ប្រទេសជប៉ុន ៖ នាយករដ្ឋមន្ត្រីជប៉ុន លោក Fumio Kishida បានបរិភោគអាហារសមុទ្រដែលចាប់បាននៅឆ្នេរសមុទ្រខេត្ត Fukushima ព្រមទាំងបញ្ជាក់ថា វាមានរសជាតិឆ្ងាញ់ និងសុវត្ថិភាព ។ លោកនាយករដ្ឋមន្ត្រីជប៉ុនបរិភោគអាហារសមុទ្រនេះ ដើម្បីកាត់បន្ថយការបារម្ភពាក់ព័ន្ធនឹងផលប៉ះពាល់ដោយសារការបង្ហូរទឹកមានលាយសារធាតុវិទ្យុសកម្មចេញពីរោងចក្រថាមពលនុយក្លេអ៊ែរចូលក្នុងសមុទ្រ ។
រដ្ឋាភិបាលជប៉ុនបានចេញផ្សាយវីដេអូមួយបង្ហាញពីនាយករដ្ឋមន្ត្រីជប៉ុន លោក Fumio Kishida និងរដ្ឋមន្ត្រី៣រូបទៀតបរិភោគអាហារសមុទ្រស្រស់ៗដែលចាប់បានពីឆ្នេរសមុទ្រខេត្ត Fukushima កាលពីថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៣ ។ ក្នុងវីដេអូនេះ គេឃើញមេដឹកនាំប្រទេសជប៉ុនបានអញ្ជើញឱ្យអ្នកទស្សនាបរិភោគអាហារសមុទ្ររបស់ជប៉ុនដែលមានរសជាតិឆ្ងាញ់ និងសុវត្ថិភាព ដើម្បីគាំទ្រការនេសាទនៅតំបន់ភាគឦសានប្រទេសជប៉ុន ។![]()
លោក Yasutoshi Nishimura រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងឧស្សាហកម្ម ដែលទទួលខុសត្រូវផ្នែកគោលនយោបាយនុយក្លេអ៊ែរ បានលើកឡើងក្រោយពីជួបជាមួយនាយករដ្ឋមន្ត្រីជប៉ុនថា លោក Fumio Kishida បានបរិភោគអាហារសមុទ្រជាមួយបាយ ។ លោក Yasutoshi Nishimura និយាយថា ៖ «រដ្ឋាភិបាលជប៉ុនចង់ជូនដំណឹងទៅកាន់ពលរដ្ឋជប៉ុន និងប្រទេសនានាថា អាហារសមុទ្រដែលចាប់បាននៅជិតរោងចក្រថាមពល Fukushima មានសុវត្ថិភាព» ។
ការផ្សព្វផ្សាយវីដេអូនេះកើតឡើងក្រោយពីប្រទេសចិនហាមនាំចូលអាហារសមុទ្រគ្រប់ប្រភេទពីជប៉ុនភ្លាមៗ ដោយសារជប៉ុនចាប់ផ្តើមបង្ហូរទឹកលាយសារធាតុវិទ្យុសកម្មចេញពីរោងចក្រថាមពលនុយក្លេអ៊ែរចូលក្នុងមហាសមុទ្រប៉ាស៊ីហ្វិក កាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣ ។ ក្រៅពីនេះ ជប៉ុនបានប្រឈមនឹងការប្រឆាំងតវ៉ា និងការគំរាមផ្សេងៗដូចជា ការហៅទូរស័ព្ទរំខានដល់អាជីវកម្មជប៉ុន និងការអំពាវនាវហាមនាំចូលផលិតផលជប៉ុន ។
នាយករដ្ឋមន្ត្រីជប៉ុន លោក Fumio Kishida បានពន្យល់ទៅប្រទេសនានាថា ការបង្ហូរទឹកចេញពីរោងចក្រគ្មានគ្រោះថ្នាក់ដល់សុខភាពទេ ហើយគ្រប់លក្ខខណ្ឌបានអនុវត្តតាមស្តង់ដារវិទ្យាសាស្ត្រ ហើយជប៉ុននឹងផ្សព្វផ្សាយទិន្នន័យត្រួតពិនិត្យការបំពុលទឹកសមុទ្រយ៉ាងបើកចំហ ។
លោកនាយករដ្ឋមន្ត្រីជប៉ុនមានគម្រោងធ្វើដំណើរទៅប្រទេសឥណ្ឌូណេស៊ី និងឥណ្ឌា សរុបរយៈពេល៧ថ្ងៃ គឺចាប់ពីថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៣ តទៅ ដើម្បីចូលរួមក្នុងកិច្ចប្រជុំកំពូលមេដឹកនាំអាស៊ាន និងក្រុមប្រទេស G20 ។ អ្នកវិភាគនិយាយថា តើលោកនាយករដ្ឋមន្ត្រីជប៉ុននឹងមានឱកាសជជែកជាមួយមេដឹកនាំចិនដែរឬទេ? ខណៈលោកនាយករដ្ឋមន្ត្រី Li Qiang នឹងចូលរួមក្នុងកិច្ចប្រជុំអាស៊ាន ហើយប្រធានាធិបតីចិន លោក ស៊ី ជិនពីង អាចចូលរួមកិច្ចប្រជុំក្រុមប្រទេស G20 ៕
ប្រភព ៖ Nation World News










