កិច្ចប្រជុំអាស៊ានលើកទី៤៣ ដែលឥណ្ឌូនេសុីធ្វើជាម្ចាស់ផ្ទះ នឹងត្រូវប្រព្រឹត្តិទៅចាប់ពីថ្ងៃទី៥-៧ ខែកញ្ញា ឆ្នាំ២០២៣ ដែលនឹងលើកយកប្រធានបទធំៗចំនួន២ គឹវិបត្តិនយោបាយនៅក្នុងប្រទេសមីយ៉ាន់ម៉ា និងជម្លោះសមុទ្រចិនខាងត្បូង យកមកពិភាក្សាស្វែងរកដំណោះស្រាយ។
នៅក្នុងកិច្ចប្រជុំអាស៊ានលើកនេះ គេមិនបានឃើញមេដឹកនាំប្រទេសមហាអំណាចទាំងបី គឺលោក ចូ បៃដិន លោក ស៊ី ជិនពីង និងលោក ពូទីន ចូលរួមនោះទេ។
ក្នុងនោះលោក ចូ បៃដិន បានជ្រើសយកការប្រជុំប្រទេស G20 នៅឥណ្ឌាជាធំ ដោយលោកនឹងត្រូវធ្វើដំណើរទៅឥណ្ឌានៅថ្ងៃទី៧ រួចបន្តទៅប្រទេសវៀតណាមនៅថ្ងៃទី១០ មុននឹងត្រឡប់មកអាមេរិកវិញ។
ដោយឡែកលោក ស៊ី ជិនពីង វិញ នឹងមិនចូលរួមកិច្ចប្រជុំណាទាំងអស់ នាក្នុងខែនេះ មិនថាកិច្ចប្រជុំអាស៊ាន ឬG20 នោះទេ ដោយលោកចាត់ឱ្យនាយករដ្ឋមន្ត្រីចិន លោក Li Qiang ទៅជំនួស។
ចំពោះលោក ពូទីន វិញ ចាប់តាំងពីមានសង្គ្រាមជាមួយអ៊ុយក្រែនមក លោកមិនបានចូលរួមកិច្ចប្រជុំណាទាំងអស់ ដែលមានប្រទេសលោកខាងលិចចូលរួម។
ក្រោយពីបញ្ចប់កិច្ចប្រជុំអាស៊ានលើកទី៤៣នេះ ប្រទេសមួយចំនួនទៀត ក៏នឹងត្រូវចូលរួមកិច្ចប្រជុំG20 ដែលឥណ្ឌាធ្វើជាម្ចាស់ផ្ទះ ចាប់ពីថ្ងៃទី៧ដល់១០ ខែកញ្ញា ខាងមុខនេះ៕










