រដ្ឋធានីញូវដេលី៖ ប្រទេសម៉ាឡេស៊ី និង ហ្វីលីពីន កំពុងតែចូលរួមជាមួយនឹងឥណ្ឌា តវ៉ាប្រឆាំងនឹងការគូសវាសផែនទីថ្មីរបស់រដ្ឋាភិបាលក្រុងប៉េកាំង ទាមទារយកដែនដី នៅក្នុងតំបន់ជម្លោះ តាមអ្វីដែលក្រសួងការបរទេសចិន បានអះអាង អំពីក្ដីសង្ឃឹម លើភាគីពាក់ព័ន្ធ អាចមើលឃើញផែនទីស្ដង់ដារថ្មី នៅក្នុងគោលដៅ និង វិធីសាស្រ្ដសមហេតុផល។

សារព័ត៌មាន Channel News Asia បានចេញផ្សាយ នៅថ្ងៃសុក្រ ទី១ ខែកញ្ញា ថា ប្រទេសម៉ាឡេស៊ី និង ហ្វីលីពីន កំពុងតែធ្វើឡើង ស្របនឹងសកម្មភាពរបស់ឥណ្ឌា តវ៉ាប្រឆាំងនឹងប្រទេសចិន ជុំវិញការបោះពុម្ពផែនទីថ្មី ទាមទារដែនដី នៅតំបន់មានជម្លោះ ស្របពេលឥណ្ឌូណេស៊ី អះអាង ថា ការគូសខ្សែបន្ទាត់ដែនដីណាមួយ ត្រូវតែធ្វើឡើង ដោយអនុលោមតាមច្បាប់នានារបស់អន្ដរជាតិ។

ក្រសួងធនធានធម្មជាតិចិន កាលពីថ្ងៃទី២៨ ខែសីហា បានចេញផ្សាយផែនទីមួយឈ្មោះ «China Standard Map Edition 2023 (ឆាយណាស្ដែនដាដម៉ែប អេឌីសិន ២០២៣)» ដោយបង្ហាញ អំពីការទាមទារដែនដី នៅសមុទ្រចិនខាងត្បូង ដែលមានជម្លោះ ជាមួយនឹងប្រទេសម៉ាឡេស៊ី វៀតណាម ហ្វីលីពីន និង ប្រ៊ុយណេ ព្រមទាំងតំបន់ដីមួយចំនួនទៀត ស្ថិតក្នុងប្រទេសឥណ្ឌា និង រុស្ស៊ី។Map shows border disputes between China and India.

ការចេញផ្សាយផែនទីថ្មីរបស់ចិន កើតឡើង នៅមុនកិច្ចប្រជុំកំពូលរបស់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) នឹងត្រូវធ្វើឡើង នៅក្នុងប្រទេសឥណ្ឌូនេស៊ី ចន្លោះពីថ្ងៃទី៥ ដល់ថ្ងៃទី៧ ខែកញ្ញា និង កិច្ចប្រជុំកំពូលរបស់ក្រុមប្រទេសមានសេដ្ឋកិច្ចជឿនលឿន G20 ចន្លោះពីថ្ងៃទី៩ ដល់ថ្ងៃទី១០ ខែកញ្ញា នៅក្នុងប្រទេសឥណ្ឌា ស្របពេលមេដឹកនាំចិន ត្រូវគេរំពឹង ថា នឹងអញ្ជើញទៅចូលរួម នៅក្នុងកិច្ចប្រជុំនោះផងដែរ។

សារព័ត៌មានរបស់ម៉ាឡេស៊ី The Star បានរាយការណ៍ ថា លោក ហ្សាមប្រ៊ី អាប់ឌូល កាឌៀរ (Zambry Abdul Kadir) រដ្ឋមន្ត្រីក្រសួងការបរទេសម៉ាឡេស៊ី បានបញ្ជាក់ កាលពីថ្ងៃព្រហស្បតិ៍ (ទី៣១ ខែសីហា) ថា ប្រទេសម៉ាឡេស៊ី បានផ្ញើលិខិតតវ៉ាមួយ ទៅកាន់ប្រទេសចិន ក្រោយការទាមទាររបស់ក្រុងប៉េកាំង នៅសមុទ្រចិនខាងត្បូង ក៏ដូចជា ការគូសវាផែនទីថ្មីនេះ ផងដែរ។Zambry meets over 80 heads of missions of foreign countries

