគួរឱ្យកត់សម្គាល់បន្ទាប់ពីទម្លាក់បទ« 20 OUT NOW» កាលពីថ្ងៃទី២៣ សីហា ខណៈមកទល់ពេលនេះបទនេះមានអ្នកចូលស្តាប់ចំនួន៣លានដងហើយនៅលើឆាណែលយូធូបផ្ទាល់ខ្លួនរបស់គេ។ទន្ទឹមនឹងទទួលបានភាគរយគាំទ្រច្រើននោះអ្នកគាំទ្របើកភ្នែកធំៗដូចគ្នានៅពេល ពិសិដ្ឋ ទម្លាយពីពេលវេលាក្នុងការផលិតបទនេះ។

ផ្តល់បទសម្ភាសនៅក្នុងកម្មវិធី 3fun ទេព ពិសិដ្ឋ បានឱ្យដឹងថាបទ « 20 OUT NOW» ចាយពេល១យប់ប៉ុណ្ណោះទៅលើបទចម្រៀងនេះហើយការសរសេរបទនេះឡើងគឺបន្ទាប់ពីរូបគេមកពីកម្មវិធីខាងក្រៅ។ ស្ថិតក្នុងបន្ទប់និងយប់ស្ងាត់ ពិសិដ្ឋ បានប្រមូលអារម្មណ៍សរសេរឡើងដោយរំលេចពីគ្នីគ្នារបស់គេចូលទៅក្នុងបទចម្រៀងផងដែរ។

ទេពកោសល្យរបស់ ទេព ពិសិដ្ឋ កាន់តែមានការទទួលស្គាល់ពីមជ្ឈដ្ឋានជុំវិញខ្លួនបន្ទាប់ពីរូបគេបញ្ចេញសមត្ថភាពជាបន្តបន្ទាប់រហូតក្លាយជាប្រធានក្រុម « 20 OUT NOW» ដែលកំពុងមានឈ្មោះបោះសំឡេងជាពន្លកថ្មីទៅលើខាងវិស័យរ៉េប ខណៈក្រុមនេះក៏បានសរសេរប៉ារូចម្រៀងទៅឱ្យតារាចម្រៀង ជី ដេវីត ផងដែរដូចជាបទ «នារី Dior» ជាដើម។

ទេព ពិសិដ្ឋ បានទម្លាយទៀតថា មូលហេតុបានជាគេចេះធ្វើភ្លេង សរសេរប៉ារ៉ូចម្រៀងដោយខ្លួនឯងដោយសារចង់ប្រកួតប្រជែងជាមួយខ្លួនឯងរកអ្វីដែលថ្មីៗ។ ពន្លកថ្មីរូបនេះបានឱ្យដឹងទៀតថារូបគេដឹងថាខ្លួនចូលចិត្តខាងវិស័យរ៉េបនៅអាយុ១២ឆ្នាំ ប៉ុន្តែមិនទាន់មានឱកាស និងពេលវេលាមិនទាន់សមស្របណាមួយរូបគេមិនទាន់យល់ដឹងនោះទេ។ ចំណាយពេលជិត៣ឆ្នាំ ទេព ពិសិដ្ឋ បានបង្វែរពីការបកស្រាយបទមនោសញ្ចេតនាមកធ្វើតាមបេះដូងខ្លួនឯងវិញដោយពញាក់អារម្មណ៍មហាជនតាមវិស័យរ៉េបវិញម្តង៕