រឿងភាគស៊េរី ‘The Idol’ របស់ HBO ដែលមាន Jennie សមាជិកក្រុម BLACKPINK សម្តែងជាលើកដំបូងត្រូវបានសម្រេចចិត្តមិនបន្តរដូវកាលទី២។ ការសម្រេចចិត្តលុបចោលគម្រោងទី២នេះធ្វើឡើងបើទោះបីជាមានការចាប់អារម្មណ៍ខ្លាំងពីស៊េរីរឿងនេះសម្រាប់ការសម្ដែងដែលមានតួអង្គល្បីៗ ខណៈក៏មានមតិរិះគន់ខ្លាំងក្លាដូចគ្នាដោយសារតែឈុតឆាកមានលក្ខណៈស៊ិចស៊ីពេក។
នៅថ្ងៃទី២៩ ខែសីហា បណ្តាញផ្សព្វផ្សាយជាច្រើនរបស់អាម៉េរិកបានរាយការណ៍ថា HBO បានសម្រេចចិត្តមិនបន្តរដូវកាលទីពីរនៃរឿង ‘The Idol’ ។ តាមសេចក្តីរាយការណ៍ពីអ្នកនាំពាក្យរបស់ HBO បាននិយាយថា «បន្ទាប់ពីការពិភាក្សាយ៉ាងទូលំទូលាយ យើងរួមជាមួយនឹងផលិតករបានសម្រេចចិត្តមិនបន្តរដូវកាលទីពីរ។ យើងសូមថ្លែងអំណរគុណចំពោះផលិតករ តួសម្តែង និងក្រុមនាវិកដែលបានបង្ហាញនូវកម្មវិធីដ៏អស្ចារ្យបែបនេះ»។
គួរបញ្ជាក់ផងដែរថា ‘The Idol’ ជារឿងភាគស៊េរីមួយបានចេញផ្សាយដំបូងនៅលើ HBO នៅថ្ងៃទី៤ ខែមិថុនាដែលមានចំនួន៥ភាគ។ រឿងនេះនិយាយពីមនោសញ្ចេតនារបស់តារាចម្រៀងប៉ុប និងអ្នកដឹកនាំនៃការគោរពសាសនាអាថ៌កំបាំង ព្រមទាំងបានលាយឡំជាមួយការបញ្ចេញក្បាច់រាំ និងភាពស៊ិចស៊ី។
តួអង្គល្បីៗនៅក្នុងរឿងនេះក្រៅពី Jennie មានដូចជា The Weeknd , Lily-Rose Dep , Troye Sivan ជាដើមតែមិនដូចជាការរំពឹងថានឹងទទួលបានការគាំទ្រយ៉ាងខ្លាំងក្លាទេផ្ទុយមកវិញគ្រាន់តែភាគដំបូងប៉ុណ្ណោះរឿងនេះរងនូវមតិរិះគន់យ៉ាងខ្លាំងដែលសាច់រឿងនិងពាក្យសម្តីរបស់តួអង្គហាក់មិនផ្តល់តម្លៃឱ្យស្រ្តី៕










