ភ្នំគូលែនជាទីតាំងប្រវត្តិសាស្ត្រ និង ក៏ជាភ្នំសក្ការបូជានៅក្នុងប្រទេសកម្ពុជា។ នៅទីតាំងដ៏ពិសិដ្ឋមួយនេះបានបន្សល់ទុកនូវប្រាសាទបុរាណ និងស្ថានីយ៍បុរាណជាច្រើនកន្លែង។ក្រៅពីនេះក៏មានតំបន់ទឹកធ្លាក់គួរជាទីកម្សាន្តមនោរម្យជាច្រើនកន្លែងទៀត។
ប្រសិនបើភ្ញៀវទេសចរណ៍ បានទៅកម្សាន្តនៅ លើខ្នងភ្នំគូលែន លោកអ្នកមិនគួរមើលរំលងទឹកធ្លាក់ អន្លង់រុនដែលជាកន្លែងទឹកធ្លាក់ដ៏ស្ងប់ស្ងាត់ សម្រាប់សម្រាកលំហែកាយបានយ៉ាងប្រសើរ។
ដោយសារមានអំណោយផលល្អ មានទេសភាពស្រស់ត្រកាល អមដោយព្រៃឈើសងខាង និងទឹកហូរកាត់ថ្មថ្លាឈ្វេង ត្រជាក់ស្រេង អាចអនុញ្ញាតឱ្យភ្ញៀវទេសចរ ចុះងូតលេងយ៉ាងសប្បាយរីករាយជាមួយនឹងជម្រៅទឹករាក់ៗ។
នៅទីនោះក៏មានកញ្ចុះ ដែលជារបស់ប្រជាសហគមន៍នៅក្នុងតំបន់ការពារធម្មជាតិព្រៃធំពពេល បានសាងសង់ឡើងសម្រាប់ទទួលភ្ញៀវទេសចរហើយ និងបម្រើសេវាកម្មម្ហូបអាហារជាដើ។
ក្រៅពីនេះនៅផ្នែកខាងក្រោមមិនឆ្ងាយប៉ុន្មាន មានទីវាលលេងដីខ្សាច់ម៉ត់សស្អាតដែលមានទឹកធ្លាក់ពីលើថ្មបែកទឹកសំពោងយើងអាចចុះងូតលេងបាន។ នៅទីវាលកន្លែងនេះយើងក៏អាចអង្គុយញ៉ាំបាយក្រោមដើមឈើធំៗចោលម្លប់ត្រឈឹងត្រឈៃ ផ្តល់នូវអារម្មណ៍យ៉ាងស្រស់ស្រាយ ជាលក្ខណៈគ្រួសារ មិត្តភក្តិ និងគូស្នេហ៍។
មិនតែប៉ុណ្ណោះនៅទីនោះ ក៏អនុញ្ញាតឱ្យបោះតង់បានដែរ ដោយភ្ញៀវទេសចរមិនចាំបាច់មានកង្វល់បញ្ហាសុវត្ថិភាពនោះទេ ព្រោះថាមានប្រជាការពារ ចាំការពារភ្ញៀវទេសចរជានិច្ច៕
រូបភាព៖ Everlasting Trip










