រដ្ឋធានីហ្សាការតា៖ ម៉ាឡេស៊ី កំពុងតែចេញមុខយ៉ាងខ្លាំង ជំរុញដល់ដល់កិច្ចប្រជុំកំពូលរបស់អាស៊ាន ដាក់ចេញវិធានការម៉ឺងម៉ាត់ ប្រឆាំងនឹងពួកយោធាមីយ៉ាន់ម៉ា ក្រោយពេលពួកគេ បានបង្កឲ្យវិបត្ដិយ៉ាងធ្ងន់ធ្ងរកើតឡើង ចាប់តាំងពីការកើតមានអំពើរដ្ឋប្រហារ បណ្ដេញរដ្ឋាភិបាលស៊ីវិល ជាប់ឆ្នោតតាមលទ្ធិប្រជាធិបតេយ្យ ដឹកនាំដោយលោកស្រី អ៊ោង សានស៊ូជី (Aung San Suu Kyi) ចេញពីអំណាច កាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១រហូតមក។
សារព័ត៌មាន Al Jazeera បានចេញផ្សាយ នៅថ្ងៃអង្គារ ទី៥ ខែកញ្ញា ថា ប្រទេសម៉ាឡេស៊ី កំពុងតែអំពាវនាវ ដល់កិច្ចប្រជុំកំពូលរបស់អាស៊ាន ឱ្យមានវិធានការដ៏ខ្លាំងក្លា ប្រឆាំងនឹងមេដឹកនាំយោធាមីយ៉ាន់ម៉ា ព្រោះពួកគេ បានក្លាយជាឧបសគ្គ រារាំងដល់ការអនុវត្តផែនការស្តារសន្តិភាព អស់រយៈពេលជាង២ឆ្នាំមកនេះ ចាប់តាំងពីពួកយោធា បានដណ្តើមអំណាច នៅក្នុងអំពើរដ្ឋប្រហារ។
សារដ៏ធ្ងន់ធ្ងររបស់ម៉ាឡេស៊ី បានកើតឡើង ចំពេលសមាជិកសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ហៅកាត់ អាស៊ាន កំពុងតែបើកកិច្ចប្រជុំកំពូលរបស់ខ្លួន នៅរដ្ឋធានីហ្សាកាតា។ កិច្ចប្រជុំកំពូលប្រចាំឆ្នាំរបស់អាស៊ាន នឹងមានភាពតានតឹងយ៉ាងខ្លាំង ជុំវិញបញ្ហាមីយ៉ាន់ម៉ា ក៏ដូចជា ស្ថានការណ៍នៅក្នុងសមុទ្រចិនខាងត្បូង ដែលកំពុងតែមានជម្លោះដ៏តានតឹងជាមួយនឹងសម្ពន្ធភាពរបស់ប្លុកមួយនេ។
លោក ហ្សាមប៊ី អាប់ឌូល កាឌា (Zambry Abdul Kadir) រដ្ឋមន្រ្ដីក្រសួងការបរទេសម៉ាឡេស៊ី បានប្រាប់ដល់ក្រុមអ្នកកាសែត ក្រោយកិច្ចប្រជុំកំពូលរបស់ប្រមុខការទូតអាស៊ាន នៅរដ្ឋធានីរបស់ឥណ្ឌូណេស៊ី ថា «ម៉ាឡេស៊ី និង ប្រទេសសមាជិកផ្សេងៗទៀត បានផ្តល់ទស្សនៈ ថា យើងមិនអាចអនុញ្ញាតឱ្យមីយ៉ាន់ម៉ា បន្តធ្វើសកម្មភាព ដោយគ្មានវិធានការដ៏ខ្លាំងក្លា និង មិនមានប្រសិទ្ធភាពលើរបបយោធានោះឡើយ»។
លោកឧត្តមសេនីយ៍ មីន អ៊ោងហ្លាង (Min Aung Hlaing) បានដឹកនាំកងទ័ព ធ្វើរដ្ឋប្រហារ កាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១ ដណ្ដើមអំណាចពីរដ្ឋាភិបាលជាប់ឆ្នោតរបស់មីយ៉ាន់ម៉ា ដឹកនាំដោយលោកស្រី អ៊ោង សានស៊ូជី (Aung San Suu Kyi )។ ក្រោយអំពើរដ្ឋប្រហារនោះ មេដឹកនាំរបបសឹកបានយល់ព្រម ចំពោះអ្វីដែលហៅថាការឯកភាព៥ចំណុចដើម្បីបញ្ចប់វិបត្តិ នៅក្នុងប្រទេសមីយ៉ាន់ម៉ា នៅក្នុងកិច្ចប្រជុំកំពូលពិសេសរបស់អាស៊ាន។
ដោយឡែក ពួកមេដឹកនាំរបបយោធា មិននបានខិតខំប្រឹងប្រែអនុវត្តផែនការនេះទេ ហើយអំពើហិង្សា បានកើនឡើង ដោយសារតែយោធាកំពុងតែប្រយុទ្ធជាមួយក្រុមជនស៊ីវិលប្រដាប់អាវុធ ប្រឆាំងនឹងការដណ្តើមអំណាចរបស់ខ្លួន។ មេដឹកនាំរដ្ឋប្រហារយោធា បានរងនូវការចោទប្រកាន់ពីបទឧក្រិដ្ឋកម្មសង្គ្រាម សម្រាប់ការបង្ក្រាបដ៏ឃោរឃៅប្រឆាំងនឹងជនស៊ីវិល៕










