រដ្ឋធានីវ៉ាស៊ីនតោន៖ ជាមួយនឹងស្ថានការណ៍ នៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក កំពុងតែកើនកម្ដៅ កាន់តែខ្លាំងឡើងនោះ សហរដ្ឋអាមេរិក ជប៉ុន អូស្រ្ដាលី និង ហ្វីលីពីន កំពុងតែចាប់ផ្ដើមធ្វើសមយុទ្ធរួមគ្នា នៅក្នុងតំបន់នេះ ហើយមេបញ្ជាការកងទ័ពជើងទឹករបស់ក្រុងវ៉ាស៊ីនតោន ក៏បានព្រមានធ្ងន់ៗ ទៅដល់រដ្ឋាភិបាលក្រុងប៉េកាំង ត្រូវតែផ្លាស់ប្ដូរឥរិយាបថដ៏គឃ្លើនរបស់ខ្លួន នៅក្នុងសមុទ្រចិនខាងត្បូង។
សារព័ត៌មានអារ៉ាប់អន្ដរជាតិ Alarabiya News បានចេញផ្សាយ កាលពីព្រឹក ថ្ងៃចន្ទ ទី២៨ ខែសីហា ថា លោកមេបញ្ជាការកងនាវាទី៧របស់សហរដ្ឋអាមេរិក បានបញ្ជាក់ កាលពីថ្ងៃអាទិត្យ (ទី២៧ ខែសីហា) ថា «អាកប្បកិរិយាដ៏គឃ្លើនរបស់ប្រទេសចិន នៅក្នុងសមុទ្រចិនខាងត្បូង រួមទាំងការប្រើប្រាស់កាណុងទឹក បង្កឡើងដោយកងឆ្មាំសមុទ្ររបស់ចិន បាញ់ទឹកទៅលើនាវាហ្វីលីពីន ត្រូវតែប្រឆាំង និង ត្រួតពិនិត្យឡើងវិញ»។
លោកឧត្ដមនាវីរង ខាល ថូម៉ាស (Karl Thomas) មេបញ្ជាការកងនាវាទី៧របស់សហរដ្ឋអាមេរិក បានធានាដល់ប្រទេសហ្វីលីពីន ចំពោះកិច្ចគាំទ្ររបស់សហរដ្ឋអាមេរិក នៅក្នុងការប្រឈមមុខជាមួយនឹង«បញ្ហាប្រឈមមុខរួមគ្នា» នៅក្នុងតំបន់។ រីឯកងកម្លាំងរបស់ខ្ញុំ បានចេញមកទីនេះ ដោយមានហេតុផលមួយសមស្រប។
កងនាវាទី៧ ក្លាយជាកងនាវាដ៏ធំបំផុតរបស់សហរដ្ឋអាមេរិក មានមូលដ្ឋានយោធា នៅក្នុងប្រទេសជប៉ុន។ កងនាវាទី៧នេះ តែងតែប្រតិបត្ដិការ ដោយនាវាចម្បាំង ចំនួន៧០គ្រឿង ហើយមានយន្ដហោះចំនួន១៥០គ្រឿង និង កងទ័ពជើងទឹក ជាង២៧ ០០០នាក់ និង ធ្វើប្រតិបត្ដិការ នៅក្នុងតំបន់ទំហំ១២៤លានគីឡូម៉ែត្រការ៉េ ចាប់តាំងពីមូលដ្ឋានយោធានានា នៅក្នុងប្រទេសជប៉ុន កូរ៉េខាងត្បូង និង សិង្ហបុរី។
លោកឧត្ដមនាវីរង ខាល ថូម៉ាស បានប្រាប់ដល់ទីភ្នាក់ងារសារព័ត៌មាន Reuters ថា «អ្នកត្រូវតែប្រកួតប្រជែងជាមួយនឹងមនុស្ស ដែលខ្ញុំនឹងនិយាយ ថា ប្រតិបត្តិការ នៅក្នុងតំបន់ពណ៌ប្រផេះ។ នៅពេលពួកគេ ធ្វើសកម្មភាព កាន់តែច្រើនឡើង ហើយរុញអ្នក អ្នកត្រូវតែរុញគេឲ្យថយវិញ ហើយអ្នកត្រូវតែបើកនាវា និង ធ្វើប្រតិបត្ដិការ។ វាពិតជាមិនមែនជាគំរូល្អប្រសើរ ចំពោះអាកប្បកិរិយាយ៉ាងគឃ្លើន ច្រើនជាងសកម្មភាព កាលពីថ្ងៃទី៥ ខែសីហា ដោយបានបាញ់ទឹកដាក់នាវាច្បាំងរបស់ហ្វីលីពីន»។
