ចាប់ពីថ្ងៃទី០៤-១០ ខែកញ្ញា ឆ្នាំ២០២៣ ប្រទេសកម្ពុជាបន្តអាចមានភ្លៀងធ្លាក់ដោយសារទទួលឥទ្ធិពលពីប្រព័ន្ធសម្ពាធទាប អូសបន្លាយលើភាគខាងជើង ប្រទេសថៃ ឡាវ
និងវៀតណាម ជាមួយនឹងខ្យល់មូសុងនិរតីមធ្យម។ នេះបើតាមសេចក្តីប្រកាសរបស់ក្រសួងធនធានទឹកនិងឧតុនិយមថ្ងៃទី៤ កញ្ញា។
យោងតាមស្ថានភាពបែបនេះនឹងធ្វើឱ្យតំបន់ទំនាបកណ្តាល មានសីតុណ្ហភាពអប្បបរមាពី ២៣-២៥ °C និង សីតុណ្ហភាពអតិបរមាមានពី ៣២-៣៤ °C អាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីខ្សោយទៅមធ្យម និងមានផ្នែកខ្លះមានភ្លៀងធ្លាក់បង្គួរលាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ។
ចំណែកឯ តំបន់ខ្ពង់រាប សីតុណ្ហភាពអប្បបរមា មានពី ២២-២៤ °C និងសីតុណ្ហភាពអតិបរមា មានពី ៣២-៣៤ °C អាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីខ្សោយទៅមធ្យម លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ។
សម្រាប់ តំបន់មាត់សមុទ្រ វិញសីតុណ្ហភាពអប្បបរមា មានពី ២២-២៦ °C សីតុណ្ហភាពអតិបរមា មានពី ៣០-៣២ °C។ នៅថ្ងៃទី៤-៥ កញ្ញា នឹងអាចមានភ្លៀងធ្លាក់នៅក្នុងកម្រិតពីមធ្យមទៅច្រើន លាយឡំផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ បន្ទាប់ពីនោះភ្លៀងធ្លាក់ថមថយមកក្នុងកម្រិតពីតិចទៅមធ្យម។ លើផ្ទៃសមុទ្រអាចមានភ្លៀង ខ្យល់ និងរលកសមុទ្រកម្ពស់មធ្យម ៕










