ជប៉ុនជាប្រទេសមួយដែលនៅតែមានអ្នកជឿលើអបិយជំនឿផ្សេងៗទាក់ទងអំពីខ្មោច។ រឿងរ៉ាវដ៏គួរឱ្យរន្ធត់ដែលប្រជាជនជប៉ុនតែងតែនិយាយតៗគ្នាអំពី តុក្កតាខ្មោចមានសក់វែងនោះគឺជារឿងពិត ដែលវាកើតឡើងដោយផ្ទាល់នៅក្នុងប្រទេសជប៉ុនកាលពីឆ្នាំ ១៩៣៨ មកម្លេះ។
បច្ចុប្បន្នតុក្កតា Okiku ត្រូវបានប្រជាជជប៉ុនគោរពបូជានៅប្រាសាទមួយក្នុងទីក្រុង Iwamizawa។ តុក្កតានេះ មានពាក្យចចាមអារ៉ាមថា ជាតុក្កតាខ្មោចដែលតែងតែមានសក់ដុះវែងដូចមនុស្សពិតប្រាកដ ហើយមានអ្នកខ្លះទៀតនិយាយថា វាមានវិញ្ញាណក្មេងស្រីតូចម្នាក់ចូលសណ្ឋិត។
រឿងនេះមានដំណាលមួយនិយាយថា នៅឆ្នាំ ១៩១៨ មានក្មេងប្រុសម្នាក់ឈ្មោះ Eikichi Suzuki អាយុ ១៧ ឆ្នាំ បានទិញតុក្កតាមួយទៅឱ្យប្អូនស្រីរបស់គេដែលមានឈ្មោះថា Okiku ដែលនាងមានអាយុ ៣ ឆ្នាំ។ Okiku ស្រលាញ់តុក្កតានេះខ្លាំងណាស់ មិនយូរប៉ុន្មាននាងចាប់ផ្ដើមធ្លាក់ខ្លួនឈឺ ក្ដៅខ្លាំង រហូតដល់គាំបេះដូងស្លាប់តែម្ដង។ តុក្កតានេះមានកំពស់មិនដល់ ៤០ សង់ទីម៉ែត្រនោះទេ ហើយមានសក់ត្រឹមស្មា និងមានស្លៀកឈុតបុរាណរបស់ជនជាតិជប៉ុន។
បន្ទាប់មកគ្រួសាររបស់ក្មេងស្រីនោះបានរក្សាទុកតុក្កតាមួយនេះ នៅក្នុងទីសក្ការបូជាតូចមួយនៅក្នុងផ្ទះ ហើយពួកគេក៏បានដាក់ឈ្មោះតុក្កតានោះថា Okiku ដើម្បីរក្សាទុកការចងចាំ។
រហូតដល់ថ្ងៃមួយ ពួកគេបានកត់សម្គាល់ឃើញថា មានរឿងចម្លែកកើតឡើងពីតុក្កតានោះ ដោយសក់របស់តុក្កតានោះ កាន់តែដុះវែងទៅៗមិនគួរឱ្យជឿ ប្រៀបដូចសក់មនុស្សដែលមានការលូតលាស់ជារៀងរាល់ថ្ងៃ។ រឿងចម្លែកនេះបានធ្វើឱ្យគ្រួសាររបស់ក្មេងស្រីមានជំនឿថា តុក្កតានេះមានវិញ្ញាណកូនស្រីសណ្ឋិត ហើយពួកគេជឿថា កូនស្រីរបស់ពួកគេគឺនៅរស់។
នៅឆ្នាំ ១៩៣៨ គ្រួសាររបស់ក្មេងស្រី Okiku បានផ្លាស់ប្តូរទីលំនៅ ហើយបានយកតុក្កតាខ្មោចនេះទៅប្រាសាទ Manenji ។ ក្រោយមក តុក្កតា Okiku ក៏បានក្លាយជានិមិត្តរូបនៃប្រាសាទតូចមួយនេះ ក្នុងការបួងសួងសុំកូនស្រី។ អ្វីដែលសំខាន់អ្នកដែលចូលទៅក្នុងប្រាសាទចង់ឃើញតុក្កតាខ្មោចនោះ គឺមិនត្រូវបានអនុញ្ញាតឱ្យថតរូបឡើយ។ រហូតមកទល់សព្វថ្ងៃនេះ តុក្កតាខ្មោច Okiku មានសក់ប្រវែងត្រឹមជង្គង់ ហើយនៅពេលដែលសក់របស់វាដុះវែងខ្លាំងពេក ព្រះសង្ឃដែលនៅក្នុងប្រាសាទនោះ ក៏បានកាត់វាចេញដើម្បីបូជា៕