កងនាវាឆ្មាំសមុទ្ររបស់ចិន កាលពីថ្ងៃទី៥ ខែសីហា បានប្រើប្រាស់កាណុងបាញ់ទឹក បាញ់ដាល់លើនាវារបស់កងទ័ពហ្វីលីពីន ដែលកំពុងតែដឹកគ្រឿងផ្គត់ផ្គង់ ទៅដល់កម្លាំងយោធារបស់ខ្លួន ឈរជើងនៅលើនាវាចម្បាំងរបស់ក្រុងម៉ានីល នៅក្នុងសមុទ្រចិនខាងត្បូង។ សកម្មភាពបែបនេះ អាចនឹងនាំឲ្យមាននូវការបង្កើតកំហុស នៅក្នុងការប្រជែងគ្នា រវាងសហរដ្ឋអាមេរិក និង ចិន នៅក្នុងតំបន់។
លោកឧត្ដមនាវីរង ខាល ថូម៉ាស មេបញ្ជាការកងនាវាទី៧របស់សហរដ្ឋអាមេរិក បានបញ្ជាក់ ថា គាត់បានពិភាក្សាគ្នាជាមួយនឹងលោកឧត្តមនាវីរង អាល់ប៊ែរតូ កាឡូស (Alberto Carlos) មេបញ្ជាការយោធភូមិភាគបស្ចិមរបស់ហ្វីលីពីន ដែលមើលការខុសត្រូវ នៅក្នុងសមុទ្រចិនខាងត្បូង ដើម្បីឈ្វេងយល់ អំពីបញ្ហាប្រឈមរបស់ហ្វីលីពីន និង ស្វែងរកឱកាសជួយហ្វីលីពីន»។
លោកឧត្ដមនាវីរង ខាល ថូម៉ាស កាលពីថ្ងៃសៅរ៍ បានអះអាង ថា គាត់បានចូលរួមហោះហើរ ចេញពីរដ្ឋធានីម៉ានីល (Manila) ប្រទេសហ្វីលីពីន ដើម្បីត្រួតពិនិត្យមើល នៅសមុទ្រចិនខាងត្បូង។
ប្រទេសហ្វីលីពីន បានឈ្នះលើការកាត់ក្ដីរបស់អាជ្ញាកណ្តាលអន្តរជាតិ ប្រឆាំងនឹងប្រទេសចិននៅក្នុងឆ្នាំ២០១៦ ក្រោយពេលសាលាក្តីអន្ដរជាតិមួយនេះ បានអះអាង ថា ការទាមទារដ៏ទូលំទូលាយរបស់រដ្ឋាភិបាលក្រុងប៉េកាំង នៅសមុទ្រចិនខាងត្បូង មានទំហំផ្ទៃក្រឡា ៣,៥លានគីឡូម៉ែត្រការ៉េ ដែលភាគច្រើនបំផុត ជាដែនអធិបតេយ្យភាពរបស់ចិន មិនមានមូលដ្ឋាន ស្របតាមផ្លូវច្បាប់នោះឡើយ។
រដ្ឋាភិបាលក្រុងប៉េកាំង បានសាងសង់កោះសិប្បនិមិត្ត សម្រាប់ជាមូលដ្ឋានយោធា នៅសមុទ្រចិនខាងត្បូង ហើយការទាមទារអធិបតេយ្យភាព ជាប្រវត្តិសាស្ត្រ ត្រួតលើតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ហ្វីលីពីន វៀតណាម ម៉ាឡេស៊ី ប្រ៊ុយណេ និងឥណ្ឌូនេស៊ី ទើបនាំឲ្យមានជម្លោះជាមួយនឹងប្រទេសទាំងនេះ នៅក្នុងតំបន់។
បើទោះជាយ៉ាងណា ស្ថានទូតចិន ប្រចាំនៅរដ្ឋធានីម៉ានីល មិនទាន់បានឆ្លើយតបភ្លាមៗ ជុំវិញការអត្ថាធិប្បាយរបស់មេបញ្ជាការកងទ័ពជើងទឹកសហរដ្ឋអាមេរិក នោះឡើយ៕










