ប្រទេសកូរ៉េខាងត្បូង ៖ ប្រទេសកូរ៉េខាងត្បូងបានទទួលជោគជ័យក្នុងការនាំចេញ «សាច់គោហាន់អ៊ូ» ដែលជាសាច់គោពិសេសប្រចាំជាតិទៅកាន់ប្រទេសកម្ពុជាលើកដំបូង ។ នេះចាត់ទុកថា វាជាជំហានសំខាន់មួយទៀតរបស់ការចរចារយៈពេលយូររហូតដល់៨ឆ្នាំ គឺកម្ពុជាបានក្លាយជាទីផ្សារទី៣ បន្តពីហុងកុង និងម៉ាឡេស៊ី ហើយកម្ពុជា ជាប្រទេសដំបូងគេក្នុងអាងទន្លេមេគង្គ ដែលទទួលយកសាច់គោហាន់អ៊ូ ពីប្រទេសកូរ៉េខាងត្បូងផងដែរ ។
ក្រសួងកសិកម្ម ស្បៀងអាហារ និងកិច្ចការជនបទកូរ៉េខាងត្បូងបានបង្ហាញពីសក្តានុពលរបស់កម្ពុជា ក្នុងឋានៈជាទីផ្សារបង្កើតប្រាក់ចំណូលពីការនាំចេញសាច់គោហាន់អ៊ូ ហើយកម្ពុជាក៏ជាទីផ្សារនាំចេញដ៏ធំបំផុតសម្រាប់សាច់គោ Wagyu របស់ប្រទេសជប៉ុនទៀតផង ។ ហេតុនេះ វាបានក្លាយជាគោលដៅដ៏ល្អមួយរបស់ប្រទេសកូរ៉េខាងត្បូង ដើម្បីបង្កើតការយល់ដឹងកាន់តែច្រើននៅតំបន់អាស៊ីអាគ្នេយ៍ ។
ក្រសួងកសិកម្ម ស្បៀងអាហារ និងកិច្ចការជនបទកូរ៉េខាងត្បូងព្យាករណ៍ថា ការនាំចេញសាច់គោហាន់អ៊ូ នឹងកើនឡើងយ៉ាងខ្លាំង ហើយសង្ឃឹមថា នៅឆ្នាំ២០២៥ បរិមាណការនាំចេញនឹងស្មើប្រមាណ១.០០០តោនក្នុង១ឆ្នាំ ។ ដូច្នេះ វានឹងកើនឡើងរហូតដល់២០ដង បើធៀបនឹងចំនួននាំចេញកាលពីឆ្នាំ២០២២ ដែលស្មើត្រឹមតែ៤៤តោនប៉ុណ្ណោះ ។
ប្រទេសកូរ៉េខាងត្បូងនឹងនាំចេញសាច់គោហាន់អ៊ូ ទៅកាន់សណ្ឋាគារប្រណីត និងភោជនីយដ្ឋានធំៗនៅប្រទេសកម្ពុជា ។ ដូច្នេះ យុទ្ធសាស្ត្រនេះមានគោលបំណងកំណត់ទីតាំងផ្សារសាច់គោហាន់អ៊ូ ឱ្យក្លាយជាជម្រើសដំបូងគេសម្រាប់អតិថិជនដែលមានការយល់ដឹង និងមើលឃើញពីគុណតម្លៃរបស់សាច់គោមានគុណភាពល្អបំផុត ។
ទោះយ៉ាងណា សាច់គោនៅប្រទេសកូរ៉េខាងត្បូងមានតម្លៃថ្លៃជាងនៅប្រទេសជាច្រើនទៀត ។ បើតាមការសិក្សាក្នុងឆ្នាំ២០២១ របស់ Consumers Korea បង្ហាញថា តម្លៃជាមធ្យមរបស់សាច់គោ Sirloin ដែលបានចិញ្ចឹមនៅក្នុងប្រទេសកូរ៉េខាងត្បូង គឺស្មើប្រមាណ១១០ដុល្លារអាមេរិកក្នុង១គីឡូក្រាម ហើយវាថ្លៃបំផុតក្នុងចំណោមប្រទេសអភិវឌ្ឍន៍ទាំង១០ រួមទាំងអាមេរិក, ចិន, ជប៉ុន និងបារាំង ៕
ប្រភព ៖ AEC connect










