ប្រទេសថៃ ៖ នាយករដ្ឋមន្ត្រីប្រទេសថៃបានប្រកាសក្នុងកិច្ចប្រជុំសភាថា ប្រទេសថៃនឹងដំឡើងប្រាក់ឈ្នួលអប្បបរមាប្រចាំថ្ងៃរហូតដល់៤០០បាតឱ្យបានឆាប់បំផុត ក្រោយពីភាគីប្រឆាំងសាកសួរអំពីគោលនយោបាយដំឡើងប្រាក់ឈ្នួលឱ្យនិយោជិកចំនួន៦០០បាត ។![]()
កាលពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៣ លោក Settha Thaweesin នាយករដ្ឋមន្ត្រីថ្មី បានលើកឡើងពាក់ព័ន្ធនឹងរឿងអត្រាការងាររបស់ពលរដ្ឋថា ថៃ គឺជាប្រទេសមានភាពទាក់ទាញសម្រាប់ពលករ ហើយអត្រាគ្មានការងារធ្វើរបស់ពលរដ្ឋថៃស្មើនឹង១% ខណៈពលរដ្ឋថៃមានការងារធ្វើ ។ លើសពីនេះ ប្រទេសថៃមានតម្រូវការនាំចូលពលករបរទេសផងដែរ ។
លោកនាយករដ្ឋមន្ត្រីបន្តថា ប្រទេសថៃបានគោរពសិទ្ធិមនុស្ស, លើកកម្ពស់ជីវភាពរស់នៅ, សេចក្តីថ្លៃថ្នូរ, សុវត្ថិភាពរបស់ពលករ ព្រមទាំងយកចិត្តទុកដាក់ទៅលើនិយោជក និងនិយោជិក ។ ក្រៅពីនេះ រដ្ឋាភិបាលថៃមានវិធានការជំរុញសេដ្ឋកិច្ចរយៈពេលខ្លី និងវិស័យទេសចរណ៍ ដើម្បីប្រមូលប្រាក់ចូលក្នុងផ្នែកសេវាកម្ម ទើបអាចដំឡើងប្រាក់ឈ្នួលអប្បបរមាប្រចាំថ្ងៃតាមតម្រូវការរបស់ពលរដ្ឋថៃ ក៏ដូចជាពលករបរទេស ។
ក្រៅពីជំរុញផ្នែកសេវាកម្មហើយ យើងនឹងកាត់បន្ថយថ្លៃដើមថាមពល និង Logistics ហើយបន្ទាប់ពីការប្រកាសគោលនយោបាយនេះ យើងនឹងអនុវត្តជាបន្ទាន់ ព្រោះរដ្ឋាភិបាលមានគោលដៅដំឡើងប្រាក់ឈ្នួលអប្បបរមាប្រចាំថ្ងៃដល់ពលរដ្ឋឱ្យសមរម្យ និងអាចចាយវាយគ្រប់គ្រាន់ ។
លោក Settha Thaweesin នាយករដ្ឋមន្ត្រីថៃ លើកឡើងថា ៖ «រដ្ឋាភិបាលនឹងរៀបចំឱ្យមានការចរចាចំនួន៣ភាគី គឺនិយោជក, និយោជិក និងរដ្ឋាភិបាល ដើម្បីស្វែងរកកិច្ចព្រមព្រៀងរួមគ្នា ដោយដាក់គោលដៅដំឡើងប្រាក់ឈ្នួលអប្បបរមាប្រចាំថ្ងៃ ស្មើនឹង៤០០បាតឱ្យបានឆាប់បំផុត» ៕
ប្រភព ៖ Thai PBS










