ដូចមហាជនអ្នកស្នេហាវិស័យបវរកញ្ញាជ្រាបមកហើយថាម្ចាស់មកុដ២៧ម៉ឺនដុល្លារ Miss Grand Cambodia 2023 បានរកឃើញហើយគឺបានទៅលើ ភឹម ស្រីនោ Miss Grand ភ្នំពេញ។ ទោះយ៉ាងណាម្ចាស់មកុដឆ្នាំនេះមានទាំងមតិគាំទ្រ និងមិនគាំទ្រ ខណៈអ្នកមួយចំនួនធំសម្តែងក្តីសោកស្តាយទៅលំដាប់រងទី១ កុយ អេណា និងកើតក្តីអាណិតជាពន់ពេកទៅលើលំដាប់រងទី២ អ៊ិន លក្ខណា។
នៅរាត្រីថ្ងៃទី ១៩ ខែសីហា គឺជាថ្ងៃដ៏ពិសេសក្នុងការស្វែងរកម្ចាស់មកុដថ្មីនៃកម្មវិធី MGC2023 និងត្រៀមតំណាងប្រទេសកម្ពុជាទៅកាន់ឆាកអន្តរជាតិបានរកឃើញហើយក្នុងនោះមានទាំងការសប្បាយចិត្តជាមួយម្ចាស់ជ័យលាភីនិងកើតអារម្មណ៍សោកស្តាយដែលមិនអាចគណនាបានទៅលើបេក្ខនារីដែលមិនអាចទទួលជ័យជម្នះ។
ភឹម ស្រីនោ ជាម្ចាស់មកុដ Miss Grand Cambodia 2023 ត្រូវបានមហាជនលើកឡើងថាពិតជាស័ក្តិសមមិនចម្លែកនោះទេព្រោះនៅពេលឆ្លើយសំណួរមកកាន់Top5 Miss Grand ភ្នំពេញ ចេះបន់បែនបានយ៉ាងរហ័សមានភាពឆ្លាតវៃ ជឿជាក់លើខ្លួនឯងត្រឹមរយៈពេល១នាទី ស្រីនោ និយាយរហូតដល់៣ភាសា រួមមានភាសាខ្មែរ អង់គ្លេស និងថៃ ដែលកាន់តែជំរុញឱ្យនាងក្លាយជាម្ចាស់មកុដ។ មិនត្រឹមតែប៉ុណ្ណោះ ភឹម ស្រីនោ ក៏ជាបរវកញ្ញាម្នាក់ដែលមានភាពតស៊ូក្នុងវិស័យនេះដូចគ្នាដោយបានឆ្លងកាត់ការប្រលង៣ដងទើបទទួលបានជ័យជម្នះ។
ភាពតស៊ូរបស់ ស្រីនោ លើវិស័យនេះមានដូចជា បានជាប់១៥នាក់ចុងក្រោយ(Top15) ក្នុងឆ្នាំ២០១៨ និងឆ្នាំ២០២១ បានជាប់១០នាក់ចុងក្រោយនៃកម្មវិធី Miss Grand Cambodia ភឹម ស្រីនោ ខណៈ២០២៣ នេះបានក្លាយជាម្ចាស់មកុដតែម្តង ព្រមទាំងតំណាងប្រទេសកម្ពុជាចូលរួមលើឆាកអន្តរជាតិ ដែលវៀតណាមធ្វើជាម្ចាស់ផ្ទះ។.png)
ជាមួយក្តីរីករាយសម្រាប់ម្ចាស់ជ័យលាភីឯក ក្នុងនោះអ្នកស្នេហាលើវិស័យនេះក៏សម្តែងអារម្មណ៍សោកស្តាយយ៉ាងខ្លាំងដូចគ្នាទៅលើលំដាប់រងទី១ គឺ កុយ អេណា Miss Grand ក្រចេះ ព្រោះអ្នកគាំទ្ររបស់បវរកញ្ញារូបនេះមានទំនុកចិត្តយ៉ាងខ្លាំងថារូបនាងនឹងក្លាយជាម្ចាស់មកុដឆ្នាំនេះ។ រីឯសមត្ថភាពរបស់ កុយ អេណា តាំងពីដើមទីនៅក្នុងកម្មវិធីមកឃើញថានាងមានអ្នកគាំទ្រច្រើនថែមទាំងសម្រស់វិញមានទម្រង់ទាក់ទាញដូចឡាទីន តាមអ្វីដែលវិស័យបវរកញ្ញាត្រូវការ។
តែគួរឱ្យសោកស្តាយសម្រាប់ កុយ អេណា និងអ្នកគាំទ្ររបស់នាងដែលមិនអាចក្លាយជាម្ចាស់មកុដបានខណៈអ្នកមួយចំនួនបានសំណូមពរឱ្យនាងចូលប្រកួតឆ្នាំក្រោយទៀត សូម្បីតែCEO Miss Grand International លោក ណាវ៉ាត់ ក៏បានលើកទឹកចិត្តឱ្យនាងចូលរួមប្រកួតម្តងទៀតដែរ។
ទន្ទឹមនឹងមានការសោកស្តាយដែល កុយ អេណា នោះលំដាប់រងទី២ អ៊ិន លក្ខណា Miss grand បៃលិន បានធ្វើឱ្យមហាជនអាណិតជាពន់ពេកសម្រាប់ លក្ខណា មានភាពតស៊ូយ៉ាងខ្លាំងលើវិស័យនេះប៉ុន្តែមិនអាចគ្រងមកុដឯកបាន និងបានត្រឹមតែជាប់ចំណាត់ថ្នាក់រង។
លក្ខណា មានភាពតស៊ូខ្លាំងណាស់ដោយនាងធ្លាប់បានចូលរួមប្រកួតដូចជាកម្មវិធី Miss Cambodia ឆ្នាំ២០១៩ Miss World Cambodia 2019 និងកម្មវិធី Miss Grand Cambodia 2021 ។
យ៉ាងណាមិញ សម្រាប់លទ្ធផលដែលមាន ភឹម ស្រីនោ ជាម្ចាស់មកុដ កុយអេណា លំដាប់រងទី១ និង អ៊ិន លក្ខណា លំដាប់រងទី២ លោកស្រី អ៊ឹម សុគន្ធា អ្នកដឹកនាំក្នុងកម្មវិធីនេះ បានសរសេរនៅលើបណ្តាញសង្គមផងដែរថា អ្នកមួយចំនួនអាចនឹងមិនពេញចិត្តចំពោះលទ្ធផលនេះ តែលោកស្រីមិនខឹង និងអន់ចិត្តឬគេគិតយ៉ាងណាមកលើលោកស្រីឡើយ ។
អ្នកដឹកនាំរូបនេះបញ្ជាក់យ៉ាងច្បាស់លាស់ថាកម្មវិធីត្រូវតែសុក្រឹត ខ្វះតែបន្តិចក៏មិនបានដែរ ឱកាសមានតែ១នាទីទេ… ហើយបើចង់ឱ្យ idolរបស់អ្នកទទួលបានមកុដនៅឆ្នាំណាមួយត្រូវតែចេះលើកទឹកចិត្ត កុំបង្កបញ្ហា…ពីព្រោះកម្មវិធីនេះរៀបចាំអស់ថវិកាច្រើនណាស់ យកបេះដូងនិងក្ដីស្រលាញ់មកធ្វើជូនដល់ជាតិ៕
		
	









