ទីក្រុងតៃប៉ិ៖ នៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ រដ្ឋាភិបាលក្រុងប៉េកាំង បាន និង កំពុងតែបង្កើនសម្ពាធ កាន់តែខ្លាំងក្លាឡើង ទាំងនយោបាយ ការទូត សេដ្ឋកិច្ច និង យោធា ប្រឆាំងនឹងរដ្ឋាភិបាលក្រុងតៃប៉ិ ដើម្បីចាប់បង្ខំឲ្យទទួលយកនូវដែនអធិបតេយ្យភាពរបស់ប្រទេសចិន ហើយឥឡូវនេះ កំពុងតែបន្ដបញ្ជូនយន្ដហោះចម្បាំង និង នាវាយោធា ទៅជុំវិញដែនកោះតៃវ៉ាន់ ដែលគ្រប់គ្រងដោយខ្លួនឯង តាមបែបលទ្ធិប្រជាធិតេយ្យ។
សារព័ត៌មាន Taiwan News បានចេញផ្សាយ នៅថ្ងៃចន្ទ ទី២៨ ខែសីហា ថា ក្រសួងការពារជាតិតៃវ៉ាន់ បានបញ្ជាក់ ថា កាលពីវេលាម៉ោង៦ព្រឹក ថ្ងៃអាទិត្យ និង វេលាម៉ោង៦ ថ្ងៃចន្ទ ចិន បានបញ្ជូនយន្ដហោះយោធា ចំនួន១១គ្រឿង និង នាវាចម្បាំង ចំនួន៤គ្រឿង ធ្វើសកម្មភាព នៅជុំវិញកោះតៃវ៉ាន់។ នៅក្នុងចំណោមយន្ដហោះយោធារបស់កងទ័ពរំដោះប្រជាជនចិន ទាំងនោះ ក៏មានយន្ដហោះគ្មានមនុស្សបើក ឬ ដ្រូនឈ្លបយកការណ៍ BZK-005 ចំនួនមួយគ្រឿង ហោះ ចូលមកលើខ្សែបន្ទាត់មធ្យម នៃច្រកសមុទ្រតៃវ៉ាន់ ហើយហោះតាមបណ្ដោយផ្នែកខាងជើង នៃតំបន់កំណត់ព្រំដែនការពារដែនអាកាសរបស់តៃវ៉ាន់ (ADIZ)។
ស្របគ្នានេះ យន្ដហោះទម្លាក់គ្រាប់បែកមួយគ្រឿងរបស់ចិន ប្រភេទ Xian H-6 បានហោះហើរ នៅផ្នែកខាងត្បូង នៃតំបន់កំណត់ព្រំដែនការពារដែនអាកាសរបស់ខ្លួន ខណៈយន្ដហោះចម្បាំង Shenyang J-16 ចំនួន២គ្រឿង និង យន្ដហោះប្រយុទ្ធ Chengdu J-10 ចំនួន២គ្រឿង បាននៅតំបន់ភាគនិរតី នៃកោះតៃវ៉ាន់។
ជាការឆ្លើយតបវិញនោះ តៃវ៉ាន់ បានបញ្ជូនយន្ដហោះ និង នាវាចម្បាំងរបស់ខ្លួន តាមឃ្លាំមើល ហើយប្រើប្រាស់ប្រព័ន្ធមីស៊ីលបាញ់ពីលើដីទៅអាកាស តាមដានសកម្មភាពរបស់កងទ័ពរំដោះប្រជាជនចិន។
ក្រសួងការពារជាតិតៃវ៉ាន់ បានសង្កត់ធ្ងន់ ថា រហូតមកដល់ខែសីហា នេះ ក្រុងប៉េកាំង បានបញ្ជូនយន្ដហោះយោធា ចំនួន៣៥១គ្រឿង និង នាវាចម្បាំងជាច្រើនប្រភេទ ចំនួន១៨៤គ្រឿង មកជុំវិញកោះតៃវ៉ាន់។ ចាប់តាំងពីខែកញ្ញា ឆ្នាំ២០២០ រហូតមក ប្រទេសចិន បានបង្កើននូវការប្រើប្រាស់យុទ្ធសាស្រ្ដតំបន់ប្រផេះរបស់ខ្លួន ដោយការបង្កើនចំនួនយន្ដហោះចម្បាំង និង នាវាយោធា ធ្វើប្រតិបត្ដិការ នៅជុំវិញតៃវ៉ាន់។
យុទ្ធសាស្ត្រតំបន់ប្រផេះ ត្រូវបានកំណត់ ថា វាជាកិច្ចខិតខំប្រឹងប្រែង ឬ កិច្ចព្យាយាមជាបន្ដបន្ទាប់ លើសពីការរារាំង និង ធានាស្ថិរភាព ដែលសម្រេចបាននូវគោលដៅសន្តិសុខ ដោយមិនងាកទៅរកការប្រើប្រាស់កម្លាំង ដោយផ្ទាល់ និង ទំហំធំនោះឡើយ។
ក្រុមមន្រ្ដីជំនាញយោធារបស់លោកខាងលិច ធ្លាប់អះអាង កាលពីពេលថ្មីៗនេះ ថា បច្ចុប្បន្ន ប្រទេសចិន កំពុងតែប្រឈមមុខនឹងបញ្ហាសេដ្ឋកិច្ចធ្លាក់ចុះយ៉ាងខ្លាំង។ បញ្ហានេះ មិនមែនជារឿងល្អនោះឡើយ ហើយរដ្ឋាភិបាលក្រុងប៉េកាំង អាចនឹងជ្រើសរើសជម្រើសផ្សេងៗ គឺវាយប្រហារទៅលើកោះតៃវ៉ាន់។ ប្រសិនបើមេដឹកនាំចិន លោក ស៊ី ជិនពីង ជ្រើសរើសយកជម្រើសបែបនេះមែន គឺចិន នឹងផុងខ្លួន ដូចលោក វ៉្លាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ី បានគណនាខុសជាយុទ្ធសាស្រ្ដ ធ្វើឲ្យរដ្ឋាភិបាលក្រុងមូស្គូ ជាប់ផុងយ៉ាងជ្រៅ នៅក្នុងសង្គ្រាម នៅអ៊ុយក្រែន៕










