ប្រទេសវៀតណាម ៖ នៅពេលនិយាយពីកាហ្វេ ប្រាកដណាស់ថា យើងនឹងនឹកឃើញដល់ប្រទេសប្រេស៊ីល ឬកូឡុំប៊ី ហើយយើងមិនបានគិតដល់វៀតណាមទេ ។ ប៉ុន្តែវៀតណាមគឺជាប្រទេសនាំចេញកាហ្វេក្នុងលំដាប់ទី២ លើពិភពលោក ។ មុននឹងសួរថា ហេតុអ្វីវៀតណាមក្លាយជាប្រទេសនាំចេញកាហ្វេដ៏ច្រើនបែបនេះ ? យើងត្រូវត្រឡប់ទៅមើលចំណុចចាប់ផ្តើម ដែលកាហ្វេបានមកដល់ប្រទេសវៀតណាម ។Vietnam's coffee export expected to hit 4 billion USD this year Tin Thanh  Dat Joint Stock Company

កាលពីឆ្នាំ១៨៥៧ ជនជាតិបារាំងបាននាំគ្រាប់កាហ្វេមកកាន់ប្រទេសវៀតណាម ហើយកាហ្វេអារ៉ាប៊ីកា គឺជាពូជកាហ្វេដំបូងគេដែលបានដាំដុះនៅប្រទេសនេះ ដោយសារវៀតណាមមានអាកាសធាតុក្តៅអំណោយផលដល់ដំណាំកាហ្វេ ទើបធ្វើឱ្យឧស្សាហកម្មនេះចាប់ផ្តើមរីកចម្រើននៅតំបន់អណ្ណាម ។ ក្រោយមក នៅឆ្នាំ១៩៥០ ប្រទេសវៀតណាមបានបង្កើតរោងចក្រកែច្នៃកាហ្វេលើកដំបូង ហើយពលរដ្ឋវៀតណាមគិតថា កាហ្វេជាដំណាំនៃក្តីសង្ឃឹម ព្រោះពួកគេអាចនាំចេញវាក្នុងតម្លៃខ្ពស់ រហូតដល់ពេលកើតសង្គ្រាមនៅវៀតណាម បានធ្វើឱ្យដំណាំកាហ្វេត្រូវផ្អាក ។

ក្រោយពីបញ្ចប់សង្គ្រាមវៀតណាមនៅឆ្នាំ១៩៧៥ រដ្ឋាភិបាលបានអនុវត្តប្រព័ន្ធសេដ្ឋកិច្ចបែបសង្គមនិយម ក្នុងនោះរដ្ឋាភិបាលកាន់ពាណិជ្ជកម្មផ្តាច់មុខ ប៉ុន្តែផ្នែកឯកជនខ្វះខាតការធ្វើពាណិជ្ជកម្មសេរី ។ ដូច្នេះ ការអនុវត្តប្រព័ន្ធសេដ្ឋកិច្ចនេះមិនអាចនាំប្រទេសវៀតណាមឱ្យអភិវឌ្ឍន៍ទៅមុខបានទេ ។Trade deal expected to stimulate Vietnamese coffee exports to EU

ទោះយ៉ាងណា នៅឆ្នាំ១៩៨៦ ប្រទេសវៀតណាមបានធ្វើកំណែទម្រង់សេដ្ឋកិច្ចថ្មីឆ្ពោះទៅរកប្រព័ន្ធមូលធននិយម ដោយចាប់ផ្តើមអនុវត្តគោលនយោបាយសេដ្ឋកិច្ច «Doi Moi» ។ ចាប់ពីពេលនោះមក សេដ្ឋកិច្ចវៀតណាមបានរីកចម្រើនបន្តិចម្តងៗ និងធ្វើឱ្យឧស្សាហកម្មកាហ្វេចាប់ផ្តើមរីកលូតលាស់ម្តងទៀត ។ វៀតណាមបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយប្រទេសក្នុងតំបន់ និងក្រៅតំបន់ ដោយចាប់ពីឆ្នាំ១៩៩០ ដល់ឆ្នាំ១៩៩៩ ទិន្នផលផលិតកាហ្វេនៅវៀតណាមបានរីកចម្រើនជាបន្តបន្ទាប់ គឺចាប់ពីប្រមាណ២០% ទៅ៣០% ជារៀងរាល់ឆ្នាំ ។ ចុងក្រោយ វៀតណាមបានក្លាយជាប្រទេសនាំចេញកាហ្វេដ៏ច្រើនស្ថិតក្នុងលំដាប់ទី២ លើពិភពលោក និងនាំមុខប្រទេសកូឡុំប៊ី ។Vietnam still No.2 coffee exporter | Business | Vietnam+ (VietnamPlus)

ក្រៅពីនេះ ឧស្សាហកម្មកាហ្វេបានរួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញសេដ្ឋកិច្ចជាតិ និងជួយបង្កើតការងារដល់ពលរដ្ឋ ក៏ដូចជាកាត់បន្ថយភាពក្រីក្រផងដែរ ។ នៅឆ្នាំ១៩៩៤ ពលរដ្ឋវៀតណាមស្ថិតក្នុងភាពក្រីក្រប្រមាណ៦០% ប៉ុន្តែបច្ចុប្បន្ន ភាពក្រីក្រនៅសល់ត្រឹមតែ១០% ប៉ុណ្ណោះ ។ កត្តាជោគជ័យរបស់កាហ្វេវៀតណាមមួយទៀតបន្ថែមលើកំណែទម្រង់សេដ្ឋកិច្ច គឺវៀតណាមបានជ្រើសរើសដាំកាហ្វេរ៉ូប៊ូស្តា ដែលមានបរិមាណជាតិកាហ្វេអ៊ីនពី១,៦% ដល់២,៧% ដោយមានពណ៌កាហ្វេខាប់ និងមានរសជាតិខ្លាំងជាងកាហ្វេអារ៉ាប៊ីកា ។ ដូច្នេះ កាហ្វេវៀតណាមអាចនាំចេញទៅកាន់ប្រទេសលោកខាងលិច និងបណ្តាប្រទេសផ្សេងទៀតយ៉ាងឆាប់រហ័ស ។

តាមទិន្នន័យរបស់សមាគមកាហ្វេវៀតណាមបង្ហាញថា កាហ្វេជាផលិតផល១ ក្នុងចំណោមផលិតផលកសិកម្មចំនួន៦ ដែលបានបង្កើតប្រាក់ចំណូលជាង៣ពាន់លានដុល្លារអាមេរិកក្នុង១ឆ្នាំ ហើយវៀតណាមបាននាំចេញកាហ្វេទៅប្រទេសជាង៨០ នៅលើពិភពលោក ក្នុងនោះអតិថិជនធំបំផុត គឺសហភាពអឺរ៉ុប, អាមេរិក, រុស្ស៊ី, ជប៉ុន និងអង់គ្លេស ។ ចំណែកអង្គការកាហ្វេអន្តរជាតិបង្ហាញថា វៀតណាមនៅតែកាន់តំណែងជាប្រទេសនាំចេញកាហ្វេច្រើនបំផុតក្នុងលំដាប់ទី២ លើពិភពលោក បើគិតចាប់ពីខែកុម្ភៈ ឆ្នាំ២០២១ ដល់ខែមករា ឆ្នាំ២០២២ ៕ ប្រភព ៖ AEC connect