ប្រទេសវៀតណាម ៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានជួបជាមួយលេខាធិការបក្សកុម្មុយនិស្តវៀតណាម ដើម្បីបង្កើនទំនាក់ទំនងរវាងប្រទេសអាមេរិក និងវៀតណាម ។ លោក ចូ បៃដិន បានធ្វើដំណើរមកកាន់ទីក្រុងហាណូយ កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៣ ក្រោយបញ្ចប់កិច្ចប្រជុំក្រុមប្រទេស G-20 នៅឥណ្ឌា ។ ការធ្វើដំណើរទស្សនកិច្ចមកកាន់វៀតណាមរបស់លោក ចូ បៃដិន ត្រូវបានភាគីផ្សេងៗមើលឃើញថា ជាការរឹតចំណងមិត្តភាពរវាងអាមេរិក និងវៀតណាម ព្រោះប្រទេសទាំងពីរធ្លាប់ធ្វើសង្គ្រាមជាមួយគ្នាអស់រយៈពេលដ៏យូរក្នុងសង្គ្រាមវៀតណាម ។Biden's Vietnam embrace repeats past US mistakes | Politics | Al Jazeera

ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានជួបជាមួយលោក Nguyen Phu Trong លេខាធិការបក្សកុម្មុយនិស្តវៀតណាម ដើម្បីបង្កើនទំនាក់ទំនងជាយុទ្ធសាស្ត្រ ហើយភាគីទាំងពីរបានធ្វើសេចក្តីថ្លែងការណ៍រួមគ្នាផងដែរ ។ លោក ចូ បៃដិន លើកឡើងថា ៖ «វៀតណាមជាប្រទេសមានអំណាចនៅលើពិភពលោក និងជាមេដឹកនាំកម្រិតតំបន់យ៉ាងសំខាន់ ហើយខ្ញុំរីករាយចំពោះដំណើរឆ្ពោះទៅមុខរបស់ប្រវត្តិសាស្ត្រនៃប្រទេសទាំងពីរ» ។

ចំណែកលោក Nguyen Phu Trong លេខាធិការបក្សកុម្មុយនិស្តវៀតណាម លើកឡើងថា ៖ «ដើម្បីផលប្រយោជន៍របស់ពលរដ្ឋប្រទេសទាំងពីរ និងបង្កើនកិច្ចសហការឈានទៅរកសន្តិភាព ស្ថេរភាព និងការអភិវឌ្ឍក្នុងស្ថានការណ៍ថ្មី ខ្ញុំ និងលោកប្រធានាធិបតី ចូ បៃដិន ក្នុងឋានៈជាអ្នកតំណាងឱ្យប្រទេសទាំងពីរបានសម្រេចចិត្តធ្វើសេចក្តីថ្លែងការណ៍រួមគ្នា ។ ហេតុនេះ វៀតណាម និងអាមេរិកអាចបង្កើនទំនាក់ទំនងជាមួយគ្នាឆ្ពោះទៅកាន់គោលដៅយុទ្ធសាស្ត្រ» ។Biden accused of sidelining Vietnam and India rights over strategic  interests | Reuters

មេដឹកនាំអាមេរិក និងវៀតណាមបានធ្វើសេចក្តីថ្លែងការណ៍ដើម្បីបញ្ជាក់ពីកិច្ចសហការផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ ។ លោក ចូ បៃដិន បញ្ជាក់ថា សម្ព័ន្ធភាពរវាងប្រទេសទាំងពីរបានឈានទៅរកកម្រិតថ្មីមួយទៀត ។ អាមេរិកបានលុបចោលបម្រាមធ្វើពាណិជ្ជកម្មជាមួយវៀតណាម កាលពីឆ្នាំ១៩៩៤ ហើយវាជាការបើកផ្លូវសម្រាប់ផ្នែកសេដ្ឋកិច្ច ក្រោយពីប្រទេសទាំងពីរមិនបានទំនាក់ទំនងគ្នាអស់ជាង២ទសវត្សរ៍ ។

នៅឆ្នាំ២០២៣ អាមេរិក និងវៀតណាមក៏បានចាប់ផ្តើមមានទំនាក់ទំនងជាមួយគ្នា ហើយវាជាពេលវេលាដែលសម្ព័ន្ធភាពរវាងអាមេរិក និងវៀតណាមកាន់តែស៊ីជម្រៅ ខណៈទំនាក់ទំនងរវាងចិន និងអាមេរិកមានបញ្ហា ។ ចំណែកចិនក៏បានតាមដានការជួបគ្នារវាងមេដឹកនាំអាមេរិក និងវៀតណាមផងដែរ ។US, Vietnam Highlight Elevated Relationship

សារព័ត៌មាន Global Times ចុះផ្សាយថា ស្របពេលមានបញ្ហានៅសមុទ្រចិនខាងត្បូងរវាងចិន និងវៀតណាម បែរជាសម្ព័ន្ធភាពវៀតណាមជាមួយអាមេរិកកាន់តែរឹងមាំ នារយៈពេលប៉ុន្មានឆ្នាំនេះ ។ អាមេរិកកំពុងផ្តល់ភាពសំខាន់ដល់វៀតណាមយ៉ាងខ្លាំង ហើយលោក ចូ បៃដិន មិនបានចូលរួមប្រជុំមេដឹកនាំអាស៊ាននៅឥណ្ឌូណេស៊ី ប៉ុន្តែលោកជ្រើសរើសទៅវៀតណាម ក្រោយកិច្ចប្រជុំក្រុមប្រទេស G-20 ។ នេះបង្ហាញថា អាមេរិកផ្តល់ភាពសំខាន់ដល់ទំនាក់ទំនងជាមួយវៀតណាមយ៉ាងខ្លាំង ស្របតាមយុទ្ធសាស្ត្រឥណ្ឌូ-ប៉ាស៊ីហ្វិករបស់អាមេរិក ៕ ប្រភព ៖ Thai PBS