សហរដ្ឋអាមេរិក ៖ ហេតុការណ៍មួយបានធ្វើឱ្យអ្នកដំណើរតាមយន្តហោះបាត់បង់ទំនុកចិត្ត គឺវាបានកើតឡើងនៅអាកាសយានដ្ឋានអន្តរជាតិ Miami សហរដ្ឋអាមេរិក ។ កាមេរ៉ាសុវត្ថិភាពបានចាប់រូបភាពអាកប្បកិរិយារបស់បុគ្គលិកសន្តិសុខផ្នែកដឹកជញ្ជូននៅអាមេរិក (TSA) ចំនួន២នាក់ ដែលរួមដៃគ្នាលួចទ្រព្យសម្បត្តិមានតម្លៃពីកាបូបអ្នកដំណើរ ក្នុងអំឡុងពេលអ្នកដំណើរយកកាបូបពួកគេបញ្ចូលក្នុងម៉ាស៊ីនកាំរស្មីអិច ។

បុគ្គលិកសន្តិសុខនៅក្នុងរូបនេះឈ្មោះ Labarius Williams អាយុ៣៣ឆ្នាំ និងម្នាក់ទៀតឈ្មោះ Jose Gonzalez អាយុ២០ឆ្នាំ ។ បុគ្គលិកសន្តិសុខទាំង២នាក់បានរួមដៃគ្នាលួចយកទ្រព្យសម្បត្តិមានតម្លៃក្នុងកាបូបអ្នកដំណើរ កាលពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៣ ។Security staff at a US airport caught stealing from passengers' bags, video  goes viral - GulfToday

បើតាមរូបភាព គេនឹងឃើញបុរសឈ្មោះ Labarius Williams ចាប់ទាញអ្វីម្យ៉ាងចេញពីកាបូបអ្នកដំណើរបន្តិចម្តងៗ រួចដាក់វាចូលក្នុងហោប៉ៅអាវរបស់ខ្លួន ។ ដូចគ្នានេះ បុរសឈ្មោះ Jose Gonzalez បានលួចបើកកាបូបស្ពាយអ្នកដំណើរ និងដកលុយចេញមកដាក់ក្នុងហោប៉ៅខោរបស់ខ្លួន ។

ក្រោយពីសមត្ថកិច្ចទទួលបានពាក្យបណ្តឹងអំពីការបាត់បង់ទ្រព្យសម្បត្តិរបស់អ្នកដំណើរ ដែលមានតម្លៃប្រមាណ៦០០ដុល្លារអាមេរិក ក៏មានការត្រួតពិនិត្យកាមេរ៉ាសុវត្ថិភាពនៅអាកាសយានដ្ឋានអន្តរជាតិ Miami ។ ក្រោយមក សមត្ថកិច្ចបានប្រទះឃើញភស្តុតាងបញ្ជាក់យ៉ាងច្បាស់ក្នុងកាមេរ៉ាសុវត្ថិភាព និងចាប់ខ្លួនបុគ្គលិកសន្តិសុខទាំង២នាក់នេះ ។Airport security guards caught on camera 'stealing from passengers'  luggage' - Mirror Online

សារព័ត៌មានបរទេសចុះផ្សាយថា បុរសឈ្មោះ Jose Gonzalez យល់ព្រមធ្វើតាមលក្ខខណ្ឌ ដូចជា បង់ប្រាក់សំណងទៅឱ្យជនរងគ្រោះ២នាក់ ចំនួន៧០០ដុល្លារអាមេរិក, ធ្វើការងារផ្នែកសង្គមរយៈពេល២៥ម៉ោង និងលាឈប់ពីការងារផងដែរ ដើម្បីជាថ្នូរមិនត្រូវគេកាត់ទោស ។ ចំណែកបុរសឈ្មោះ Labarius Williams បានបដិសេធមិនព្រមធ្វើតាមលក្ខខណ្ឌនេះទេ ហើយរូបគេនឹងបន្តរឿងក្តីនៅតុលាការ ៕ ប្រភព ៖ 3 Plus News