ប្រទេសវៀតណាម ៖ នៅចុងខែសីហា ឆ្នាំ២០២៣ ធនាគារកណ្តាលវៀតណាមបានចុះហត្ថលេខាលើកិច្ចព្រមព្រៀង ដើម្បីក្លាយជាផ្នែកមួយនៃគំនិតផ្តួចផ្តើមរបស់ប្រទេសចំនួន៥ នៅតំបន់អាស៊ីអាគ្នេយ៍ ក្នុងការកសាងយន្តការទូទាត់ប្រាក់ឆ្លងប្រទេសនីមួយៗ ។ ប្រទេសវៀតណាមនឹងចូលរួមជាមួយឥណ្ឌូណេស៊ី ម៉ាឡេស៊ី ថៃ ហ្វីលីពីន និងសិង្ហបុរី ដើម្បីតភ្ជាប់ប្រព័ន្ធទូទាត់ប្រាក់របស់ប្រទេសនីមួយៗ រួមទាំងការប្រើប្រាស់ប្រព័ន្ធ QR Code សម្រាប់ការលក់រាយផងដែរ ។

ក្រៅពីនេះ ប្រទេសឥណ្ឌូណេស៊ី ម៉ាឡេស៊ី និងថៃ បានព្រមព្រៀងគ្នាដំណើរការអាជីវកម្មឆ្លងកាត់ព្រំដែនសម្រាប់ទ្រព្យសម្បត្តិហិរញ្ញវត្ថុ ដូចជា ភាគហ៊ុនជារូបិយប័ណ្ណក្នុងស្រុក ។ ទេសាភិបាលធនាគារកណ្តាលឥណ្ឌូណេស៊ីបញ្ជាក់ថា ការសហការគ្នាតភ្ជាប់ប្រព័ន្ធទូទាត់ប្រាក់ឆ្លងប្រទេស មិនត្រឹមតែបង្កលក្ខណៈងាយស្រួលក្នុងការពាណិជ្ជកម្ម និងវិនិយោគប៉ុណ្ណោះទេ ប៉ុន្តែវាក៏បានលើកកម្ពស់ការបត់បែនផងដែរ នៅពេលប្រឈមនឹងភាពមិនប្រាកដប្រជានៃអត្រាប្តូរប្រាក់លើពិភពលោក ។

ប្រទេសឥណ្ឌូណេស៊ីបានតភ្ជាប់ប្រព័ន្ធទូទាត់ប្រាក់តាមរយៈការប្រើប្រាស់ QR Code ជាមួយប្រទេសថៃ និងម៉ាឡេស៊ីរួចហើយ ហើយនៅឆ្នាំ២០២៣ ប្រទេសឥណ្ឌូណេស៊ីនឹងតភ្ជាប់ប្រព័ន្ធទូទាត់ប្រាក់តាមរយៈការប្រើប្រាស់ QR Code ជាមួយប្រទេសសិង្ហបុរីបន្ថែមទៀត ។

បណ្តាប្រទេសនៅតំបន់អាស៊ីអាគ្នេយ៍ដែលមានមនុស្សរស់នៅសរុបជាង៦០០លាននាក់ បានប្រឈមនឹងការយឺតយ៉ាវដើម្បីបង្រួបបង្រួមសេដ្ឋកិច្ចរួមគ្នា តាមរយៈការធ្វើពាណិជ្ជកម្ម និងការវិនិយោគ, ការតភ្ជាប់ទីផ្សារ រួមទាំងធ្វើឱ្យការអនុវត្តស្តង់ដារ និងការបង់ពន្ធស្របគ្នា ៕ ប្រភព ៖ AEC connectVietnam joins Southeast Asian effort on cross-border payments | Reuters