កូនប្រុសពៅសម្តេចក្រឡាហោម ស ខេង លោកឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរងនគរបាលជាតិ ត្រូវបានរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ស សុខា ចេញសេចក្ដីសម្រេច ប្រគល់ភារកិច្ចឱ្យកាន់មុខតំណែងជាស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ។
លោកឧត្តមសេនីយ៍ឯក ស រដ្ឋា គឺជាអតីតអគ្គនាយករងនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងទើបត្រូវបានផ្លាស់ប្ដូរមកជាអគ្គស្នងការរងនៃអគ្គស្នងការដ្ឋាននគរបាលជាតិ កាលពីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៣។
ការចេញទៅកាន់មុខតំណែងជាស្នងការនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ របស់លោកឧត្តមសេនីយ៍ឯក ស រដ្ឋា បានធ្វើឡើងបន្ទាប់ពីលោកឧត្តមសេនិយ៍ទោ ជួន ណារិន បានផ្ទេរភារកិច្ចពីស្នងការនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ មកជាអគ្គស្នងការរងនៃអគ្គស្នងការដ្ឋាននគរបាលជាតិ ទទួលភារកិច្ចជាស្នងការនគរបាលរាជធានីភ្នំពេញ៕










