បរទេស៖ នៅក្នុងឆមាសទីមួយនៃឆ្នាំនេះ ក្រុមហ៊ុន Emaar Properties ដែលជាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យដ៏ធំបំផុតរបស់ទីក្រុងឌូបៃ បានឃើញជនជាតិចិនមានចំនួន ៨% ដែលបានទិញផ្ទះនៅទីក្រុងនេះ ខណៈពេលដែលឆ្នាំមុន សមាមាត្រនេះមានត្រឹមតែ ៤% ប៉ុណ្ណោះ។
យោងតាមក្រុមហ៊ុនហិរញ្ញវត្ថុ CI Capital បានឱ្យដឹងថា អតិថិជនចិនបានក្លាយជាកត្តាដ៏សំខាន់មួយក្នុងការជួយជំរុញអំណាចទិញនៅទីផ្សារអចលនទ្រព្យរបស់អេមីរ៉ាតអារ៉ាប់រួម ដែលវាជាតម្រូវការដ៏ខ្ពស់បំផុតក្នុងឆ្នាំនេះ។ អ្នកជំនាញ CI Capital លោក Sara Boutros បានប៉ាន់ប្រមាណថា ប្រាក់ចំណូលរបស់ក្រុមហ៊ុន Emaar អាចឈានដល់ ៩.៣ ពាន់លានដុល្លារ នៅឆ្នាំនេះ កើនឡើង ១០% បើធៀបនឹងឆ្នាំ ២០២២។
ទីផ្សារអចលនទ្រព្យឌូបៃកំពុងរីកចម្រើនយ៉ាងខ្លាំង បន្ទាប់ពីការធ្លាក់ចុះ ៧ ឆ្នាំជាប់ៗគ្នា ទីផ្សារនេះបានចាប់ផ្តើមងើបឡើងវិញពី Covid-១៩ ដោយសាររលកនៃអ្នកទិញបរទេស ដូចជា រុស្ស៊ី និងមហាសេដ្ឋីរូបិយប័ណ្ណឌីជីថល រង្វង់ហិរញ្ញវត្ថុអាស៊ី រហូតដល់អ្នកមានជនជាតិចិន។
កាលពីដើមខែនេះ ឈ្មួញកណ្តាលអចលនទ្រព្យដែលមានមូលដ្ឋាននៅទីក្រុងឌូបៃ Allsopp បាននិយាយថាការលក់ទៅឱ្យជនជាតិចិនបានកើនឡើង ១៣០% នៅក្នុងឆមាសទីមួយនៃឆ្នាំនេះ ក្នុងនោះប្រតិបត្តិការសាច់ប្រាក់មានរហូតដល់ ៧៨%។
នាយកប្រតិបត្តិក្រុមហ៊ុន Allsopp លោក Lewis Allsopp បាននិយាយថា “ប្រជាជនចិនតែងតែបង់ប្រាក់ជាសាច់ប្រាក់សម្រាប់ប្រតិបត្តិការអចលនទ្រព្យ” មូលហេតុគឺដោយសារអតិថិជនមួយក្រុមនេះមានដើមទុនគ្រប់គ្រាន់មុននឹងសម្រេចចិត្តទៅបណ្តាក់ទុននៅក្រៅប្រទេស ដូច្នេះពួកគេអាចទូទាត់ជាសាច់ប្រាក់ភ្លាមៗ ដើម្បីមានភាពងាយស្រួល។
លោក Lewis បានព្យាករណ៍ថា ភ្ញៀវទេសចរចិននឹងប្រកួតប្រជែងជាមួយភ្ញៀវរុស្ស៊ីនៅក្នុងទីផ្សារអចលនទ្រព្យឌូបៃនៅចុងឆ្នាំនេះ ដោយពួកគេចូលចិត្តការអភិវឌ្ឍន៍ប្រណីតដែលមានម៉ាកយីហោ និងវីឡាទំនើប។ ដូចនេះ តម្រូវការវីឡា ផ្ទះល្វែង និងអាផាតមិនប្រណីតនឹងបន្តកើនឡើងក្នុងឆមាសទីពីរនៃឆ្នាំនេះ៕
ប្រភព៖vnexpress