ការប្ដឹងតវ៉ានេះ បានកើតឡើង ក្រោយពេលក្រសួងការបរទេសម៉ាឡេស៊ី បានថ្លែង នៅមុននេះ ថា ម៉ាឡេស៊ី មិនទទួលស្គាល់ ចំពោះការទាមទារដែនដីរបស់ចិន នៅសមុទ្រចិនខាងត្បូង។ រីឯផែនទីថ្មីគូសវាសដោយប្រទេសចិន នឹងមិនមានសិទ្ធិអំណាចអ្វី មកលើប្រទេសម៉ាឡេស៊ី នោះឡើយ។

លោករដ្ឋមន្ត្រីក្រសួងការបរទេសម៉ាឡេស៊ី បានថ្លែង នៅខាងក្រៅព្រឹត្ដិការណ៍ឯករាជ្យ ថា សកម្មភាពបន្ទាប់របស់ម៉ាឡេស៊ី កំពុងតែធ្វើឡើង ក្រោយពេលមានសេចក្ដីថ្លែងការណ៍របស់ក្រសួងការបរទេសម៉ាឡេស៊ី បានផ្ញើកំណត់ការទូតតវ៉ា ទៅកាន់ប្រទេសចិន។Beijing's Map Draws Neighbors' Ire With Bold Territorial Claims

ក្រសួងការបរទេសម៉ាឡេស៊ី កាលពីថ្ងៃពុធ បានបញ្ជាក់ ថា ផែនទីមាននេះ ស្ថិតក្នុងចំណោមបញ្ហាផ្សេងៗទៀត ដោយបានបង្ហាញ អំពីការទាមទារដែនដីជាឯកតោភាគីរបស់ចិន នៅសមុទ្រខាងត្បូង ដោយរួមទាំងតំបន់សមុទ្ររបស់ម៉ាឡេស៊ី ស្ថិតក្នុងរដ្ឋសាបាស (Sabah) និង រដ្ឋសារ៉ាវ៉ាក (Sarawak)។

ជាមួយគ្នានេះដែរ លោកស្រី រេតណូ ម៉ាស៊ូឌី (Retno Marsudi) រដ្ឋមន្រ្ដីក្រសួងការបរទេសឥណ្ឌូណេស៊ី បានបញ្ជាក់ កាលពីថ្ងៃព្រហស្បតិ៍ (ទី៣១ ខែសីហា) ថា ការគូសវាសខ្សែព្រំដែនណាមួយ ត្រូវតែធ្វើឡើង អនុលោមតាមអនុសញ្ញាអង្គការសហប្រជាជាតិ ស្តីពីច្បាប់សមុទ្រ ឆ្នាំ១៩៨២ ហៅកាត់ UNCLOS 1982។.

បើតាមទីភ្នាក់ងារសារព័ត៌មានរបស់បារាំង AFP បានឲ្យដឹង ថា អាជ្ញាធរឥណ្ឌា កាលពីថ្ងៃអង្គារ (ទី២៩ ខែសីហា) បានតវ៉ាយ៉ាងខ្លាំងក្លា ប្រឆាំងនឹងការគូសវាសផែនទីថ្មីរបស់ចិន។Vietnam opposes new China map claiming South China Sea islands | The Star

ផែនទីថ្មីរបស់ប្រទេសចិន ត្រូវបានគេរាយការណ៍ អំពីការទាមទារភាពជាកម្មសិទ្ធិ នៅលើដែនដី ដែលរដ្ឋាភិបាលក្រុងញូវដេលី អះអាង ថា តំបន់ទាំងនោះជាទឹកដីរបស់ឥណ្ឌា រួមទាំងទឹកដីនៅជិតកន្លែង ដែលបបានប្រយុទ្ធជាមួយនឹងចិន នៅក្នុងឆ្នាំ២០២០ផងដែរ។

លោក អារីនដាម បាកឈី (Arindam Bagchi) អ្នកនាំពាក្យ ក្រសួងការបរទេសឥណ្ឌា បានបញ្ជាក់ នៅក្នុងសេចក្ដីថ្លែងការណ៍មួយ ថា «ថ្ងៃនេះ យើងបានតវ៉ាយ៉ាងខ្លាំងក្លា តាមរយៈបណ្តាញការទូត ជាមួយភាគីចិន លើអ្វីដែលហៅថា «ផែនទីស្តង់ដារឆ្នាំ២០២៣របស់ចិន ដោយបានទាមទារយកទឹកដីរបស់ឥណ្ឌា»៕