ក្នុងវគ្គការបង្ហាញឈុតតំណាងជាតិកម្មវិធី Miss Grand Cambodia 2023 ពេជ្រ វត្តីសារ៉ាឌ្ឍី ម្ចាស់មកុដឆ្នាំមុនបានធ្វើឱ្យមហាជនអ្នកស្នេហាវិស័យនេះមានការចាប់អារម្មណ៍យ៉ាងខ្លាំងពេលនាងបង្ហាញខ្លួនក្នុងឈុត «មេអំបៅ» យ៉ាងស្រស់ស្អាតប្លែកតែម្តង។ ជាពិសេសមិនត្រឹមតែមានភាពទាក់ទាញប៉ុណ្ណោះទេតែឈុតដែល វត្តី គ្រងមានអត្ថន័យមិនធម្មតាដូចគ្នា។
នៅយប់ថ្ងៃទី១៦ សីហា ២០២៣ កម្មវិធី Miss Grand Cambodia 2023 បានឈានមកដល់វគ្គការបង្ហាញឈុតតំណាងជាតិហើយដោយបេក្ខនារីតំណាងឱ្យ២៥រាជធានីខេត្តសុទ្ធតែមានភាពទាក់ទាញម្យ៉ាងម្នាក់។ ក្នុងកម្មវិធីនេះដែរម្ចាស់មកុដឆ្នាំ២០២២ ពេជ្រ វត្តី ធ្វើឱ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំងនៅពេលនាងបង្ហាញខ្លួនក្នុងឈុតមេអំបៅក្នុងលំនាំគ្រឿងខ្មែរលាយជាមួយឈុតសហសម័យ។មិនត្រឹមតែមានភាពស្រស់ស្អាតទាក់ទាញនោះទេឈុតនេះបានបង្កប់អត្ថន័យពីខ្សែជីវិតជាបវរកញ្ញារបស់នាងផងដែរ។
តាមការរៀបរាប់របស់ពិធីករបានឱ្យដឹងថា «ត្រលប់ក្រោយនៅពេលកញ្ញាឈានជើងចូលប្រកួតប្រៀបដូចទៅនឹងកូនដង្កូវតូចមួយដែលមិនទាន់មានអ្នកចាប់អារម្មណ៍ ប៉ុន្តែបន្ទាប់ពីការប្រកួត Miss Grand ទទួលបានភាពជោគជ័យនាំឈ្មោះជាតិទៅលើឆាកអន្តរជាតិពេលនោះហើយដែលកូនដង្កូវមួយនេះដុះស្លាបក្លាយជាមេអំបៅដ៏ស្រស់ស្អាតអាចហោះហើរបាននៅលើឆាកដ៏អស្ចារ្យនេះ»។
បន្ទាប់ពី ពេជ្រ វត្តីសារ៉ាវឌ្ឍី បង្ហាញឈុត មេអំបៅ រួចហើយមហាជនបានពោលសរសើរយ៉ាងខ្លាំងទៅលើនាង ជាមួយសម្រស់ដ៏ស្រស់ស្អាត និងឈុតដ៏លេចធ្លោនេះផងដែររហូតពួកគេលាន់មាត់ថា ប្រសិនជាការប្រកួតឈុតតំណាងជាតិដែល ពេជ្រ វត្តី តំណាងឱ្យកម្ពុជា ប្រកួតកាលពីឆ្នាំ២០២២ បានតែប៉ុណ្ណឹងមិនដឹងជាល្អយ៉ាងណានោះទេ៕
		
	









