ថ្មីៗនេះតារាចម្រៀង នីគីនីគី បានប្រកាសបច្ចុប្បន្នភាពសមាជិករបស់ក្រុមនាងដែលមកទល់ពេលនេះទាំងសមាជិកថ្មីទាំងសមាជិកចាស់មានចំនួន១២នាក់នៃក្រុម Worksolid ដោយសុំមិនរាប់ឆ្កែចូល។ ហើយការសរសេរពាក្យនេះបណ្តាលឱ្យមានអ្នកគិតវែងឆ្ងាយថាជាការបង្កប់ន័យស៊ីជម្រៅណាមួយ រហូត នីគីនីគី ថាពាក្យនេះមិនបានបង្កប់ន័យអ្វីនោះទេ ម្តេចក៏គិតវែងឆ្ងាយម្ល៉េះ ខណៈការប្រកាសសមាជិកនេះគេសង្កេតឃើញថាមិនមានវត្តមាន មិន ចេនី និងប្អូនស្រីឡើយ។
នៅថ្ងៃទី៣១ ខែសីហា តារាចម្រៀង នីគីនីគី បានបង្ហោះថា «បុគ្គលម្នាក់ៗនៅក្នុងក្រុម Worksolid សុទ្ធតែមានប្រវត្តិជូរចត់ លំបាកដូចគ្នា ខុសតែសាច់រឿងតែប៉ុណ្ណោះ (សុំមិនរាប់ឆ្កែក្នុងផុសនេះ)! មានអ្នកដើរដល់ផ្លូវទាល់ បាក់ទឹកចិត្ត តែលតោល អស់មធ្យោបាយ សឹងតែបាត់បង់ខ្លួនឯង និងខ្លះទៀតហាក់ដូចជា invisible គេមើលមិនឃើញសក្ដានុពល។ ខ្ញុំមិនយល់សោះថាហេតុអ្វីចក្រវាលនាំយកបុគ្គលជាច្រើនបែបនេះមកក្បែរខ្ញុំរហូត ប៉ុន្តែប្រហែលជាដោយសារខ្ញុំធ្លាប់លំបាកហ្នឹងឯង ទើបពេលឃើញ ស្គាល់ភ្លាមថាដូចខ្លួនឯង ហើយអាចស្ដាប់ និងយល់ពីពួកគាត់។ It’s the law of attraction! មនុស្សអាត្មានិយម ឬមិនដែលលំបាកនឹងស្ដាប់មិនចូល ពិបាក relate ឬសុខចិត្តបែរខ្នងដាក់។ តែខ្ញុំពិបាកសម្ដែងធ្វើមិនយល់ណាស់! អ្នកខ្លះពេលរឹងប៉ឹងហើយក៏ចាកចេញ (ពេលខ្លះចាកចេញបែបល្អដោយសារត្រូវបន្តដំណើរជីវិតផ្លូវផ្សេង ខ្លះបែបរមើលគុណ)»។
ប្រធានក្រុមរូបនេះបន្តទៀតថា «សម្រាប់សមាជិកចាស់ៗ គឺជាបុគ្គលដែកថែប មិនងាយចុះចាញ់! រីឯបុគ្គលថ្មីៗ ឬនៅចន្លោះថ្មី និងចាស់ ខ្ញុំទុកឲ្យពេលវេលាបង្ហាញភាពខ្លាំងរបស់គាត់បន្តទៀត។ អ្វីដែលខ្ញុំដឹងឥឡូវនេះ គឺពួកគាត់យល់សុខទុក្ខក្រុម និងមិនអាត្មានិយម។ ថ្ងៃមុខយើងមើលមិនឃើញទេ តែថ្ងៃនេះ ខ្ញុំសប្បាយចិត្តពេលដែលឃើញអ្នកធ្លាប់ពិបាកដូចគ្នាដើរជល់គ្នា ជួយលើកគ្នាឡើង ហើយជះឥទ្ធិពលល្អដាក់គ្នារហូតក្លាយជាបុគ្គលដែលអាចផ្ដល់ផលប្រយោជន៍ ភាពកក់ក្ដៅ និងលទ្ធផលល្អៗជាច្រើនដល់សង្គម គ្រួសារ និងមនុស្សជុំវិញ។ ចាប់ពីពេលនេះតទៅ ប្ដេជ្ញាចិត្តជាមួយខ្ញុំ បន្តស្រឡាញ់គ្នាដោយមិនសម្ដែង បន្តដុសខាត់គ្នា ដាក់ខ្លួន ហើយកុំភ្លេចប្រភពដើមរបស់យើងឲ្យសោះ»។
តាមការរៀបរាប់ខាងលើនេះរបស់តារាចម្រៀង នីគីនីគី ត្រង់ឃ្លា (សុំមិនរាប់ឆ្កែក្នុងផុសនេះ) បានធ្វើឱ្យមានការបញ្ចេញមតិថាជាការបង្កប់ន័យស៊ីជម្រៅណាមួយ រហូតដល់ តារាចម្រៀងរូបនេះបានឆ្លើយថា ក្នុងរូបមានឆ្កែពិតមែនគ្មានបង្កប់ន័យអីទេរឿងឆ្កែហ្នឹង សូមកុំគិតខុសឆ្ងាយពេក។ នីគី ក៏បន្ថែមដោយមិនអស់ចិត្តថា ហើយគិតដល់ណាឆ្ងាយម្ល៉េះ? ហួសហើយ ហួសហើយ។
ស្របពេលដែលមានការលើកឡើងខាងលើនេះស្របពេលដែលការប្រកាសសមាជិករបស់ នីគីនីគី គ្មានវត្តមាន មិន ចេនី និងប្អូនស្រី ទើបធ្វើឱ្យមានការគិតវែងឆ្ងាយរបស់ពួកគេ ខណៈក៏មានមតិសង្ស័យថាទំនាក់ទំនងរបស់ពួកគេក្នុងក្រុមដែលតែងតែមានភាពជិតស្និទ្ធសាងភាពល្បីល្បាញជាមួយគ្នាទំនងជាប្រេះឆាហើយទើបបណ្តាលឱ្យអ្នកមួយចំនួនលើកឡើងពីបញ្ហាផ្សេងៗ៕











