មុនទម្លាក់បទ «20out now» ជាផ្លូវការបទចម្រៀងថ្មីមួយបទនេះរបស់ ទេព ពិសិដ្ឋ ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងទៅហើយពីសំណាក់យុវវ័យ មិនត្រឹមតែយុវវ័យទេសូម្បីតារាៗល្បីជាច្រើនបានដាក់បទនេះលេងនៅក្នុងទិកតុកយ៉ាងច្រើន។ ខណៈគ្រាន់តែទម្លាក់បទនេះជាផ្លូវការភ្លាមនៅលើឆាណែលយូធូបរបស់តារាចម្រៀងរូបនេះឡើង Subscribers ក្រឺតៗតែម្តង។.png)
រយៈពេលចុងក្រោយនេះមហាជនកាន់តែសម្លឹងឃើញពីទេពកោសល្យសិល្បៈរបស់តារាចម្រៀងវ័យក្មេង ទេព ពិសិដ្ឋ ក្រោយពីរូបគេនិយមច្រៀងបទបែបហ៊ីបហបវិញម្តង ជាពិសេសកាន់តែទទួលបានការចាប់អារម្មណ៍ច្រើនពីសំណាក់មហាជនក្រោយពីបង្ហាញខ្លួនជាមួយ វណ្ណដា ដោយភាពសិ្នទ្ធិស្នាល។ ខណៈអ្នកគាំទ្របានលើកឡើងថា វណ្ណដា ទំនងបានបណ្តុះបណ្តាលបង្ហាញផ្លូវដល់សិស្សប្អូនរូបនេះហើយទើប ទេព ពិសិដ្ឋ កាន់តែឡើងទឹកដៃមិនធម្មតា។
អ្វីដែលកាន់តែចាប់អារម្មណ៍នោះ នៅយប់ថ្ងៃទី២៣ ខែសីហា បទចម្រៀងដែលកំពុងទទួលបានការគាំទ្រពីមហាជនមានចំណងជើងថា «20out now» របស់ ទេព ពិសិដ្ឋ បានទម្លាក់ជាផ្លូវការហើយនៅលើឆាណែលយូធូបផ្ទាល់ខ្លួនរបស់គេ។ ក្រោយពីទម្លាក់មួយបទនេះគេសង្កេតឃើញថាឆាណែលយូធូបរបស់គេកាន់តែឡើង Subscribers ជាបន្តបន្ទាប់តែម្តង ខណៈមានមតិយោបល់ជាច្រើនពីសំណាក់ទស្សនិក ដោយបានកោតសរសើរទៅលើបទចម្រៀងនេះដែលអាចទម្លុះទីផ្សារគួរឱ្យកត់សម្គាល់ផងដែរ។
គិតត្រឹម១៣ម៉ោងនៃការទម្លាក់បទ «20out now» ទេព ពិសិដ្ឋ ទទួលបានអ្នកទស្សនា 59K views និងមានអ្នកចុច Subscribed ជាង28K។
គូសបញ្ជាក់ថា ទេព ពិសិដ្ឋ កំពុងក្លាយជាតារាចម្រៀងវ័យក្មេងមួយរូបរះក្នុងចិត្តមហាជនទៅលើសិល្បៈរបស់គេខាងវិស័យរ៉េបដែលទៅអនាគតអាចជាធនធានមួយប្រកបដោយគុណភាពមានភាពជោគជ័យកាន់តែខ្លាំងលើអាជីពនេះ ព្រមជាមួយក្តីសង្ឃឹមថានឹងឆ្ពោះទៅកាន់ឆាកអន្តរជាតិនាថ្ងៃណាមួយដូចជា វណ្ណដា ៕
		
	









