រាជធានីបាងកក៖ វិស័យទេសចរណ៍ នៅក្នុងប្រទេសថៃ បានជួយរកប្រាក់ចំណូល សម្រាប់កំណើតសេដ្ឋកិច្ច ចំនួន១៨,៤ភាគរយ ឬ ស្មើនឹងប្រហែលជិត១ភាគប្រាំ នៃផលិតផលក្នុងស្រុកសរុបរបស់ប្រទេសថៃ ហើយបច្ចុប្បន្ន រដ្ឋាភិបាលថ្មីរបស់ប្រទេសអាស៊ានមួយនេះ កំពុងតែដាក់ចេញផែនការដ៏សំខាន់ តាមរយៈការលើកលែងទិដ្ឋាការ ដល់ប្រជាជនចិន នៅក្នុងគោលបំណងទាក់ទាញ និង កើបលុយពីអ្នកទេសចរ មកពីប្រទេសមហាយក្សអាស៊ីមួយនេះ។
សារព័ត៌មានរបស់ថៃ Bangkok Post បានចេញផ្សាយ កាលពីថ្ងៃព្រហស្បតិ៍ ទី១៤ ខែកញ្ញា ថា បើតាមទីភ្នាក់ងារទេសចរណ៍ជាច្រើន បានឲ្យដឹង ថា ក្រុមហ៊ុនរកស៊ីលើវិស័យទេសចរណ៍ នៅខេត្តភូកេត មានក្តីសង្ឃឹមខ្ពស់ ចំពោះអ្នកទេសចរជនជាតិកាហ្សាក់ស្ថាន ត្រូវបានកំណត់ ថា នឹងមកដល់ តាមផែនការលើកលែងទិដ្ឋាការ ចាប់ពីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣ រហូតដល់ថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤ ដោយសារតែទីផ្សារទេសចរណ៍មួយនេះ មានសក្តានុពលខ្ពស់។
អាជ្ញាធរទេសចរណ៍ថៃ ហៅកាត់ TAT បានបញ្ជាក់ ថា សមត្ថភាពកៅអី សម្រាប់ជើងហោះហើរមកពីចិន នៅក្នុងត្រីមាសចុងក្រោយ គឺមានប្រហែល ៤00 000 កៅអី ដោយមានចំនួនទាបជាង៥០ភាគរយ បើធៀបនឹងរយៈពេលដូចគ្នា នៅក្នុងឆ្នាំ២០១៩។
លោក ស៊ីសឌីវ៉ាច ឈីវ៉ារ៉ាតថាណាផន (Sisdivachr Cheewarattanaporn) ប្រធានសមាគមភ្នាក់ងារទេសចរណ៍ថៃ បានបញ្ជាក់ ថា វានឹងពិបាកបង្កើន ចំនួនការមកដល់របស់ជនជាតិចិន ប្រចាំខែ រហូតដល់ ៧00 000នាក់ ដើម្បីឈានដល់គោលដៅកំណត់របស់រដ្ឋាភិបាល ចំនួន៥លាននាក់ សម្រាប់ឆ្នាំនេះ ខណៈអ្នកទេសចរ ត្រូវតែបង្កើនទ្វេដង ចាប់ពី ៣៥0 000 នៅក្នុងរយៈពេលមួយខែ ចាប់ពីឥឡូវនេះទៅ។ អ្នកទេសចរចិន បានមកដល់ប្រទេសថៃ ប្រហែល ២,២៨លាននាក់ ត្រូវបានកត់ត្រា ចន្លោះពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៣។ រីឯគោលនយោបាយលើកលែងទិដ្ឋាការនេះ នឹងជំរុញឱ្យទីផ្សារទេសចរណ៍ កើនឡើង រហូតដល់៥០ភាគរយ»។
មន្រ្ដីមួយរូបរបស់អាជ្ញាធរទេសចរណ៍ថៃ ហៅកាត់ TAT ដោយសុំលក្ខខណ្ឌមិនអត្ដសញ្ញាណ បានអះអាង ថា គោលការណ៍គ្មានទិដ្ឋាការ នឹងមានផលប៉ះពាល់តិចតួច ប្រសិនបើចំនួនកៅអីរបស់ក្រុមហ៊ុនអាកាសចរណ៍ មិនពង្រីក ចាប់ពី ៤00 000 កៅអី ឡើងទៅ នៅក្នុងត្រីមាសចុងក្រោយ។ ទន្ទឹមគ្នាននេះ អាជ្ញាធរទេសចរណ៍ថៃ កំពុងតែធ្វើការជាមួយគ្រប់ក្រុមហ៊ុនអាកាសចរណ៍ ដើម្បីបង្កើននូវជើងហោះហើរ កាន់តែច្រើនទៅកាន់ប្រទេសចិន ហើយជំរុញកត្តាផ្ទុករហូតដល់ចន្លោះពី៨០ទៅ៨៥ភាគរយ នៅក្នុងត្រីមាសទី៤ ដោយកើនឡើងចំនួន៤០ភាគរយ ចាប់ពីបច្ចុប្បន្ននេះឡើងទៅ។
លោក ស៊ីរីផាកន ជាវសាមូត (Siripakorn Cheawsamoot) អនុប្រធានអាជ្ញាធរទេសចរណ៍ថៃ បានបញ្ជាក់ ថា ទីផ្សារទេសចណ៍ដ៏មានសក្ដានុពល គឺភ្ញៀវទេសចរម្នាក់ៗ អាចចំណាយ ចំនួន៤ ៣៦៥បាតរបស់ថៃ ឬស្មើនឹងប្រហែល១២២ដុល្លារអាមេរិក នៅក្នុង១ថ្ងៃ។ បើគិតជាមធ្យម គឺភៀវទេសចរ អាចនឹងដើរលេងកម្សាន្ដ ឬ ស្នាក់នោះ រហូតដល់១៤ថ្ងៃ។
បើតាមគេហទំព័រ Thaiwebsite បានឲ្យដឹង ថា នៅក្នុងឆ្នាំ២០២៣នេះ ថៃរំពឹង ថា នឹងទទួលបានអ្នកទេសចរ រហូតដល់២៥លាននាក់។ ចំនួនអ្នកទេសចរ មកទស្សនា នៅក្នុងប្រទេសថៃ បានកើតឡើង ពី៣៥,៣៥លាននាក់ នៅក្នុងឆ្នាំ២០១៧ ដល់ ៣៨,២៨លាននាក់ នៅក្នុងឆ្នាំ២០១៨ ហើយបន្ទាប់មក កើនដល់៣៩,៩២លាននាក់ នៅក្នុងឆ្នាំ២០១៩ នៅមុនពេលផ្ទុះវិបត្ដិជំងឺរាតត្បាតកូវីដ។
ក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម (NESDC) បានថ្លែង ថា វិស័យទេសចរណ៍ បានដើរតួនាទីយ៉ាងសំខាន់ សម្រាប់ការអភិវឌ្ឍប្រទេសថៃ។ វិស័យទេសចរណ៍ ជួយបង្កើនប្រាក់ចំណូលបាន ចំនួន១៨,៤ភាគរយ ឬស្មើនឹងប្រហែលជិត១ភាគប្រាំ នៃផលិតផលក្នុងស្រុកសរុបរបស់ប្រទេសថៃ៕










